ភ្នំពេញ ៖ ការលើកឡើងរបស់លោក John Sullivan អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នេះ ខណៈលោកជួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នាប្រទេសសិង្ហបុរី។
នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លោក John Sullivan អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងថា ការលើកស្ទួយទំនាក់ទំនងទ្វេភាគី គឺជាអាទិភាពមួយរបស់សហរដ្ឋអាមេរិក ហើយស្វាគមន៍ចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ផ្ដើមឡើងវិញនូវកម្មវិធីស្វែងរកអដ្ឋិធាតុទាហាន បាត់ខ្លួនអាមេរិកក្នុងសម័យសង្គ្រាមនៅកម្ពុជា ក៏ដូចជាការរីកចម្រើនជឿនលឿន លើបញ្ហាមួយចំនួនដូចជា ការដាក់លោក កឹមសុខា ឲ្យស្ថិតនៅក្នុងការឃុំឃាំង ក្រៅពន្ធនាគារជាដើម។
លោកបន្តថា អាមេរិកនៅមានការបារម្ភចំពោះបញ្ហាខ្លះទៀត ពាក់ព័ន្ធនឹងសិទ្ធិនយោបាយ សង្គមស៊ីវិល និងសារព័ត៌មាន ។
តាមលោក John Sullivan “បញ្ហាជាកង្វល់ធំបំផុតនៅពេលនេះ គឺពាក់ព័ន្ធនឹងព័ត៌មាន ដែលបានលើកឡើងថា នឹងមានមូលដ្ឋានយោធាបរទេសនៅកម្ពុជា។ បើមានរឿងបែបនេះ កើតឡើងមែននោះវានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ទំនាក់ទំនងទ្វេភាគី”។ ជាមួយគ្នានោះ លោកអនុរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា អាមេរិកបានរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាតាមរយៈ ការផ្តល់ការអនុគ្រោះពន្ធ GSP និងជួយដល់ផ្នែកសកម្មភាពមីន ដោយគាំទ្រដល់គោលដៅ ធ្វើឲ្យកម្ពុជាអស់មាននៅឆ្នាំ២០២៥ ។ លោកបន្តថា ទំនាក់ទំនងយើងមានសក្ដានុពលដ៏ធំធេងណាស់ ហើយចង់ឃើញទំនាក់ទំនងនេះ រីកស្គុះស្គាយតទៅមុខទៀត ។
ជាការឆ្លើយតបឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ឆ្លងកាត់ជំនួបជាមួយ ថ្នាក់ដឹកនាំអាមេរិកជាច្រើន មានការឯកភាពគ្នាមួយ ដែលចង់រក្សាឲ្យបាននូវ បណ្ដាញទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការ លើវិស័យនានាផ្ដល់ដោយ ផ្ដោតលើផលប្រយោជន៍រួម។ លោកបន្តថា ទំហំពាណិជ្ជកម្មបន្តរីកចម្រើន ហើយសូមអរគុណចំពោះ ការផ្តល់ភាពអនុគ្រោះថ្មីៗសម្រាប់ការនាំចេញ ទៅកាន់អាមេរិកនូវសម្ភារៈ ធ្វើដំណើរដែលឆ្នាំនេះអាច នឹងហក់រហូតដល់ ៥០០លានដុល្លារអាមេរិក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ចាប់ផ្ដើមកម្មវិធីស្វែងរកអដ្ឋិធាតុទាហានបាត់ខ្លួនអាមេរិក ក្នុងសង្គ្រាមនៅកម្ពុជា តាមសំណើរបស់សមាជិកព្រឹទ្ធសភាអាមេរិកគឺលោកនឹងសំណើ របស់ភាគីពាក់ព័ន្ធផ្សេងទៀត។ បើទោះបីជាអាមេរិកមិនទាន់លើកលែងការរឹតត្បិតផ្នែកទិដ្ឋាការ លើមន្ត្រីខ្លះក៏ដោយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សង្កត់ធ្ងន់ថា “ចំពោះបញ្ហាទាក់ទង និងព័ត៌មានស្ដីពីការរៀបចំមូលដ្ឋានកងទ័ពជើងទឹក នៅតំបន់ឆ្នេរសមុទ្រកម្ពុជានោះ គឺជាពាក្យចចាមអារ៉ាម ដែលកើតចេញពីការកើនឡើងនៃ ទំហំវិនិយោគរបស់ចិន នៅតំបន់នោះតែប៉ុណ្ណោះ។ រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួន និងមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួន នៅបរទេសឡើយ លើកលែងតែក្នុងក្របខ័ណ្ឌ អង្គការសហប្រជាជាតិដូចការបញ្ជូនកងទ័ពយើង ទៅចូលរួមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។ រាជរដ្ឋាភិបាលកម្ពុជា នឹងមិនរំលោភរដ្ឋធម្មនុញ្ញនោះឡើយ”។
ជាមួយគ្នានោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសំដែងនូវការស្វាគមន៍ ជាមុនចំពោះលោក Patrick Murphy ជាអនាគតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ក្នុងករណីមានការគាំទ្រពីព្រឹទ្ធសភា៕