ព័ត៍មានទាន់​ហេតុការណ៏
Search

ហួសចិត្ត​ខ្លាំង​ណាស់ ​ខ្លួន​មាន​ប្ដី​ និង​កូន​បីនាក់​ទៅហើយ​ បែរជា​អង្វរ​ប្ដី​សុំ​យកប្ដី​មួយទៀត​

​ភ្នំពេញ ​៖ ​ស្ត្រី​ម្នាក់​មាន​ប្ដី​ និង​បង្កើត​ បាន​កូន​៣​នាក់​ហើយ ​តែ​ហាក់​មិនទាន់​ស្កប់ចិត្ត​នៅឡើយ​ បាន​សុំ​អង្វរ​ប្តី​ជា​ច្រើនលើកច្រើនសា ​ដើម្បី​ឲ្យ​ប្ដី​អនុញ្ញាត​ឲ្យ​ខ្លួន​នាំ​ប្រុស​សហាយ​មក​ដេក​រស់នៅ​ក្នុង​ផ្ទះ​ជាមួយគ្នា​តែម្ដង​ ដោយ​នាង​អះអាង​ថា​ នាង​អាណិត​ប្រុស​ស្នេហ៍​នោះ​ពេក​ ព្រោះ​គេ​ថា​គេ​បាក់ចិត្ត​ស្រឡាញ់​នាង​ខ្លាំង​ណាស់​ ថែមទាំង​ធ្លាប់​បាន​គីគីលូ​ជាមួយគ្នា​ពីរ​បី​ដង​ទៀត​ផង ឯ​ការ​ទំនាក់ទំនង​នេះ ​ផ្ដើម​ចេញពី​ការ​លេង​ឆាត​ជាមួយគ្នា​តាម​ហ្វេសប៊ុ​ក​។​

អ្វី​ដែល​ឈាន​ដល់​ការ​បែក​ធ្លាយ​ និង​នាំគ្នា​មក​ដោះស្រាយ​នៅ​ប៉ុស្តិ៍​នគរបាល​បែប​នេះ​ ដោយសារតែ​ពេល​ប្ដី​យល់ព្រម​ឲ្យ​ប្រុស​សហាយ​មក​ដេក​ស្នាក់នៅ​តូប​មុខ​ផ្ទះ​ខ្លួន​ហើយ​នោះ ​គាត់​បាន​តាម​ទាន់​ប្រពន្ធ​ខ្លួន​ទៅ​ដេក​ជាមួយគ្នា​យ៉ាងច្បាស់​ក្រឡែត​ ទើប​បុរស​ជា​ប្ដី​ទ្រាំ​មិនបាន ​ក៏​ដាច់ចិត្ត​ប្ដឹង​សមត្ថកិច្ច​មក​ដោះស្រាយ​គ្នា​នៅ​ប៉ុស្តិ៍ ​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២០ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ ​ដែល​ស្ថិតនៅ​ផ្ទះ​ជួល​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​ទី​២ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

បុរស​ជា​ប្តី ឈ្មោះ នី សាវឿន ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ​ មាន​ស្រុកកំណើត​នៅ​ភូម​ពីងពុង​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង​ ខេត្តកណ្ដាល​។ ​ចំណែក​ឯ​ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ ទឹម សុ​ណា​រ៉ា​ អាយុ​៣៧​ឆ្នាំ​ មុខរបរ​កម្មការិនី​រោងចក្រ​ រស់នៅ​ភូមិ​ជាមួយគ្នា មាន​ស្រុកកំណើត​នៅ​សង្កាត់​បឹង​កក់​២​ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​។​

ដោយឡែក​ បុរស​ជា​សហាយ​ ឈ្មោះ ហ៊ា​ប គូក អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ ​មាន​ស្រុកកំណើត​នៅ​ភូមិ អំពិល​ឃុំ​ព្រះស្ដេច ស្រុក​ព្រះស្ដេច ​ខេត្ត​ព្រៃវែង​។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​ប្តី​បាន​និយាយ​ប្រាប់​ថា គាត់​ធ្លាប់​មាន​ប្រពន្ធ​២​លើក​មក​ហើយ ​ដោយ​លើកដំបូង​គាត់​បានការ​ត្រឹម​ត្រូវជា​មួយ​ប្រពន្ធដើម ដោយ​បាន​រស់នៅ​ជាមួយគ្នា​ជាច្រើន​ឆ្នាំ​នាង​នោះ​ក៏​រត់ចោល​គាត់​ទៅតាម​ប្រុស​ស្នេហ៍​គេ​បាត់​ទៅ ដោយ​ពុំមាន​ទំនាស់​អ្វី​បន្តិច​សោះឡើយ។

លុះ​ក្រោយមក ​ក៏​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រពន្ធ​ក្រោយនេះ ​មិនបាន​រៀបការ​ត្រឹមត្រូវ​ទេ​ ប៉ុន្តែ​បាន​ទំនាក់ទំនង​ស្រឡាញ់​គ្នា បាន​ប្រមាណ​១៦​ឆ្នាំ​ហើយ និង​មាន​កូន​៣​នាក់​ទៀត​ផង ព្រមទាំង​បាន​ចុះ​អេតាស៊ីវិល​រួចទៅហើយ​ដែរ ​តែ​ប្រពន្ធ​គាត់​ម្នាក់នេះ​មិនដឹង​គេ​គិត​យ៉ាងម៉េច​ បែរជា​ហែក​ចោល​បាត់​ទៅ​។

ប្រភព​បន្ដ​ថា​ នៅ​មុនពេល​កើតហេតុ ប្រមាណ​ជាង​២​ខែ​មុននេះ ​នាង​ជា​ប្រពន្ធ​បាន​និយាយ​រឿង​ប្រាប់​ប្ដី​ថា រូបនាង​បាន​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ខាងលើ តាម facebook បាន​សុំ​រស់នៅ​ជាមួយគ្នា តែ​ប្តី​មិន​ព្រម លុះ​ប្រពន្ធ​គាត់​នៅតែ អង្វរករ ច្រើនលើកច្រើនសា​ពេក ហើយ​ថែមទាំង​ប្រាប់​ពី​ការ​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយគ្នា​បាន​ពីរ​បី​ដង​រួចមកហើយ​ផងដែរ​។

ពេលនោះ ​ប្រពន្ធ​របស់​គាត់​ចេះតែ​អង្វរ​សុំ​រស់នៅ ជា​ទំនាក់​ទំនងជា​បងប្អូន​ធម្មតា​ទេ ដោយ​ឲ្យ​មក​ដេក​នៅខាងមុខ​ផ្ទះ ព្រោះ​បុរស​ជា​សហាយ​នោះ​បាក់ចិត្ត​ស្រលាញ់​នាង​ខ្លាំងពេក​។ ដោយ​នាង​អង្វរករ​ខ្លាំង​ពេក ​ទើប​ប្តី​យល់ព្រម​ឲ្យ​សហាយ​នោះ​មក​រស់នៅ​ជាមួយ​បាន​២​ថ្ងៃ​២​យប់។

ប្រភព​បន្ដ​ថា ​រហូតមកដល់​ថ្ងៃកើតហេតុ​ ស្រាប់តែ​ប្រពន្ធ​របស់​គាត់​មិន​ទៅ​ដេក​ជាមួយ គាត់​ទេ​បែរជា​ទៅ​ដេក ជាមួយ សហាយ​ស្មន់​ទៅវិញ​ដោយ​ឃើញច្បាស់​នឹង​ភ្នែក​ពេក​ទ្រាំ​ទប់​កំហឹង​មិនបាន​ទើប​គាត់​តេ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់​ប្រពន្ធ​ និង​សហាយ​ស្មន់​យក​ទៅ​សាកសួរ​ភ្លាមៗ​ផង​ដែរ​។​

ប្រភព​ដដែល​បាន​បន្តទៀតថា ទោះបី​ដឹងថា​ ប្រពន្ធ​មាន​ទំនាក់ទំនង​ជាមួយ​ប្រុស​ផ្សេង​ក៏ដោយ ​គាត់​នៅតែ​ចិត្ត​មិន​ដាច់​អាណិត​កូន​នៅ​សិក្សា ដំបូង​ឡើយ​ថា​ ទាមទារ​សំណង​ក្នុង​មួយ​នាក់​ចំនួន​៣​ម៉ឺន​ដុល្លារ ដើម្បី​សង​ជំងឺផ្លូវចិត្ត តែ​ចុងក្រោយ គាត់​ថា​នឹង​ដក​ពាក្យបណ្ដឹង​វិញ គ្រាន់តែ​ឲ្យ​បុរស​ជា​សហាយ​បែក​ចេញពី​គ្រួសារ​របស់​គាត់ ព្រមទាំង​ឲ្យ​ប្រពន្ធ​របស់​គាត់ ធ្វើ​កិច្ចសន្យា​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជួយ​ដឹងឮ​ឲ្យ​ឈប់​ទាក់ទង​គ្នា​ទៀត​ទៅ។​

បើតាម​អ្នកដឹង​រឿងនេះ​បាន​លើកឡើងថា​ ប្ដី​ប្រពន្ធ​គេ​មួយគូ​នេះ ​បើ​ស្ដាប់ទៅ​ដូច​លេង​ឡុកឡ​អីចឹង​បែរជាយក​រឿង​បញ្ហា​ជីវិត​គូស្រករ​មកលេង​សើច​ដូចជា​ប្រពន្ធ​ហ៊ាន​ហែក​សំបុត្រ​អេតាស៊ីវិល​ចោល​និង​ហ៊ាន​សុំ​ប្ដី​យក​ប្រុស​សហាយ​មក​ដេក​ស្នាក់នៅ​ជាមួយគ្នា​ធ្វើ​ដូច​កូនក្មេង​មៀម​ដៃ​ដូច្នេះ​ដែរ គេ​មិន​យល់ថា​អារម្មណ៍​ពួកគេ​គិតពី​ស្អី​ទេ បើទោះបី​នៅ​ប្រទេស​អឺរ៉ុប​ក៏​មិន​ដល់​ថ្នាក់​នឹង​ពេក​ដែរ។​

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​រដ្ឋបាល​ចោមចៅ​ទី​២ បាន​បញ្ជូន​ ស្ត្រី​ជា​ប្រពន្ធ​ និង​ប្រុស​សហាយ​ស្មន់ ទៅ​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រង់ចាំ​ភាគី​ជា​ប្តី​ដក​ពាក្យបណ្ដឹង​វិញ​ ឬ​យ៉ាងណា​តាម​ការគិត​ឃើញ​របស់គេ​ចុះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114