ភ្នំពេញ ៖ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧វិច្ឆិកា ឆ្នាំ២០១៨នេះ បាននឹងកំពុងសាកសួរបុរស៣នាក់ ជាបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ ដែលពាក់ព័ន្ធនិងបទល្មើសកំហែងយក។
នគរបាលខណ្ឌចំការមននៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះបានបញ្ជូនខ្លួនក្រុមជនសង្ស័យចំនួន ៣ នាក់ដែលជាបុគ្គលិករបស់ក្រុមហ៊ុន អចលនទ្រព្យមួយ មានឈ្មោះ Business Channel Cambodia ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការសាកសួរ ។
ការបញ្ជូនខ្លួនក្រុមជនត្រូវចោទទាំង៣នាក់នេះ ធ្វើឡើងបន្ទាប់ពីកម្លាំងមានសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រោយ ពីពួកគេបាននាំគ្នាចូលទៅក្នុងផ្ទះ វីឡា មួយកន្លែងដែលមានតម្លៃ រហូតទៅដល់ចំនួនជាង១លានដុល្លារ ដើម្បីទាមទារលុយថ្លៃ កុំមីស្យុងហើយម្ចាស់ផ្ទះម្នាក់បានប្តឹងសមត្ថកិច្ច ថាពួកគេ បានចូល ផ្ទះដោយ គ្មានការអនុញ្ញាតនិង គំរាមកំហែង។
មានហេតុការណ៍បានបង្ក ការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពី វេលាម៉ោង១០ និង៣០ នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នៅចំណុច ផ្ទះវីឡាលេខ ៤៥ ផ្លូវលេខ៤៦៨ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានក្រុមបុគ្គលិក របស់ក្រុមហ៊ុនអចលនទ្រព្យ មួយមានឈ្មោះ Business Channel Cambodia ចំនួន៤នាក់បាននាំគ្នា មកកាន់ផ្ទះវីឡាមួយកន្លែងខាងលើ ដោយបុរសចំនួន៣ នាក់បានចូលទៅខាងក្នុងផ្ទះនិងម្នាក់ទៀតនៅឈរ ចាំ ខាងក្រៅរបងមុខផ្ទះ។
ពេលដែលពួកគេទាំង ៣នាក់បានចូលទៅខាងក្នុង ផ្ទះវីឡានោះក៏បាន ជួបជាមួយនឹងបុរសម្នាក់ដែលជាម្ចាស់ផ្ទះថ្មីដែលទើបនឹងទិញពីគេនិងកំពុង តែឈរមើលការខុសត្រូវកម្មករធ្វើការក្នុងផ្ទះ។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងទៀតថា ពេលនោះបុរសទាំង៣នាក់ក៏បាន ធ្វើការសួរនាំរឿងលុយកុំមីស្យុងរបស់ពួកគេជាមួយនឹង បុរសម្ចាស់ផ្ទះថ្មី ដែលទើបនឹងទិញពីគេដែលពួកគាត់បានដឹងថា ផ្ទះវីឡាមួយនេះមានតម្លៃ ជាង ១លានដុល្លារឯណោះ តែសម្រាប់លុយកុំមីស្យុងដែលពួកគេមកទារ ពី គាត់នាពេលនេះមិនទាន់ដឹងថាប៉ុន្មានទេ។
ពេលនោះ មានការជជែកគ្នា តឹងសរសៃ.ក ហើយបុរសជាម្ចាស់ផ្ទះបានប្តឹងទៅនគរបាលប៉ុស្តិ៍ប្រាប់ថា មានគេចូលផ្ទះដោយគ្មានការ អនុញ្ញាតនិង គំរាមកំហែងដល់ក្នុងផ្ទះរបស់ខ្លួន។ ក្រោយមកសមត្ថកិច្ចបានឃាត់ខ្លួនបុរស ទាំង៣ នាក់តែម្តង និងបញ្ជូនទៅកាន់នគរបាលប៉ុស្តិ៍ទួលទំពូងទី២ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នឹងត្រូវបានបន្តបញ្ជូនមកកាន់តុលាការនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ប្រគល់ជនសង្ស័យឲ្យតំណាងអយ្យការធ្វើការសាកសួរ៕