ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​Trump និយាយ​ថា មិន​ចង់​ឮ​ខ្សែអាត់​សំឡេង​ដ៏ “​ឈឺចាប់​” របស់​អ្នកកាសែត Khashoggi

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​ថា លោក​បានទទួល​ព័ត៌មាន​យ៉ាង​ពេញលេញ​អំពី​ខ្សែអាត់​សំឡេង​នៃ​ការធ្វើឃាត​របស់​អ្នកសារព័ត៌មាន Jamal Khashoggi ប៉ុន្តែ​គាត់​មិន​ចង់​ស្តាប់​វា​ដោយផ្ទាល់​នោះទេ​។​

លោក​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កម្មវិធី “Fox News Sunday” ថា “​ដោយសារតែ​វា​ជា​ខ្សែអាត់​មួយ​ដ៏​ឈឺចាប់​។ វា​ជា​ខ្សែអាត់​គួរ​ឲ្យ​ខ្លាច​។ វា​មាន​អំពើ​ហឹ​ង្សា​ខ្លាំងណាស់​”​។​

លោក Trump បាន​ទប់ស្កាត់​ការរិះគន់​លើ​រាជទាយាទ​អារ៉ាប៊ីសាអ៊ូឌីត Mohammed Bin Salman បើទោះបីជា CIA បាន​សន្និដ្ឋានថា ព្រះអង្គ​បាន​បញ្ជា​ឲ្យ​ធ្វើឃាត​កាលពី​ថ្ងៃទី​២​ខែតុលា​នៅក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត​ប្រចាំ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ក៏ដោយ​។​

កាលពី​ថ្ងៃ​សៅរ៍ លោក Trump បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា សហរដ្ឋអាមេរិក​នឹង​បញ្ចេញ​របាយការណ៍​ពេញលេញ​មួយ​ស្តីពី​បញ្ហា​នេះ​។​

នៅពេល​សួរថា​តើ​រាជទាយាទ​បាន​ភូតកុហក​គាត់​ចំពោះ​ការបដិសេធ​អំពី​តួនាទី​នៃ​ការសម្លាប់ ដែរ​ឬក៏​អត់​នោះ លោក Trump បាន​និយាយថា “​ខ្ញុំ​មិនដឹង​ទេ​។ តើន​រណា​អាច​ដឹង​ការពិត​?”​។​

លោក Trump បាន​បន្ថែមថា “​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​គាត់​មិនបាន​ធ្វើ​អ្វី​ទេ​”​។​
​ទន្ទឹម​នោះ លោក​ប្រធានាធិបតី​បាន​ទទួលស្គាល់ថា មនុស្ស​ជិតស្និទ្ធ​នឹង​រាជទាយាទ​ប្រហែលជា​ជាប់​ពាក់ព័ន្ធ​ប៉ុន្តែ​បាន​បន្ថែមថា​គាត់​ចង់​នៅជាប់​ជាមួយ​សម្ព័ន្ធមិត្ត​នេះ​តាមរបៀប​ល្អប្រសើ​។​
​គួរបញ្ជាក់​ជាថ្មី​ម្តង​ទៀតថា លោ​កក Khashoggi ត្រូវបាន​គេ​សម្លាប់​បន្ទាប់ពី​ធ្វើដំណើរ​ទៅកាន់​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត​ដើម្បី​ទៅយក​ឯកសារ​ចាំបាច់​ដើម្បី​រៀបការ​ជាមួយ​គូ​ដណ្ដឹង​សញ្ជាតិ​ទួរគី​របស់គាត់​។​

យោងតាម​មន្ត្រី​ទួរគី​បាន​និយាយថា ខ្សែអាត់​សំឡេង​នោះបាន​បង្ហាញថា លោក Kashoggi ត្រូវបាន​គេ​រឹត​.​ក​រហូតដល់​ស្លាប់​ហើយ​បំបែក​សាកសព​ភ្លាមៗ​បន្ទាប់ពី​ចូលក្នុង​ស្ថាន​កុងស៊ុល​៕ AFP