ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ​ សម្ដេច​តេ​ជោ ​ហ៊ុន សែន​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​កុមារ​ពិការ​ភ្នែក​កុមារ​ គ​ថ្លង់ ​នៅ​អង្គការ​គ្រួសារ​ថ្មី​

ភ្នំពេញ ​៖​ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៨​វិច្ឆិកា​នេះ ​បាន​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​សំណេះសំណាល​ជាមួយ​កុមារ​ពិការ​ភ្នែក​កុមារ​គរ​ថ្លង់​ នៅ​អង្គការ​គ្រួសារ​ថ្មី​ ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

ជា​ទម្លាប់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តែ​ចុះ​ជួប​កុមារ​ពិការ និង គ ថ្លង់​ នៅ​អង្គការ​គ្រួសារ​ថ្មី​ក្នុង​១​ឆ្នាំ​ ចំនួន​២​លើក ​ដើម្បី​សំណេះសំណាល​ផង ​និង​ផ្ដល់​អាហារ​ដល់​កុមា​រ ​គថ្លង់​។ ក៏ប៉ុន្តែ​ បើទោះបី​សម្ដេច ​មានការ​អាក់ខាន​មិនបាន​ចូលរួម​ ក៏​សម្ដេច​តែង​ចាត់តាំង​តំណាង​ទៅ​ជំនួស​ផងដែរ​។​

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ចូលរួម​ជួយ​អង្គការ​គ្រួសារ​ថ្មី​តាំងពី​ឆ្នាំ ១៩៩៥ មក​ម្ល៉េះ​។ ក្រៅពី​ការ​ជួបជុំ​២​លើក ​ក្នុង​មួយ​ឆ្នាំ​ សម្ដេច ​និង​ក្រុមគ្រួសារ​ នៅ​បាន​ជួយឧបត្ថម្ភ​ប្រចាំខែ​នូវ​អង្ករ​ និង​ថវិកា​ដើម្បី​រួម​ចំណែក​ដល់​ដំណើរការ​មណ្ឌល​ទាំងអស់នេះ។

សម្ដេច ​បាន​ហៅ​ការជួប​ជាមួយ​កុមារ​ពិការ និង គរ​ថ្លង់​នេះ បាន​ធ្វើ​ឲ្យ​សម្ដេច​មាន​អារម្មណ៍​រីករាយ​ផង និង អាណិតអាសូរ​ផង​ ហើយក៏​បានផ្តល់​ឱកាស​ឲ្យ​សម្ដេច​បាន​ពិចារណា​រិះរក​វិធី​ជួយ​ដល់​ជន​ពិការ​ផង​ដែរ​។​

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ក្នុងនាម​ជា​ជនពិការ​ ដើម្បី​បុព្វហេតុ​ប្រទេសជាតិ​មួយ​រូប​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​សប្បុរសជន​ដែល​បាន​ជួយ​គាំទ្រ​ដល់​សាលា​កុមារ​ពិការ​ភ្នែក និង​កុមារ​គ​ថ្លង់​ភ្នំពេញ​ថ្មី សាលា​កុមា​រ គ​ថ្លង់​ច្បារអំពៅ និង បុរី​កុមារ​កំព្រា ASPECA និង សាលារៀន​កុមារ​ពិការ​នានា​នៅ​ទូទាំង​កម្ពុជា ​ក៏ដូចជា​ចំពោះ​សកម្មភាព​របស់​គណៈ​គ្រប់គ្រង និង លោកគ្រូ​អ្នកគ្រូ​ទាំងអស់ ដែល​ធ្វើ​ឲ្យ​ស្ថានភាព​របស់​កុមារ​ពិការភ្នែក ​និង​ គ​ថ្លង់ ​មាន​ភាព​កក់ក្តៅ ​ដោយសារ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ថ្នាក់ដឹកនាំ​គ្រប់គ្រង​ទាំង​ខ្មែរ​ និង​បរទេស​។

​អង្គការ​គ្រួសារ​ថ្មី​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩១ មាន លោក ប៊ិន​ន័​រ ឌុយ​សា​តូ អា​ម៉ាំង​ហ្សុ​ង (Benoît Duchâteau-Arminjon) ជា​ប្រធាន​ស្ថាបនិក។

បច្ចុប្បន្ន​អង្គការ​នេះ​ មាន​សាលា​ពិសេស​ចំនួន​៥​កន្លែង​ កំពុង​ដំណើរការ​រួមមាន សាលា​កុមារ​ពិការ​ភ្នែក ​និង​កុមារ គ​-​ថ្លង់​ភ្នំពេញ​ថ្មី សាលា​កុមា​រ​គ​ថ្លង់​ច្បារអំពៅ​, សាលា​កុមារ​ពិការ​ភ្នែក ​និង​កុមា​រ​គ​-​ថ្លង់​បាត់ដំបង​, សាលា​កុមារ​ពិការភ្នែក ​និង​កុមា​រគ​-​ថ្លង់​សៀមរាប និង​សាលា​កុមារ​ពិការ​ភ្នែក និង​កុមារ​គ​-​ថ្លង់​កំពង់ចាម ហើយ​សាលា​ទាំង​៥ មាន​គ្រូបង្រៀន​សម្រាប់​សិស្ស​ពិការ​ភ្នែក​គ្រូបង្រៀន សម្រាប់​សិស្ស​គ​-​ថ្លង់ និង​បុគ្គលិក​ផ្សេងៗ​សរុប​ជាង​៣០០​នាក់​។​

ពេល​មណ្ឌល​កុមារ​កំព្រា​នេះ​ផ្លាស់​មក​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៩៣ ក្មេង​ប្រុស​រូបនោះ​ចង់​ដឹងថា​ហេតុអ្វី​បានជា​ខ្លួន​មិន​អាច​ទៅ​សាលារៀន​បាន​។

លោក ឌូ​សា​តូ អា​ម៉​ង់​ហ្សុ​ង បាន​ពន្យល់​ប្រាប់​ថា ​ក្នុង​ប្រទេស​កម្ពុជា​គ្មាន​សាលារៀន​សម្រាប់​កុមារ​ពិការ​ភ្នែក​ទេ ប៉ុន្តែ​ទីបំផុត​លោក​បាន​សន្យា​កែប្រែ​ស្ថានភាព​នោះ​។​

អង្គការ​គ្រួសារ​ថ្មី​របស់​បុរស​ជនជាតិ​បារាំង​រូបនេះ មិន​ត្រឹមតែ​បន្ត​បើក​សាលារៀន​ឯកទេស​សម្រាប់​សិស្ស​ពិការ​ភ្នែក​ និង​គ​ថ្លង់​ទេ ប៉ុន្តែ​ថែមទាំង​បាន​បង្កើត​ប្រព័ន្ធ​សរសេរ​អក្សរ​ស្ទាប​ខ្មែរ​ដំបូងបង្អស់​និង​អភិវឌ្ឍ ភាសា​សញ្ញា​ខ្មែរ​ឲ្យ​មាន​ភាពទូលំទូលាយ​ទៀតផង​។​
​ ​
បច្ចុប្បន្ន​អង្គការ​គ្រួសារ​ថ្មី​បាន​ប្រគល់​សាលារៀន​ទាំង​ប្រាំ​របស់​ខ្លួន​បូករួម​ជាមួយ​ឧបករណ៍​ និង​ជំនាញ​ដែល​បុគ្គលិក​របស់​ខ្លួន​បាន​អភិវឌ្ឍន៍​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​ឲ្យ​ទៅ​រាជរដ្ឋា​ភិ​បាល​កម្ពុជា​។​

ចំនួន​កុមារ​ពិការ​ភ្នែក ឬ​គ​ថ្លង់​ក្នុង​ប្រទេស​កម្ពុជា​គ្មាន​តួលេខ​ដែល​អាច​ជឿ​ទុកចិត្តបាន​នោះទេ។ ធនាគារ​ពិភពលោក​ និង​អង្គការ​សុខភាព​ពិភពលោក (WHO) ប៉ាន់ប្រមាណ​ថា​ ១៥​ភាគ​ នៃ​ប្រជាជន​កម្ពុជា​សរុប​មាន​ទម្រង់​ពិការភាព​រាងកាយ​មួយ​ចំនួន​ដោយ​ប្រមាណ​៣២០.០០០​នាក់ ​មាន​ពិការភាព​ធ្ងន់ធ្ងរ​ដូចជា ពិការ​ភ្នែក ឬ​គ​ថ្លង់​ជាដើម​។​
​ ​
យោងតាម​ទិន្នន័យ​របស់​គ្រួសារ​ថ្មី​សម្រាប់​ឆ្នាំ​២០១៥ បង្ហាញ​ថា​ បុគ្គលិក​ចំនួន​២៥០​នាក់​របស់ខ្លួន​បាន​មើលថែទាំ​កុមារ​ចំនួន​២.៦០០​នាក់​ តាមរយៈ​កម្មវិធី​ផ្សេងៗ​របស់ខ្លួន​នៅ​តាម​ទីក្រុង និង ខេត្ត​ចំនួន​១៤​។ (​អង្គការ​នេះ​ នឹង​បន្ត​ដំណើរការ​កម្មវិធី​គាំពារ​កុមារ​តទៅទៀត ហើយ​មាន​គម្រោង​អភិរក្ស និង​អភិវឌ្ឍ​សិល្បៈ​បុរាណ​)៕