ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះរាជអាជ្ញា​ សម្រេច​ចោទប្រកាន់​ឃាតក​ដែល​សម្លាប់​មេ​សន្តិសុខ​ ពីបទ​ឃាតកម្ម​គិតទុក​ជាមុន​

ភ្នំពេញ​ ៖​ លោក​ស្រី កែវ សុគន្ធា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា ឆ្មាំ​២០១៨ បាន​សម្រេច​ចោទ​ប្រកាន់​ជន​ដៃដល់​ជា​ឃាតក​សម្លាប់​មនុស្ស​ម្នាក់ ​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២០០​ នៃ​ក្រម​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ករណី​ជន​ជាប់​ចោទ​បាន​ល្បួង​ដៃគូ​រក​ស៊ី​កួកជេ​លក់​ដី​ទៅ​ចាក់​សម្លាប់​កាលពី​ពេល​ថ្មីៗ​នេះ។ មាត្រា​២០០​ នៃ​ក្រម​ព្រហ្មទណ្ឌ​បាន​កំណត់​ឲ្យ​ផ្ដន្ទាទោស​ជនដៃដល់​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។

នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​បញ្ជូន​ខ្លួន​បុរស​ជា​ ឃាតក​ ចាក់​សម្លាប់​ប្រជា​ការពារ​ភូមិ​តា​ឡី ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ដែល​សំណុំរឿង​នេះ​មាន​ លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ជា​អ្នកចាត់ការ។

ក្នុងនោះ​ ក្រោយ​ការសាកសួរ​ជនដៃដល់ ផ្អែកលើ​ចម្លើយ​សារភាព និង​របាយការណ៍​ស៊ើបអង្កេត​បឋម​របស់​នគរបាល​យុត្តិធម៌ តំណាង​អយ្យការ​បានសម្រេច​ចោទប្រកាន់​ជនដៃដល់​ ពីបទ​ឃាតកម្ម​គិតទុក​ជាមុន​ តាម​មាត្រា​២០០​ នៃ​ក្រម​ព្រហ្មទណ្ឌ។​

មន្ត្រី​តុលាការ​បាន​ប្រាប់​ឲ្យ​ដឹងថា ជនដៃដល់​ដែល​ជា​ឃាតក​មានឈ្មោះ ថាច់ សួរ ហៅ​សួរ​ធំ ភេទ​ប្រុស អាយុ៤៦​ឆ្នាំ​ មុខរបរ កួកជេ​ដី ស្នាក់នៅ​ភូមិ​ខ្វារ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

ចំណែក​សព​បុរស​រងគ្រោះ ​ឈ្មោះ កេ​ត ស៊ីថា អាយុ​៥២​ឆ្នាំ​ មុខរបរ​ប្រជា​ការពារ​ភូមិ​តា​ឡី ស្នាក់នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ​ខណ្ឌដង្កោ។​

តាម​ចម្លើយសារភាព​របស់​ជ​ន​ដៃដល់​បាន​បញ្ជាក់ថា ​មូលហេតុ​ដែល​គេ​សម្លាប់​ជនរងគ្រោះ​ ដោយ​សារ​តែ​មាន​គំនុំ​ក្នុង​មុខរបរ​កួកជេ​ដី​ជាមួយគ្នា។​

កាលពី​វេលា​ម៉ោង​១១និង​០០​នាទី​យប់ ថ្ងៃទី​១៣ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ មាន​ប្រជា​ការពារ​ភូមិ​តា​ឡី​ម្នាក់​ត្រូវ​ឃាតក​សម្លាប់ នៅ​ចំណុច​ភូមិ​ជើងឯក​ សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។​

លុះដល់​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ ឃាតក​ដែល​បាន​ចាក់​សម្លាប់​ប្រជា​ការពារ​ភូមិ​តា​ឡី​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ដង្កោ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការ​នគរបាល​ខណ្ឌ​ដង្កោ ដោយមាន​ការ​សហការ​ សមត្ថកិច្ច​ការិយាល័យ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​ស្រាវជ្រាវ​ចាប់​ខ្លួន​បាន នៅ​ចំណុច​ផ្លូវ​២៧១ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ។​

សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​កើតហេតុ​ ជនរងគ្រោះ​បាន​ជួយ​សម្រួល​ក្នុង​រឿង​ជម្លោះ​វាយ​គ្នា​បែក​ក្បាល​ ដែល​មាន​មិត្តភ័ក្ដិ​ម្នាក់ទៀត​​បាន​វាយ​ជន​ដៃ​ដល់​បែក​ក្បាល​ ហើយ​ជនរងគ្រោះ​ដែល​ស្លាប់​ខាង​លើនេះ​បាន​ជួល​សម្របសម្រួល ឲ្យ​ខាង​អ្នក​វាយ​ជនដៃដល់​បែកក្បាល​ដែល​ជា​អ្នក​ចាក់​សម្លាប់​(​បុរស​ប្រជា​ការពារ​) ចំនួន​៧០០​ដុល្លារ ដើម្បី​បញ្ចប់​រឿង។​

ក្រោយពី​ទទួលបាន​លុយ​រួច​ ជនរងគ្រោះ​ និង​ជន​ដៃដល់ ​រួម​នឹង​មិត្តភ័ក្ដិ​៣​នាក់​ផ្សេងទៀត ​បាននាំគ្នា​ទៅ​ផឹកស៊ី​នៅ​ហាង អា​ម៉ា​ហ្សូ​ន រួច​ហើយក៏​បបួលគ្នា​មក​ផឹក​បន្ត​នៅផ្ទះ​ប្រពន្ធចុង​ជនរងគ្រោះ​ថែម​ទៀត​ លុះ​ជិះ​ម៉ូតូ​ដល់​ពាក់​កណ្តាលផ្លូវ​ នៅ​ផ្លូវលំ​សង្កាត់​ជើងឯក ​ជនដៃដល់​បាន​ឈប់​ម៉ូតូ​ រួច​ចុះ​ពី​លើ​ម៉ូតូ​កាន់​កាំបិត​ស្ទុះ​ទៅ​ចាក់​ជនរងគ្រោះ​ចំនួន​៣​កាំបិត ​រួច​ក៏​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​ទៅ។​

ចំពោះ​មូលហេតុ​ដែល​ឈានដល់​ការចាក់សម្លាប់​ជនរងគ្រោះ ​គឺ​ផ្តើមចេញពី​ទំនាស់​ទិញ​លក់​ដី ហើយ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ស្ទុះ​ទៅ​វាយ​ជនសង្ស័យ ទើប​ធ្វើឲ្យ​ជនសង្ស័យ​ការពារ​ខ្លួន​ទាញ​កូនកាំបិត​ចាក់​ទៅ​លើ​ជនរងគ្រោះ​តែម្ដង​ទៅ៕