ព័ត៍មានទាន់​ហេតុការណ៏
Search

សុះ ម៉ាច ៖ ​ខ្ញុំ​ស្រឡាញ់​វិស័យ​សិល្បៈ​ចម្រៀង ​ដូច​ស្រឡាញ់​ក្រុម​គ្រួសារ​អញ្ចឹង​ គ្មាន​ថ្ងៃ​បោះបង់​ឡើយ!

ភ្នំពេញ ​៖​ មហាជន​ពិតជា​មាន​អារម្មណ៍​រំភើប​ និង​ភ្ញាក់ខ្លួន​ជាមិនខាន ​បន្ទាប់ពី​បាន​អាន​សារ​បង្កប់​អត្ថន័យ​របស់​តារា​ចម្រៀង​ និង​ជា​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ លោក សុះ ម៉ាច ដែល​បាន​រៀបរាប់​ភ្ជាប់​ជាមួយ​ជម្រៅ​ទឹកចិត្ត​របស់​ខ្លួន​ក្នុងនាម​អ្នក​សិល្បៈ​រៀមច្បង​មួយ​រូប​ដែល​ស្រឡាញ់​វិស័យ​សិល្បៈ​គ្មាន​ថ្ងៃ​បោះបង់​នោះ​ឡើយ។

តារា​ចម្រៀង​នៅតែ​រក្សា​បាន​ប្រជាប្រិយភាព​ លោក​សុះ ម៉ាច បាន​និយាយ​បន្តទៀត​ថា ​ទោះបី​ធ្លាប់​ច្រៀង​ជិត​៣០​ឆ្នាំ​ ទើបតែ​មាន​អារម្មណ៍​ថា ​ខ្លួនឯង​ទើបនឹង​ចេះ​ច្រៀង​ប៉ុន្មាន​១​ឆ្នាំនេះ​ប៉ុណ្ណោះ​ក្រោយពី​សុបិន​ឃើញ​អធិរាជ​សំឡេង​មាស​ លោក​ ស៊ីន ​ស៊ី​សាមុត ជា​លើក​ទី​៣​ បន្ទាប់ពី​បុណ្យ​សព​លោក ស៊ីន ចាន់​ឆា​យ៉ា ជា​បុត្រ​របស់​លោក​ប្រហែល​២​សប្ដាហ៍​។ ម្យ៉ាងវិញទៀត ​រៀងរាល់​ថ្ងៃសីល​ខ្ញុំ​តែងតែ​អុជ​ធូប​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​វីរសិល្បៈ​ទាំងអស់​ ជាពិសេស​លោកប៉ា​របស់ខ្ញុំ​ និង​លោក ស៊ីន​ស៊ី​សាមុត​។​

អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ លោក សុះ ម៉ាច បាន​រៀបរាប់​ទៀត​ថា​ នៅ​ក្នុង​សុបិន​នោះដែរ​ ខ្ញុំ​ក៏បាន​ទទួល​ឱវាទ​ និង​ណែនាំ​ពន្យល់​ពី​ចម្រៀង​ពី​លោក​មក​រូបខ្ញុំ​ផងដែរ​។​ តែ​ស្ដាយ​ណាស់​សព្វថ្ងៃ​ផលិតកម្ម​ និង​ស្ថានីយ​ទូរទស្សន៍​ជាច្រើន ​បិទ​កម្មវិធី​បទ​ចម្រៀង​បែប​សម័យ​ដើម ​ឬ​បទ​មហាជន​វ័យ​កណ្ដាល​ស្ទើរតែ​អស់​ នៅ​សល់​តែ​បាយ័ន​ និង​ស៊ី​ធី​អិន​…​ប៉ុណ្ណោះ។ រីឯ​កម្មវិធី​ផ្សេងៗ​ទៀត​ ក៏​ពុំ​សូវ​មាន​ការ​អញ្ជើញ​យូរៗ​ម្តង។​

លើសពី​នេះ​តារាចម្រៀង ​លោក សុះ ម៉ាច បាន​បន្ថែមទៀតថា ​ខ្ញុំ​នៅតែ​ដុសខាត់​សំឡេង​របស់ខ្ញុំ​នៅ​black factory រៀងរាល់​យប់​ និង​នៅ​សាលា​តន្ត្រី​ផង​ដែរ​។

​មួយជីវិត​របស់ខ្ញុំ​ស្រឡាញ់​វិស័យ​សិល្បៈ​ចម្រៀង ​ដូច​ស្រឡាញ់​ក្រុមគ្រួសារ​អញ្ចឹង​ គ្មាន​ថ្ងៃ​នឹង​បោះ​បង់​ឡើយ។ នេះ​ជា​រូបភាព​កាលពី​យប់មិញ​ ក្នុង​កម្មវិធី​ចម្រើន​ព្រះជន្ម​ និង​នៅ black factory​ កូនស្រី​សំណព្វ​នាង​មកលេង​ខ្ញុំ​ ជាមួយ​ម្តាយ​របស់​នាង​!​។​

សូម​បញ្ជាក់​ថា​ តារា​ចម្រៀង​ លោក សុះ ម៉ាច កន្លងមក​ធ្លាប់​កាន់​តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ចំនួន​២​អាណត្តិ​។​ ខណៈ​ដែល​ប្រជាប្រិយភាព​ និង​ការ​គាំទ្រ​របស់​តារា​ចម្រៀង​ជើងចាស់​រូប​នេះ​នូវ​បន្ត​ទទួល​បាន​ការ​លើកសរសើរ​ និង​គាំទ្រ​ខ្លាំង​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​គ្រប់​ស្រទាប់​វ័យ​ផង​នោះ៕