ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់​ដេក​ស្លាប់ ​ធ្វើ​ឲ្យ​អ្នក​ធ្វើដំណើរ​ មានការ​ភ្ញាក់ផ្អើល​ ដោយ​មិនទាន់​ដឹង​មូលហេតុ​

​បាត់ដំបង ៖ អ្នក​ធ្វើដំណើរ​តាម​ដង​ផ្លូវ​ជាច្រើន​នាក់ មានការ​ភ្ញាក់ផ្អើល​គ្រប់គ្នា ​ខណៈ​ពួកគេ​បាន​ឃើញ​សាកសព​បុរស​ម្នាក់​ ដេកស្លាប់​នៅត្រង់ចំណុច​ផ្លូវខ្វែង​ភ្លើងស្តុប​លើ​ខឿន​ទ្រូង​ផ្លូវ​ ជិត​មន្ទីរពេទ្យ​ពោធិ៍​២ ​របស់​យោធភូមិភាគ​ទី​៥ ​ដោយ​មិន​បានដឹង​អំពី​មូលហេតុ​។

​សមត្ថកិច្ច​បានឲ្យដឹង​ថា ​ការ​ដេក​ស្លាប់​របស់​ជនរងគ្រោះ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨និង​០០​នាទី ​នា​ថ្ងៃ​ទី​១៨ ​ខែ​វិច្ឆិកា​ ២០១៨ ​កន្លង​ថ្មីៗ​នេះ ​នៅ​ចំណុច​ខាងលើ ​ស្ថិត​ក្នុង​ក្រុមទី​០២ ​ភូមិ​ដំណាក់​ហ្លួង​ សង្កាត់​វត្ត​គរ ​ក្រុង​/​ខេត្ត​បាត់ដំបង​។

​ពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ​បានឲ្យដឹង​ដែរ​ថា​ មុន​ហេតុការណ៍​នេះ ​កើតឡើង​ គេ​ឃើញ​ជនរង​គ្រោះ ​មិនដឹង​ដើរ​មកពីណា​ទេ​ ​​ដើរ​សំដៅ​ទៅ​កន្លែងកើតហេតុ​ខាងលើ​ លុះដល់​ចំណុច​ខាងលើ​ក៏​ជនរងគ្រោះ​ប្រាស់​ដេក​តែម្ដង ​មិន​ស្មានថា​ជនរងគ្រោះ​ដល់​វេលា​ខាងលើ​ បាន​ស្លាប់​ដោយ​មិន​ដឹង​មូល​ហេតុ​ទៅ​ហើយ។

ក្រោយពី​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​តាម​ជំនាញ​រកឃើញថា​ ជនរ​ង​គ្រោះ​ដែល​បាន​ដេក​ស្លាប់​ត្រង់​ចំណុច​ខាងលើ​នោះ ​មានឈ្មោះ​ សុង​ សឿន ​ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ​ មិនមាន​ទីលំនៅ​ពិតប្រាកដ​ ជា​ជនអនាថា។

​សមត្ថកិច្ច​បាន​បញ្ជាក់​បន្ត​ថា ​តាម​ការពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​តាម​បច្ចេកទេស ​ក៏បាន​រកឃើញ​អំពី​មូលហេតុ​ដែល​ជនរងគ្រោះ​ដេកស្លាប់ ​ដោយសារ​តែ​មាន​ជំងឺ​ប្រចាំ​កាយ​ ហើយ​បាន​ផឹកស្រា​ទំនង​ស្រវឹង​ខ្លាំង​ ជាតិ​អាកុល​មាន​កម្រិត​ខ្ពស់​ ទើប​ធ្វើឲ្យ​ជំងឺ​ប្រចាំ​កាយ​ទប់ទល់​មិនបាន​នឹង​ជាតិ​អាកុល ​ក៏​បណ្តាល​ឲ្យ​គាំងបេះដូង​ស្លាប់​តែម្ដង​។​

ក្រោយពី​សមត្ថកិច្ច​បាន​ពិនិត្យ​រួច​ ដោយសារ​តែ​ជនរងគ្រោះ​ជា​ជនអនាថា ​ហើយ​គ្មាន​សាច់ញាតិ​ និង​ក្រុម​គ្រួសារ​នោះ បាន​ប្រគល់​សាកសព​ឲ្យ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​យក​ទៅ​បូជា​នៅ​វត្ត​កំពង់​សី​ម៉ា​តែម្ដង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114