ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្ទើយ​ចូល​លួច​ទូរស័ព្ទ​របស់​និស្សិត​ នៅ​ក្នុង​វត្ត​បទុមវតី​ ត្រូវ​ជាប់អន្ទាក់​សមត្ថកិច្ច

ភ្នំពេញ ​៖​ ខ្ទើយ​ប្រុស​ម្នាក់ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ចតុមុខ ​ស្រាវជ្រាវ​ឈាន​ដល់​ការ​ឃាត់​ខ្លួន ​បន្ទាប់ពី​ខ្ទើយ​រូប​នោះ ​បាន​ចូល​លួច​ទូរស័ព្ទ​របស់​និស្សិត​នៅ​ក្នុង​វត្ត​បទុម​វ​តី​ ហើយ​ព្យាយាម​គេចខ្លួន​មិនបាន​សម្រេច ​កាលពី​វេលា​ម៉ោង០៣​និង​៤០​នាទី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ក្នុង​វត្ត​បុ​ទុម​វ​ត្តី ផ្លូវ​ស៊ូ​ស្រ៊ុន ភូ​មិ​០៣ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ហេតុការណ៍​នោះដែរ​ បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន​០១​នាក់ ដោយ​ពេល​នោះ ​ជនសង្ស័យ​ បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ដៃ ​ដោយ​ប្រើប្រាស់​ទំពក់​អាវ​កាវ​យក​ទូរស័ព្ទ​តាម​មាត់​បង្អួច​របស់​ជ​ន​រងគ្រោះ ឈ្មោះ អេង ភា​រុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ដែល​កំពុង​សម្រាក​ក្នុង​កុដិ បាន​សម្រេច​ ​រួច​គេចខ្លួនតែម្ដង​។

សមត្ថកិច្ច​បន្តទៀត​ថា​ បន្ទាប់មក​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច​តុ​មុខ ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ​ សហការ​ជា​មួយ​ជនរងគ្រោះ​ បានធ្វើការ​ស្រាវជ្រាវ​ក្នុង​យប់កើតហេតុ​នោះ​ ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុតាង​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ​ដែល​លួចបាន​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​ យកមក​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ច​តុ​មុខ​ធ្វើការ​សាកសួរ​។​

សមត្ថកិច្ច​បញ្ជាក់​ថា ជ​ន​សង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ ឈ្មោះ អឿន ម៉ៅ ភេទ​ប្រុស (​ខ្ទើយ​)​ អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ។​ ចំណែក​វត្ថុតាង​ចាប់​យកបាន ទូរស័ព្ទ​០១​គ្រឿង​ម៉ាក IPhone 7 ពណ៌​ខ្មៅ ប្រើប្រាស់​ស៊ីម​លេខ ០១០ ៩៩៩ ៥៣៧ (​ជា​របស់​ជនរងគ្រោះ​)​។​ រីឯ​ជនរងគ្រោះ​ឈ្មោះ អេង ភា​រុន ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​និស្សិត ស្នាក់នៅ​កុដិ​លេខ​៣ ក្នុង​វត្ត​បុ​ទុម​វ​ត្តី ផ្លូវ​ស៊ូ​ស្រ៊ុន ភូមិ​៣ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

ចំពោះមុខ​សមត្ថកិច្ច​ បាន​និង​កំពុង​ប្រើប្រាស់​វិធានការ​ជំនាញ​សួរចម្លើយ ព្រមទាំង​ប្រវត្តិ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​តាម​ភូមិសាស្ត្រ បណ្ដា​ខណ្ឌ​ផ្សេងៗ​កន្លងមក​ និង​ទិសដៅ​បន្ត​កម្លាំង​កំពុង​កសាង​សំណុំរឿង​តាម​នីតិ​វិធី​ ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕