ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ ច្រឹង ពលរដ្ឋ ត្រៀម​ចេញចូល​រួម​ជា​មួយ​ក្លិប ​Buriram United ​ នៅ​ខែក្រោយ​

​ប្រដាល់ ៖ កីឡាករ​ ច្រឹង​ ពលរដ្ឋ​ ខ្សែបម្រើ​កណ្ដាល​ប្រចាំ​ក្រុម​ក្រសួងការពារជាតិ​ ដែលជា​ម្ចាស់​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៧ ត្រូវ​បាន​ក្លិប​ធំជាងគេ​នៅ​ប្រទេស​ថៃ​គឺ​ BuriramUnited ​ប្រកាស​ចុះកិច្ចសន្យា​នាំយកទៅ​ចូលរួម​ក្រុម​កាលពីដើម​សីហា​ ​ឆ្នាំ​២០១៨​ថ្មីៗ​នេះ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​២​ឆ្នាំ​។​

​ក្លិប​ Buriram United ​បានប្រកាសថា​ការចុះកិច្ចសន្យា​ជាមួយ​ច្រឹង​ ​ពលរដ្ឋ​ ​គឺ​ដើម្បី​បំពេញ​កៅអី​កូតា​អាស៊ាន​នៅក្នុង​លី​គ​កំពូល​ប្រទេស​ខ្លួន​ ​ពោលគឺ​ក្លិប​នីមួយៗ​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៥​នាក់​ដោយ​ក្នុងនោះ​មាន​កីឡាករ​តំបន់​អាស៊ាន​១​នាក់​ ​តំបន់​អាស៊ី​១​នាក់​និង​៣​នាក់​ផ្សេងទៀត​មិន​កំណត់​ជាតិ​សាសន៍​។ ​កីឡាករ​កម្ពុជា ទី​៣ ​ដែល​ទៅលេង​នៅ​លី​គ​កំពូល​ថៃ​ ​រូបនេះ​ទទួលបាន​ប្រាក់កម្រៃ​ប្រមាណ​ជាង​៥​ពាន់​ដុល្លារ​ ក្នុង​មួយខែ បូក​ទាំង​រថយន្ត​មួយ​គ្រឿង និង​ខុន​ដូ​១​ទៀត​ សម្រាប់​រស់នៅ​ប្រកប​អាជីព​ទៅ​នោះ​។​

កីឡាករ​ខ្សែបម្រើ​កណ្ដាល​រូបនេះ​បាន​រងរបួស​យារ​សរសៃ​ជង្គង់​ខាង​ស្តាំ​ ​នៅក្នុង​ប្រកួត​សប្ដាហ៍​ទី​១៧​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ ​រដូវ​កាល​ឆ្នាំ​២០១៧ ក្នុង​ជំនួប​យកឈ្នះ​២​ ទល់​១ ​លើ​ក្លិប​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​។​ របួស​របស់​កីឡាករ​រូប​នេះ​បាន​វះកាត់​ព្យាបាល​រួចរាល់​ហើយ ខណៈ​រូបគេ​អាច​នឹង​ជា​ទាន់​ពេល​វេលា​មុន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ នៅ​ប្រទេស​ថៃ​ចាប់ផ្ដើម​។​

​នៅក្នុង​កិច្ច​សម្ភាសន៍​លើ​ You​tube  ​របស់​ក្លិប​កំពូល​តារាង​លី​គ​កំពូល​ថៃ មួយ​នេះ​កីឡាករ ច្រឹង​ ​ពលរដ្ឋ រំពឹងថា​បទពិសោធន៍​នៅក្រៅ​ប្រទេស​របស់ខ្លួន​នឹង​ពង្រឹង​សមត្ថភាព​របស់​គេឲ្យ​កាន់តែខ្លាំង​ឡើង​ថែមទៀត​ ក្រោយ​សម្រាក​មួយរយៈ​ពេល​ធំ​។

កីឡាករ​រូបនេះ​បានឲ្យ​ដឹងថា ​រូបគេ​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ក្លិប​ Buriram United  ​នៅ​ខែ​ធ្នូ ខាងមុខ​ ដើម្បី​ហ្វឹកហាត់​ជា​ផ្លូវការ​ខណៈ​ជា​បណ្ដោះអាសន្ន​រូបគេ​កំពុង​ហ្វឹកហាត់​ជាមួយ​ក្លិប​ចាស់​ក្រសួង​ការពារ​ជាតិ​សិន​។​

​សូម​បញ្ជាក់​ថា ច្រឹង ពលរដ្ឋ ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ថា ​ក្លិប​បាល់ទាត់​ Chonburi FC ​ដែល​ជា​សមាជិក ​នៃ​លី​គ​កំពូល​ប្រទេស​ថៃ តាម​ប្រមាញ់​យកទៅ​ចូលរួម​ក្រុម ក្រោយ​ចប់​ស៊ី​ហ្គេម​ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី តែ​ក្រោយមក​ព័ត៌មាន​នេះ​ក៏​ស្ងប់​ទៅវិញ​។ មុន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៧ ចាប់ផ្ដើម​ក៏មាន​ដំណឹង​មកពី​ប្រទេស​សិង្ហ​បុរី មាន​ក្លិប​តាម​ចាប់អារម្មណ៍​កីឡាករ​រូបនេះ​ដែរ តែ​ក៏​ស្ងប់ស្ងាត់​ជា​បន្ត​ទៀត​។ រូប​ក៏​បរាជ័យ​ក្នុង​ការផ្ទេរ​ទៅកាន់​ក្លិប​ចំណូល​ថ្មី​វិសាខា​ផង​ដែរ និង​ចុងក្រោយ​លេចឮ​ថា​មាន​ក្លិប​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​មក​ទាក់ទង​ដែរ​តែ​មិន​មាន​ដំណឹង​បន្ថែម​។​

​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​ ធ្លាប់ជា​សមាជិក​ក្នុង​ក្រុមយុវជន​ថ្នាល​ប្រចាំ​ក្លិប​ព្រះខ័ន​រាជ​ (​ព្រះខ័ន​រាជ​ស្វាយរៀង បច្ចុប្បន្ន​) ​ហើយ​រូបគេ​ត្រូវបាន​ លោក សំ វ៉ាន់​ដេ​ត ដាក់ឈ្មោះ​ក្នុង​ក្រុម​ឈុត​ធំ​ចាប់ពី​ឆ្នាំ​២០១០ ដល់​២០១៣ ហើយ​ចន្លោះ​ពី​ឆ្នាំ​២០១៣ ដល់​២០១៥ រូបគេ​ចូលរួម​ជាមួយ​ក្រុម​ត្រាយ​អាស៊ី​ (​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ បច្ចុប្បន្ន​) ​រហូត​ចាប់ពី​ឆ្នាំ​២០១៥​ ដល់​បច្ចុប្បន្ន​រូបគេ​ចូលរួម​ជាមួយ​ក្រុម​ក្រសួង​ការពារជាតិ​។ កីឡាករ​រូបនេះ​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា តាំងពី​ U16,U19,U22  ​និង​ជម្រើស​ជាតិ​ផងដែរ​៕