ព័ត៍មានទាន់​ហេតុការណ៏
Search

យុគ យក្ស​ផ្លែ ជួប ឡុង ខេត្ត , សេន កុសល ជួប រិ​ទ្ធ អាទិត្យ ក្នុង​ជម្រុះ​ជើងឯក TV5 Knock Out Series 57 Kgs

​ប្រដាល់ ៖ ​ការប្រកួត​ប្រដាល់​ដណ្តើម​ពាន​រង្វាន់​ជើងឯក TV5 Boxing Knock Out Series By K.cement ទម្ងន់​៥៧​គីឡូក្រាម លើស​ង្វៀន TV5 ព្រែកកំពឹស នៅ​ថ្ងៃ​សៅរ៍​ ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខ​នេះ ជាការ​ប្រកួត​សប្ដាហ៍​ទី​៥ ក្នុង​ជម្រុះ​ជុំ​ទី​១ ដែល​មាន​អ្នក​ប្រដាល់​៤​រូប ដែល​មក​ប្រជែង​យក​កៅអី​សម្រាប់​ជុំ​ទី​២ នោះ​។​
​ ​
សម្រាប់​ការប្រកួត​ជម្រុះ​លើក​ទី​៥ ដែលជា​ការប្រកួត​ក្នុង​ជុំ​ទី​១​នេះ យុគ យក្ស​ផ្លែ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ នឹង​ជួប​ប្រកួត​ជាមួយ ឡុង ខេត្ត អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ។

ការប្រកួត​ក្នុង​ជុំ​ទី​១​នេះ គឺ​ប្រកួត​តែ​បី​ទឹក​ទេ ហើយ​អ្នក​ដែល​ឈ្នះ​បាន​ឡើង និង​អ្នក​ដែល​ចាញ់​ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ។​

​រវាង​ យុគ យក្ស​ផ្លែ និង ឡុង ខេត្ត នេះ ពួកគេ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ព្រោះ​ពួកគេ​ទាំងពីរ​នាក់ ម្នាក់​(​យក្ស​ផ្លែ​)​ជា​អ្នក​ប្រដាល់​ចាស់វស្សា ហើយ​ម្នាក់ ​(​ឡុង ខេត្ត​)​ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ។

សម្រាប់​ការជួបគ្នា​រវាង​ យុគ យក្ស​ផ្លែ និង ឡុង ខេត្ត នេះ តាម​ក្រុមអ្នកវិភាគ​ប្រដាល់​អះអាង​នោះ​ថា ឡុង ខេត្ត​ទំនងជា​មិន​ឈ្នះ ​យក្ស​ផ្លែ នោះទេ​។ ព្រោះ​ យក្ស​ផ្លែ គេ​មាន​កម្លាំង​ស៊ុ​ហ្វ​ល្អ​រឹងមាំ និង​មាន​ផ្លែ​ល្អ​ជាង ​ឡុង​ ខេត្ត។​

យុគ យក្ស​ផ្លែ ថ្វីត្បិតតែ​គេ​មាន​មាឌ​រាង​ទាប​បន្តិច​ក្តី តែ​គេ​វាយ​បុក​ខ្លាំង ហើយ​កណ្ដាប់ដៃ ​និង​សន្ទុះ​ជើង​ទាត់​របស់គេ​ខ្លាំង​ និង​ធ្ងន់។ មួយទៀត យុគ យក្ស​ផ្លែ ធ្លាប់​វាយ​ជាមួយ​ថៃ​រាប់មិនអស់ ដូច្នេះ​បទពិសោធន៍​ និង​បច្ចេកទេស​របស់​គេ គឺ​មិនធម្មតា​ឡើយ​។ យក្ស​ផ្លែ ប្រកួត​ចុងក្រោយ​នេះ វាយ​ថៃ​Oup Sai ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣។ ចាំមើល តើ​ ឡុង ខេត្ត អាច​យកឈ្នះ​ យុគ យក្ស​ផ្លែ បាន​ឬ​អត់?។
​ ​
ចំពោះ​ការប្រកួត​មួយគូ​ទៀត​នោះ ជាការ​ជួបគ្នា​រវាង ​សេន កុសល អ្នក​ប្រដាល់​ក្លិប​មោងឬស្សី​មរតក​គុន​ខ្មែរ និង រិ​ទ្ធ អាទិត្យ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ។ ពីរ​នាក់​នេះ ក៏​មិន​ធ្លាប់​ប៉ះ​គ្នា​ដែរ​កន្លង​មក។

សម្រាប់​ការជួបគ្នា​លើក​នេះ មិនដឹងថា​នរណា ជា​អ្នក​មាន​សំណាង​បាន​ឡើង​ទៅ​ប្រកួត​បន្ត​ទៀត​នោះ​ទេ? តែ​យ៉ាងណា សេន កុសល គេ​មាន​កលល្បិច​ និង​បច្ចេកទេស វ៉ៃ​ល្អ​ជាង រិ​ទ្ធ អាទិត្យ។ ប៉ុន្តែ​សេន កុសល ក៏​មិនអាច​ធ្វេសប្រហែស​ ឬ​មើលស្រាល​ចំពោះ​រិ​ទ្ធ អាទិត្យ បាន​ដែរ ព្រោះ ​រិ​ទ្ធ អាទិត្យ នេះ គេ​ក៏​វាយ​ខ្លាំង ​និង​ល្អ​ដែរ និយាយ​រួម​ពីរ​នាក់​នេះ គឺ​ត្រូវ​មានការ​ប្រយ័ត្ន​រៀងៗ​ខ្លួន។

ការប្រកួត​ចុងក្រោយ​នេះ សេន កុសល គេ​វាយ​ឈ្នះ ​សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក​ដោយ​ពិន្ទុ ឯ​រិ​ទ្ធ អាទិត្យ វាយ​ចាញ់​ថៃ​Anuntasak ដោយ​ពិន្ទុ។ ចាំមើល រវាង ​សេន កុសល និង រិ​ទ្ធ អាទិត្យ​ តើន​រណា​នៅ នរណា​ដើរ​ចេញពី​ការប្រកួត​នេះ?។​

ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ជើងឯក TV5 Boxing Knock Out Series By K.cement ទម្ងន់​៥៧​គីឡូ​ក្រាម​នេះ មាន​អ្នក​ប្រដាល់​ចំនួន៣២​នាក់​ចូលរួម ហើយ​ចែកចេញជា​៤​ដំណាក់កាល និង​មាន​រូបមន្ត​ប្រកួត គឺ​ជុំ​ទី​១​ជាការ​ប្រកួត​ជម្រុះ​ក្នុងចំណោម​៣២​នាក់ ទុក​តែ​១៦​នាក់។ ​ជុំ​ទី​២ ជា​ការ​ជម្រុះ​ក្នុងចំណោម​១៦​នាក់ ទុក​៨​នាក់ ហើយ​ជុំ​ទី​៣ គឺ​ជម្រុះ​ក្នុង​៨​នាក់​ទុក​៤​នាក់ និង​ជុំ​ទី​៤​និង​ទី​៥ ជា​ការ​ប្រកួត​ដំណាក់កាល​ផ្ដាច់ព្រ័ត្រ គឺ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ​និង​ផ្ដាច់ព្រ័ត្រ៕​