ព័ត៍មានទាន់​ហេតុការណ៏
Search

ជំរុញឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ពង្រឹង​ការ​ចុះ​អធិការកិច្ច​លើ​វិស័យ​ទឹកស្អាត ​ដើម្បី​សុខភាព​ប្រជា​ពលរដ្ឋ​

​ភ្នំពេញ​ ៖ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​បន្ត​ពង្រឹង​ចុះ​ពិនិត្យ​ និង​ធ្វើ​អធិការកិច្ច​ទៅលើ​វិស័យ​ទឹក​ស្អាត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​ ដើម្បី​ថែទាំ​សុខភាព​ប្រជាពលរដ្ឋ​ជាធំ​។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ថ្លែង​បែបនេះ​ នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១២ កើត ខែ​កត្តិក ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីស្ដីការ​ក្រសួង លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​ស្ដីពី​បញ្ហា​ផលិត​ទឹក​ស្អាត ជាមួយ​សមាគម​ផលិត​ទឹក​ស្អាត​កម្ពុជា (CWA) ដែល​មាន​លោក​ឧកញ៉ា អ៊ុន យុ​ទ្ធី ជា​ប្រធាន​សមាគម។​

បន្ទាប់ពី​អង្គពិធី​បាន​តាមដាន​ស្ដាប់​ការ​រាយការណ៍ ពី​លោក យា ប៊ុន​ណា អគ្គនាយក នៃ​អគ្គនាយក​ដ្ឋាន​ទឹកស្អាត នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​របាយការណ៍​ពី​ខាង​សមាគម​ផលិត​ទឹក​ស្អាត​កម្ពុជា ស្ដីពី​តួនាទី ភារកិច្ច ទិសដៅ ក៏ដូចជា​លទ្ធផល និង​ភាព​ប្រឈម រួចមក អង្គប្រជុំ បាន​បន្ត​ពិភាក្សា និង​ផ្តល់​ធាតុ​ចូល​ជាច្រើន ហើយ​នៅ​ទី​បញ្ចប់ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេស រដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ធ្វើ​ការ​សរុប សេចក្ដី និង​ផ្ដល់​ដំណោះស្រាយ​ជាក់ស្ដែង​មួយចំនួន ​គឺ​មាន​ដូចជា ត្រូវ​​ពង្រឹង​ត្រួតពិនិត្យ​តាមរយៈ​ការចុះ​អធិការកិច្ច​ដល់ទី​តាំង​ប្រតិបត្តិ​ករ​ទឹក​ស្អាត​ដើម្បី​ឲ្យ​ប្រាកដ​ថា​ប្រតិបត្តិ​ករ​ទឹកស្អាត​ទាំងអស់​អនុវត្ត​បាន​ត្រឹមត្រូវ​ដែរ ឬទេ?​។

លោក​បន្តថា ត្រូវ​អនុវត្តន៍​តាម​កិច្ចសន្យា​របស់គេ​បន្ទាប់ពី​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​-​ការពិចារណា​គិតគូរ​ក្នុង​ការ​ស្វែងរក​ដៃគូ និង​ប្រភព​ជំនួយ​-​ការ​គណនា​ និង​រក​រូបមន្ត​មួយ​សម ស្រប​ដើម្បី​បញ្ចុះ​ថ្លៃ​ទឹក​ក្នុង​កម្រិត​ណាមួយ​ដល់​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ទឹក​តាម​តំបន់​គោលដៅ​-​ការ​គិតគូរ​ពិនិត្យ​លទ្ធភាព​ការកាត់បន្ថយ​ពន្ធ​ខ្លះ​លើ​វិស័យ​ផលិត​ទឹក​ស្អាត​ដែល​ជា​ការ​លើកឡើង​របស់​សមាគម​អ្នក​ផលិត​ទឹកស្អាត​នៅ​កម្ពុជា​-​ការ​កៀរគរ និង​ឲ្យ​មានការ​ស្វែងយល់​ពី​អត្ថប្រយោជន៍ នៃ​ការ​ចូល​ជា​សមាជិក​សមាគម​អ្នក​ផលិត​ទឹកស្អាត​ពី​សំណាក់​ប្រតិបត្តិ​ករ​ផលិត​ទឹក​ស្អាត ទាំងអស់ -​និង​ការ​ទទួល​បាន​កម្ចី​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា​ជាដើម។​

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បាន​សម្ដែង​នូវ​ការ​កោត សរសើរ​ចំពោះ​សមាគម​ផលិត​ទឹកស្អាត​នៅ​កម្ពុជា នូវ​កិច្ចខិតខំ​ប្រឹងប្រែង និង​លទ្ធផល​សម្រេច​បាន​នា​ពេល​កន្លងមក​របស់​ខ្លួន និង​ស្នើ​ឲ្យ​មាន​កិច្ចសហការ​កាន់តែ​ប្រសើរ​ឡើង​រវាង​អគ្គនាយក​ដា្ឋ​ន​ទឹក​ស្អាត ​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជាមួយ​សមាគម​ផលិត​ទឹកស្អាត​នៅ​កម្ពុជា ដើម្បី​ឈាន​ទៅ​សម្រេច​លទ្ធផល​ជោគជ័យ​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិ​រ​ភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ស្ដីពី​វិស័យ​ទឹក​ស្អាត ជាពិសេស​ គឺ​គោលដៅ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន​ ជា​ប្រមុខ​ដឹកនាំ​ប្រទេស ដែល​បាន​កំណត់​នូវ​អភិក្រម​៤​យ៉ាង ​លើ​វិស័យ​ទឹក​ស្អាត គឺ ​៖​ ទឹក​មាន​គុណភាព​- សុវត្ថិភាព​-​និរន្តរភាព និង​តម្លៃ​សមរម្យ ៕