ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកយកព័ត៌មាន​របស់​ CNN ត្រឡប់​ទៅ​សេត​វិមាន​វិញ​ក្រោយ​ទទួលបាន​សិទ្ធិ​ជាថ្មី

កាលពី​ថ្ងៃ​សុក្រ សេត​វិមាន​បាន​យល់ព្រម​អនុញ្ញាត​ឲ្យ​អ្នកយកព័ត៌មាន CNN លោក Jim Acosta ត្រឡប់​ចូល​វិញ ​បន្ទាប់ពី​ចៅក្រម​បានសម្រេច​ថា​អ្នកកាសែត​រូបនេះ​ត្រូវបាន​ហាមឃាត់​មិន​ត្រឹមត្រូវ​បន្ទាប់ពី​មាន​ជម្លោះ​នៅឯ​សន្និសីទកាសែត​មួយ​ជាមួយ​លោក​ប្រធានាធិបតី​Donald Trump​។​

អ្នកនាំពាក្យ​របស់លោក Trump គឺ​លោកស្រី Sarah Sanders បាន​និយាយ​ក្នុងការ​ឆ្លើយតប​ទៅនឹង​តុលាការ​ថា យើង​នឹង​ផ្តល់​សិទ្ធិ​យក​ព័ត៌មាន​ជា​បណ្តោះអាសន្ន​ដល់​អ្នកកា​សែត​រូបនេះ​វិញ​។​

ប៉ុន្តែ​លោកស្រី​នៅតែ​រក្សា​គោលជំហរ​អំពី​លទ្ធភាព​នៃ​ការដក​លោក Acosta ចេញ​នៅពេល​ក្រោយ​ហើយ​បាន​និយាយថា ច្បាប់​ថ្មី​នឹងត្រូវ​បានដាក់​ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្និសីទកាសែត​ដោយ​យុត្តិធម៌​និង​មាន​សណ្តាប់ធ្នាប់​។​

លោក Trump បាន​និយាយថា “​ច្បាប់​និង​បទបញ្ជា​” កំពុង​ព្រាង​ឡើង​ដើម្បី​គ្រប់គ្រង​ការប្រមូលផ្តុំ​ដូចនេះ​ដែល​ប្រធានាធិបតី​ឬ​អ្នកតំណាង​របស់គាត់​ជា​ញឹកញាប់​បាន​ចោទប្រកាន់​អ្នកសារព័ត៌មាន​ជាពិសេស​លោក Acosta អំពី​ការ​បង្ករឿង​។​

លោក Trump បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​យើង​ចង់បាន​សុជីវធម៌​។ បើ​គាត់​នៅតែ​បំពាន យើង​នឹង​ដេញ​គាត់​ចេញ​”​។​

ជាការ​ពិត លោក Trump តែងតែ​និយាយ​ខ្លាំងៗ​ចំពោះ​អ្នកសារព័ត៌មាន ជា​ឧទាហរណ៍​កាលពី​សប្តាហ៍​មុន គាត់​បាន​ប្រាប់​ជាច្រើន​ដង​ដល់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់ CNN ម្នាក់​ទៀតថា សំណួរ​របស់​នាង​គឺ “​ឆោតល្ងង់​”​។​

គាត់​ក៏បាន​ហៅ​អ្នកកាសែត​ដែល​គាត់​មិន​ពេញចិត្ត​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាទូទៅ​ថា​ជា “​សត្រូវ​របស់​ប្រជាជន​” ផងដែរ​។​

ជា​ញឹកញាប់​លោក Acosta បាន​សួរ​សំណួរ​មិន​សមរម្យ​ដល់​សេត​វិមាន​អំពី​អាកប្បកិរិយា​របស់ខ្លួន​ចំពោះ​អ្នកកាសែត​។​

នៅ​ថ្ងៃទី​៧​ខែវិច្ឆិកា​ដែលជា​ថ្ងៃ​គាត់​ត្រូវបាន​គេ​ដកហូត​សិទ្ធិ​យក​ព័ត៌មាន​, លោក Acosta បានធ្វើ​ឲ្យ​លោក Trump ខឹងសម្បា​ដោយ​ការបដិសេធ​មិន​ប្រគល់​មីក្រូហ្វូន​នៅក្នុង​សន្និសីទកាសែត​មួយ​នៅពេលដែល​គាត់​គិតថា លោក Trump កំពុង​គេចវេស​ពី​សំណួរ​របស់គាត់​៕ AFP


TAG