ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេង​សាក់​ពេញ​ខ្លួន​៣​នាក់​ ជំនាញ​ខាង​ឆក់​ជនបរទេស​នៅ​សៀមរាប​ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្ម​ទណ្ឌ​តាម​ចាប់​បាន​នៅ​ភ្នំស្រុក​​

បន្ទាយមានជ័យ ៖ ក្មេង​សាក់​ពេញ​ខ្លួន​មាន​ចំនួន​៣​នាក់ ជំនាញ​ខាង​ឆក់​ជនបរទេស​នៅ​សៀមរាប​ហើយ​បាន​គេច​ខ្លួន​មក​រស់នៅ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី សិទ្ធិ ឡោះ ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ដឹកនាំ​នគរបាល​១​ក្រុម ​តាម​ចាប់បាន​នៅ​ភ្នំស្រុក ​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

លោក សិទ្ធិ ឡោះ​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា​ ចោរឆក់​ទាំង​៣​នាក់​នេះ​ ជំនាញ​ខាង​ឆក់​អីវ៉ាន់​ជនបរទេស​នៅ​ខេត្ត​សៀមរាប​ តាម​ចាប់​មិនបាន​ ហើយ​បាន​គេច​ខ្លួន​មក​សំងំ​រស់នៅ​ស្រុក​ភ្នំស្រុក​ នគរបាល​ខេត្ត​សៀមរាប​ បាន​រាយការណ៍​មក​ឲ្យ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​តាម​ចាប់​ហើយ​ប្រាប់​អំពី​ភិនភាគ ​ទើប​ឲ្យ​កម្លាំង​អធិការ​នគរបាល​ស្រុក​ភ្នំស្រុក​ ​​ឃាត់ខ្លួន​បាន​តែម្ដង​។

​លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​ទាំង​៣​នាក់ ​១-ឈ្មោះ ពៅ អី​ឆាយ ​ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ រស់នៅ​ខេត្ត​ប៉ៃលិន។ ២​-ឈ្មោះ សាត ឈី​ឡាង ​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ខេត្ត​ព្រះវិហារ ពី​ដើម​រស់នៅ​ភូមិ​អូរអំបិល សង្កាត់​អូរអំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ សព្វ​ថ្ងៃ​​រស់នៅ​ខេត្ត​ព្រះវិហារ។ ៣​-ឈ្មោះ​ លាង ហាក់ ហៅ ញ៉ ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ​ រស់នៅ​ខេត្ត​សៀម​រាប ពី​ដើម​រស់នៅ​អូរអំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ជន​ទាំង​៣​នាក់​នេះ​ ពាក់ព័ន្ធ​នឹង​ករណី​ឆក់ ប្រព្រឹត្ត​នៅ​សៀមរាប កាលពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៨​។

​លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយពី​នគរបាល​ជំនាញ​សួរ​នាំ​ហើយ​ បាន​រៀបចំ​ឯកសារ​ប្រគល់​ទៅ​ឲ្យ​នគរបាល​ខេត្ត​សៀមរាប ដើម្បី​ចាត់ការ​បន្ត៕