ភ្នំពេញ ៖ ក្រសួងសុខាភិបាល គ្រោងនឹងដាក់ពង្រាយគ្រូពេទ្យ និងរថយន្តសង្គ្រោះជិត៤០គ្រឿងដើម្បីត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរំពឹងថា នឹងមានរាប់លាននាក់មកកម្សាន្តនៅក្នុងពិធីបុណ្យអុំទូក ដែលនឹងឈានចូលមកដល់នៅដើមសប្ដាហ៍ក្រោយនេះ។
យោងតាមសេចក្ដីជួនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាថ្ងៃទី២១ ដល់ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះក្រសួងបានត្រៀមក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះចល័តតាមគោលដៅចំនួន៣៨គ្រឿង និងមានបោះតង់ពិនិត្យសុខភាពសេវា២៤ម៉ោងចំនួន១២កន្លែងផ្សេងៗគ្នា ផងដែរ។
លើសពីនេះ ក្រសួងសុខាភិបាល ក៏បានត្រៀមឲ្យមានក្រុមគ្រូពេទ្យចល័ត ក្នុងហ្វូងប្រជាពលរដ្ឋដោយឯកសណ្ឋានពេទ្យ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលគាត់អាចមានបញ្ហាសុខភាព ហើយមិនអាចមករកគ្រូពេទ្យ នៅតាមតង់សុខភាព ឬរថយន្តសង្គ្រោះបានផងដែរ។
ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា តង់ពិនិត្យសុខភាពចំនួន១២ នឹងយកទៅដាក់នៅតាមគោលដៅមួយចំនួនរួមមាន នៅកោះពេជ្រ នៅស្តូបកម្ពុជាវៀតណាម នៅសួនច្បារមុខនាយកដ្ឋានអង្គរក្សនៅបរិវេណសណ្ឋាគាររណសិរ្សនៅមុខគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ នៅក្បែរវេទិកាកិត្តិយសខាងត្បូងក្បែរវេទិកាកិត្តិយស ខាងជើងនៅមុខវត្តឧណ្ណាលោម នៅគល់ស្ពានបេឡេត្រើយខាងកើត នៅខាងត្បូងគល់ស្ពានបេឡេ ត្រើយខាងកើត និងនៅខាងជើងស្ពានជ្រោយចង្វា។
ចំណែករថយន្តចំនួន៣៨គ្រឿងវិញ នឹងដាក់ពង្រាយនៅតាមទីតាំងមួយចំនួន ដើម្បីត្រៀមជួយសង្គ្រោះពេលពលរដ្ឋមានបញ្ហាសុខភាពស្រាលៗរួមមាន ១១គ្រឿង ប្រចាំការ២៤ម៉ោង នៅតាមស្តង់ទាំង១២។
ចំណែក១៤គ្រឿង ប្រចាំការតាមផ្លូវកន្លែងតាមសាធារណៈ តាមដងទន្លេទាំងសងខាង និងតាមទីកន្លែងផ្សេងៗពីគ្នា និង១៣គ្រឿងទៀតប្រចាំការ នៅតាមកន្លែងស្នាក់នៅរបស់ក្រុមកីឡាទូកចំនួន១០ខេត្ត។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល ក៏បានត្រៀមរថយន្តសង្គ្រោះចំនួន២៤គ្រឿង ប្រចាំការនៅទីស្ដីការក្រសួងដើម្បីប្រើប្រាស់ក្នុងករណីចាំបាត់បំផុត។
ក្នុងករណីធ្ងន់ធ្ងរក្រសួងបានត្រៀមមន្ទីរពេទ្យចំនួន៤ រង់ចាំសង្គ្រោះ២៤ម៉ោង លើ២៤ម៉ោង ដល់ពលរដ្ឋដូចជា មន្ទីរពេទ្យកាល់ម៉ែត ព្រះកុសុមៈ អង្គឌួង និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដោយការពិនិត្យព្យាបាលទាំងនៅតាមស្តង់ និងតាមមន្ទីរពេទ្យ គឺមិនគិតថ្លៃឡើយ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំដល់ប្រជាពលរដ្ឋដែលមកកម្សាន្តនៅក្នុងពិធីបុណ្យអុំទូកខាងមុខនេះ សូមកុំច្រាន ឬប្រជ្រៀតគ្នា ដើម្បីទប់ស្កាត់នូវការដួលសន្លប់ដែលអាចកើតមានជាយថាហេតុក្នុងករណីបងប្អូនមានអាការៈវិលមុខ ឬស្រវាំងភ្នែក សូមអង្គុយ និងហៅរកអ្នកជួយសង្គ្រោះ ឬអាចធ្វើការទំនាក់ទំនងទៅកាន់លេខ១១៩ សម្រាប់សេវារថយន្តសង្គ្រោះបន្ទាន់។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានណែនាំឲ្យមានការប្រុងប្រយ័ត្នចំពោះចំណីអាហារ ត្រូវអនុវត្តវិធានការអនាម័យ ដើម្បីជៀសវាងការពុលអាហារ ឬរាករូសជាដើម និងត្រូវពិសាទឹកស្អាត ឬទឹកដាំពុះ។
សូមរំលឹកថា នៅក្នុងពិធីបុណ្យអុំទូកម្តងៗ ជាទូទៅប្រជាពលរដ្ឋភាគច្រើន មានបញ្ហាសុខភាពដូចជាឈឺក្បាលវិលមុខ ឈឺពោះ ក្អួត ចង្អោរ រាករូស សន្លប់ដែលបណ្ដាលមកពីមនុស្សកកកុញច្រើន និងការបរិភោគចំណីអាហារ ដែលមិនមានអនាម័យ៕