ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ ដាច់​ម៉ែត្រ​ រេ​ចង្កូត​បុក​របាំង​ថ្ម

ភ្នំពេញ ៖ រថយន្ត​មួយគ្រឿង ​ក្នុងចំណោម​រថ​យន្ត​យោធា​ជាច្រើន​គ្រឿង​ទៀត​ ខណៈ​កំពុង​បើកបរ​ជា​ក្បួន​ ស្រាប់តែ​ដាច់​ម៉ែត្រ​ចង្កូត រេ​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ប៉ើង​ខ្ទាត​មួយ​កង់ ហើយ​រថយន្ត​ខ្ទេច​ផ្នែក​ខាងមុខ​មួយ​ចំហៀង បែក​កង់​ទៅមុខ​លែងរួច តែ​មិន​ប៉ះពាល់​ដល់​មនុស្ស​ឡើយ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ព្រឹក ថ្ងៃទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨ ​ស្ថិត​នៅ​ចំណុច​ស្តុ​ប​មុខ​ព្រលានយន្ដហោះ​អន្តរជាតិ​ភ្នំពេញ ​ផ្លូវ​សហព័ន្ធ​រុស្សី​ ភូមិ​ក្បាលដំរី​២ ​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

រថយន្ត​ជួប​បញ្ហា​ខាងលើ ម៉ាក កុង​ហ្វុ​ង ពណ៌​ស្លែ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 02 2-5495 អ្នកបើកបរ មិន​ស្គាល់​ឈ្មោះ។​

តាម​ពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ គេ​ឃើញ​ក្បួន​រថយន្ត​មួយ​ខ្សែ បើក​ពី​កើ​ត​ទៅ​លិច ជាច្រើន​គ្រឿង លុះដល់​ចំណុច​ខាងលើ ស្រាប់​តែមាន​រថយន្ត​មួយ​គ្រឿង រេ​ចង្កូត​ទៅ​ខាង​ឆ្វេង​ដៃ ជ្រុល​ទៅបុក​ថ្ម​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​ប៉ើង​មួយ​កង់ ឯ​រថយន្ត​បែក​កង់​ទៅមុខ​លែង​រួច ចំណែក​រថយន្ត​ផ្សេងទៀត​មិនមាន​បញ្ហា​ក៏​បន្តដំណើរ​ទៅមុខ​បាត់អស់។​

តែបើ​តាម​បុរស​ម្នាក់​បាន​ឲ្យ​ដឹងថា រថយន្ត​ក្បួន​ខាងលើ ជា​រថយន្ត​បង្រៀន​សិក្ខាកាម ទៅ​ហ្វឹកហាត់​នៅ​ខាង​ខេត្ត​កំពង់ស្ពឺ តែ​ដោយសារ​មាន​រថយន្ត​មួយគ្រឿង​ខាងលើ ជួប​បញ្ហា​បច្ចេកទេស ដាច់​ម៉ែត្រ​ចង្កូត ហ្វ្រាំង​មិន​ជា​ប់ ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​តែម្ដង។​

ក្រោយ​កើតហេតុ សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ ហើយ​នឹង​រង់ចាំ​ខាង​ការិយាល័យ​ចរាចរណ៍​ជើងគោក​យក​រថយន្ត​ទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​ជាមួយ​អង្គភាព​ខាង​រថយន្ត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114