ព័ត៍មានទាន់​ហេតុការណ៏
Search

វី​ង សហការ​ជាមួយ Western Union ដើម្បី​ពង្រីក​សេវា​ផ្ទេរប្រាក់​អន្តរជាតិ

ភ្នំពេញ​ ៖ ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែល​ជា​ក្រុមហ៊ុន ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា ជាមួយ​នឹង​បណ្ដាញ​ភ្នាក់ងារ​ជាង ៦០០០​កន្លែង បាន​សហការ​ជាមួយ​ក្រុមហ៊ុន Western Union ដែល​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ ផ្នែក​សេវា​ផ្ទេរ​ប្រាក់​ឆ្លងកាត់​ប្រទេស ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​ជម្រើស ក្នុង​ការ​ទទួល​បាន​ប្រាក់​ពី​គ្រប់​ប្រទេស នៅ​ជុំវិញ​ពិភពលោក។

កិច្ចសហការ​នេះ នឹង​ផ្តល់​លទ្ធភាព​ដល់​អតិថិជន​របស់ វី​ង នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ការទទួលប្រាក់​ពី​ជាង ២០០ ប្រទេស នៅតាម​បណ្តាញ​ភ្នាក់ងារ​របស់ វី​ង ដែលមាន​ដាក់​ស្លាក​សញ្ញា​បម្រើ​សេវាកម្មរ​បស់ Western Union ដែល​នៅ​ជិត​ពួកគេ​បំផុត​។​



លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស វី​ង បាន​មានប្រសាសន៍ថា “​វី​ង មាន​មោទនភាព​ណាស់ ចំពោះ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Western Union ដោយហេតុថា កិច្ចសហការ​នេះ នឹង​ផ្តល់​ភាពងាយស្រួល​មួយកម្រិត​ទៀត សម្រាប់​អតិថិជន ក្នុងការ​ផ្ទេរប្រាក់​ពី​ក្រៅប្រទេស ជាពិសេស​សម្រាប់​ប្រជាជន​កម្ពុជា ដែល​កំពុងធ្វើការ​នៅក្រៅ​ប្រទេស និង​មានបំណង​ចង់​ផ្ទេរប្រាក់ ទៅកាន់​ក្រុមគ្រួសារ​នៅ​កម្ពុជា​”​។​

លោក ម៉ា​ឡូ​ឡូ​ស បន្ថែម​រួច​បន្តទៀតថា “​ទឹកប្រាក់​ដែល​ផ្ទេរ​មកពី​ក្រៅប្រទេស គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ របស់​ប្រជាជន​កម្ពុជា សម្រាប់​បំពេញតម្រូវការ​ប្រចាំថ្ងៃ​, ការអប់រំ​, ការថែទាំ​សុខភាព និង​សេវាកម្ម​ជាច្រើន​ទៀត​។ ទោះជា​យ៉ាងនេះ​ក្តី ពលករ​ចំណាកស្រុក រមែង​មានការ​ព្រួយបារម្ភ​ជាច្រើន នៅពេល​ពួកគេ​ផ្ញើ​ប្រា​ក់មក​ផ្ទះ តាមរយៈ​សេវា​ឬ​បណ្តាញ​ដែល​មិន​ស្របច្បាប់ ដែល​តែងតែ​មានតម្លៃ​សេវា​ខ្ពស់ ហើយ​ជាទូទៅ មិនបាន​ផ្តល់ជូន​នូវ​ទំនុកចិត្ត​ខ្ពស់​ឡើយ​។ កត្តា​នេះ​បាន​ក្លាយជា​បន្ទុក​បន្ថែម​មួយទៀត ពីលើ​សេចក្តី​នឹករលឹក​ដល់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​។ កិច្ចសហការ​នេះ នៅតែ​ស្ថិតនៅក្នុង​ចក្ខុវិស័យ​របស់ វី​ង ចំពោះ​ការប្តេជ្ញាចិត្ត ក្នុងការ​ផ្តល់ជូន​ប្រជាជន​កម្ពុជា នូវ​លទ្ធភាព​ទទួលបាន​សេវា​ហិរញ្ញវត្ថុ ប្រកបដោយ​តម្លៃ​សមរម្យ និង​ងាយស្រួល ថែមទាំង​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​កម្រិតជីវភាពរ​ស់​នៅ​របស់​ពួកគេ​”​។



លោក ម៉ា​ឡូ​ឡូ​ស បាន​បន្ថែមទៀតថា “​ការបង្កើន​ប្រសិទ្ធភាព​នៃ​សេវា​ផ្ទេរប្រាក់​អន្តរជាតិ នឹង​រួមចំណែក​យ៉ាង​ធំធេង ដល់​ការកាត់បន្ថយ​ភាពក្រីក្រ ហើយ​ត្រូវបាន​គេ​រំពឹងថា នឹង​ផ្តល់​ជា​ឱកាស​សម្រាប់​វិនិយោគិន​បរទេស ក្នុងការ​ស្វែងរក​ឱកាស​អាជីវកម្ម​ផ្សេងៗ នៅក្នុង​ប្រទេស​ផងដែរ​”​។​
លោក Atish Shrestha នាយក​ប្រចាំ​តំបន់​របស់​ក្រុមហ៊ុន Western Union ប្រចាំ​តំបន់​ឥណ្ឌូចិន បាន​ថ្លែងថា “​យើង​មាន​សេចក្តី​រីករាយ ក្នុងការ​ពង្រីក​សេវាកម្ម​របស់​យើង នៅ​ទូទាំងប្រទេស​កម្ពុជា ដោយ​ផ្តល់ជូន​អតិថិជន​នូវ​វិធី​ងាយៗ ក្នុងការ​ទទួលបាន​ប្រាក់ និង​ធ្វើការ​ផ្សារភ្ជាប់​ពួកគេ​ទៅគ្រប់​ប្រទេស នៅក្នុង​ពិភពលោក​។ យើង​រីករាយ​ក្នុងការ​ស្វាគមន៍​នូវ​វត្តមាន វី​ង មក​ចូល​រួមជាមួយ​ក្រុមគ្រួសា​រ និង​ជា​បណ្តាញ​ភ្នាក់ងារ​របស់ Western Union”​។​

លោក Atish Shrestha បន្ថែមទៀតថា “​នៅក្នុង​ពិភពលោក​មួយ ដែល​ពោរពេញ​ទៅដោយ​ឱកាស ដែល​គ្មាន​ដែន​កំណត់ គ្មានអ្វី​សំខាន់​ជាង ការផ្ទេរ​ប្រាក់​ជុំវិញ​ពិភពលោក ដែលមាន ភាពងាយស្រួល រហ័ស និង​មាន​សុវត្ថិភាព​នោះទេ​។ ខណៈពេលដែល​ប្រជាជន​កម្ពុជា កាន់តែច្រើន​ផ្លាស់​ទៅ​រស់នៅ​ក្រៅបរទេស ហើយ​ត្រូវ​ផ្តល់​ការឧបត្ថម្ភ ត្រលប់​ឲ្យ​គ្រួសារ​របស់​ពួកគេ នៅ​ស្រុកកំណើត​វិញ​នោះ​។ យើង​ពិតជា​រីករាយ ក្នុងការ​សហការ​ជាមួយ វី​ង និង​ផ្តល់​ឲ្យ​អតិថិជន នូវ​មធ្យោបាយ​ផ្ទេរប្រាក់ ដែលមាន​ភាពងាយស្រួល និង​ផ្តល់នូវ​ទំនុកចិត្ត​ខ្ពស់ ដល់​ពួកគេ​”​។



យោងតាម​របាយការណ៍ របស់​អង្គការ​ពលកម្ម​អន្តរជាតិ និង​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ ដែលមាន​ចំណងជើង​ថា “​ហានិភ័យ​និង​រង្វាន់​៖ លទ្ធផល​នៃ​ការធ្វើ​ចំណាកស្រុក​កម្លាំង​ពលកម្ម នៅ​អាស៊ីអាគ្នេយ៍​” បានសរសេរថា សេវាកម្ម​ផ្ទេរប្រាក់ (​ដូចជា Western Union) គឺជា ជម្រើស​ប្រើប្រាស់​ច្រើន​បំផុត សម្រាប់​ពលករ​ចំណាកស្រុក​កម្ពុជា (៤៤%) ដោយបាន​គូសបញ្ជាក់ អំពី​សារៈសំខាន់ នៃ​សេវាកម្ម​ផ្ទេរប្រាក់ ដែល​ប្រកបដោយ​ប្រសិទ្ធភាព​។​

ចំណែក​របាយការណ៍​ស្តីពី​ការធ្វើ​ចំណាកស្រុក និង​ការផ្ទេរ​ប្រាក់​របស់​ធនា​គារ​ពិភពលោក​វិញ កម្ពុជា គឺជា​ប្រទេសមួយ​ក្នុងចំណោម ប្រទេស​ទាំង ១០ នៅ​លំដាប់​លើ​គេ សម្រាប់ “​ការផ្ញើ​ប្រា​ក់មក​ឲ្យ​” នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​នៅ​ឆ្នាំ ២០១៧៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114