ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​គ្រឿងញៀន​ម្នាក់ ​ត្រូវបាន​អាវុធហត្ថ​ខេត្តតាកែវ​ តាម​ចាប់​ដល់​ខេត្ត​កំពត​

​តាកែវ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ថ្នាំញៀន​ម្នាក់ ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​តាកែវ​ ពន្លាត​ដែន​សមត្ថកិច្ច​តាម​ចាប់​ដល់​ខេត្ត​កំពត​។​ ហេតុការណ៍​ចាប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ខាងលើនេះ​ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៣​និង​១៥​នាទី ដោយ​កម្លាំង​ការិយាល័យ​ឆាំង​បទល្មើស​គ្រឿងញៀន​កង​រាជ​អាវុធហត្ថ​ខេត្ត​តាកែវ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ត្រាំកក់ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការ​រង​ទទួល​ផែន​យុត្តិធម៌​ និង​ដោយមាន​ការ​សម្រប​សម្រួល​នីតិវិធី​ពី ​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​តាកែវ បាន​ចុះ​បង្ក្រាប​មុខ​សញ្ញា​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ​ថែមទាំង​ពន្លាត​ដែន​សមត្ថកិច្ច​ តាម​មាត្រា​៦៨​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ​នៅ​ចំណុច​ភូមិ​ស្រែ​ចែង ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី ខេត្ត​កំពត​។​

ក្នុង​ប្រតិបត្តិការ​នោះ ​កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ម្នាក់​មាន​ឈ្មោះ ថោង ថា​ន ហៅ​កាត់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ធ្វើ​ស្រែ រស់នៅ​កន្លែង​កើតហេតុ​។ ដោយឡែក​វត្ថុតាង​ដែល​ដកហូត​បាន​ក្រោយ​ចាប់ខ្លួន​មាន ៖
-​ម្សៅ​ក្រាម​ស​ថ្លា​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៦​កញ្ចប់ ទម្ងន់​ស្មើ​នឹង​១៧,៣៥​ក្រាម (​ថ្លឹង​ទាំង​សំបក​)
-​ទូរស័ព្ទ​ដៃ​១​គ្រឿង ​ម៉ាក​HUAWEI​។​

បច្ចុប្បន្ន​ ជនសង្ស័យ ​និង​វត្ថុតាង ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​កង​រាជ​អាវុធហត្ថ​ខេត្ត ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាកែវ​ចាត់ការ​តាម​នីតិវិធី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114