ព័ត៍មានទាន់​ហេតុការណ៏
Search

ច​ន ច័ន្ទ​លក្ខិណា ផ្ទុះ​ប្រតិកម្ម​លើ​នារី​ម្នាក់​ដែល​រិះគន់​ស្នាដៃ​នៃ​ការផលិត​រឿង បន្តោង​ឆ្នាំងដី របស់ខ្លួន​

​ភ្នំពេញ ​៖​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ និង​ជា​តារា​សម្ដែង​វ័យ​ជ្រេ ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​ បាន​ផ្ទុះ​ប្រតិកម្ម​ផ្អើល​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​បន្ទាប់ពី​នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់​ បាន​ធ្វើ​ការរិះគន់​មិន​សំចៃ​មាត់​លើ​ស្នាដៃ ​នៃ​ការផលិត​ភាពយន្ត​ដំបូង​របស់​ខ្លួន​ គឺ​រឿង បន្តោង​ឆ្នាំង​ដី ថា​គ្មាន​គុណភាព​និង​សាច់រឿង​មិនល្អ​មើល។

ជា​ប្រតិកម្ម​ឆ្លើយតប ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​លើកឡើងថា​ ស្តាយ​ចិត្ត​ដែល​ធ្លាប់​Comment គាំទ្រ​ និង​លើកទឹកចិត្ត​កាលពី​រឿង​ផុស​អួត ​និង​វាយប្រហារ ឈ្លោះ​ជាមួយ​អ្នកលក់​online ដូចគ្នា​តាម​Facebook ហើយ​គេ​ជេរ​ស្ទើរ​គ្រប់គ្នា ដល់ពេលនេះ​ទើប​ដឹងថា​ចរិត​អឿ​ ​អាង​អំណាច​ឪពុក​ដូច​គេ​និយាយ​មែន និយាយ​ឡើង​សុទ្ធតែ​មិនសូវ​ទំនេរ​ផង ហើយ​ទើបតែ​គាំទ្រ​រឿង​ខ្មែរ​មួយ​រឿង​នេះ​ទេ​។​

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​រៀបរាប់​ទៀត​ថា​ សម្ដី​កូនអ្នកមាន​ គឺ​អញ្ចឹង និយាយ​ចេញមក ​គឺ​មើលងាយ​អ្វី​ ដែល​ជា​ស្នាដៃ​ខ្មែរ បើ​អស្ចារ្យ​ណាស់ ទៅ​លក់​ផលិតផល​ឲ្យ​សាសន៍​ដទៃ​ទៅ ព្រោះ​តាម​សម្ដី ​គឺ​មើលងាយ​ខ្មែរ​ណាស់ ហើយ​ប្រើ​ភាសា ច​យ​អើយ ជា​ភាសា​សាសន៍​អ្វី​ដែរ​បងប្អូន ?​កូន​ខ្មែរ ?។
​អ្នកលក់​ឡេ​មិន​ប្រាកដថា​ ឡេនឹង​ប្រើ​ខ្លួនឯង​ដែរ ជួនកាល​អ្នកខ្លះ​ខំ​ចាក់​ថ្នាំ​ឲ្យ ស​ ដើម្បី​មក​ផ្សព្វ​ផ្សាយ​លក់​ឡេ​ដែល​ផលិត​ខ្លួនឯង លាយ​ខ្លួនឯង ​ហើយក៏​ឮជា​រឿយៗ​ថា​ អូន​ចូលចិត្ត​មើលងាយ​គេ និង មានរឿង​ឈ្លោះ​ជាមួយ​គេ​ច្រើន​នាក់​ដែរ ជាពិសេស​អ្នកលក់ online ដូចគ្នា។​

តារា​ស្រី​ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និយាយ​បន្ត​ថា ​អូយ​ តែ​មិន​ហ៊ាន​និយាយ​ជាមួយ​អ្នកលក់​ឡេ​កូន​មន្ត្រី​ធំ​ទេ​ ហើយក៏​អរគុណ​ផងដែរ ​ដែល​ខំ​ចំណាយពេល​ដ៏​មហា​មាន​តម្លៃ​ទៅ​មើល​រឿង​ដែល​គិត​ថា​ឆ្កួត ​បង នឹង​ខំ​ពង្រឹង​ការផលិត​ភាពយន្ត​ខ្មែរ​ឲ្យ​ល្អ​ ព្រោះ​បង​នឹង​ខំប្រឹង​ ដើម្បី​អ្នក​សិល្បៈ​ខ្មែរ​មានតម្លៃ ដើម្បីឲ្យ​កម្មករ​ថត​ភាពយន្ត​ខ្មែរ​ដែល​មាន​ជីវភាព​ក្រីក្រ​មាន​ការងារ​ធ្វើ ដើម្បី​ឲ្យ​វិស័យ​ភាពយន្ត​ខ្មែរ​រីក​ចម្រើន​ ព្រោះ​សម្បូរ​កូន​ខ្មែរ​ដូច​អូន​មក​នាំគ្នា​មើលងាយ​ខ្មែរ​គ្នាឯង។

បន្ថែម​ពីលើ​នេះ ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា លើកឡើង​ទៀតថា ​កំឡុងពេល​បញ្ចាំង​ភាពយន្ត​នេះ​ គឺ​ខ្ញុំ​បាន​ដាក់​ចិត្ត​ទទួលយក​ការរិះគន់​ទាំងឡាយ ហើយក៏​មានការ​រិះគន់ និង លើក​សរសើរ តែ​ខ្ញុំ​មិន​ដែល​តបត​នឹង​ការរិះគន់​ដ៏​មាន​ប្រយោជន៍​ និង​ប្រកបដោយ​សីលធម៌​របស់​បងប្អូន​ទាំង​នោះ​ទេ តែ​ប្អូន​ស្រី​ម្នាក់នេះ​និយាយ​មក​ គឺ​ហួស​និយាយ​។​

សូម​បញ្ជាក់​ថា​ ការ​ផ្ទុះ​ប្រតិកម្ម​របស់​តារា​ស្រី​ជើងចាស់ ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ខាងលើនេះ​បាន​ធ្វើ​ឡើង​ភ្លាមៗ ​ក្រោយពេល​នារី​​ម្នាក់​ដែល​ប្រើ​Account Facebook ឈ្មោះ ​Sonita Mako ធ្វើការ​រិះគន់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ក្នុង​ផ្ទៃ​សាច់រឿង​ទាំង​មូល នៃ​ភាពយន្ត​រឿង បន្តោង​ឆ្នាំ​ដី គឺ​គ្មាន​ភា​ព​ល្អ​មើល​ ឬ​ទាញ​បានការ​ចាប់អារម្មណ៍​ និង​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ដែល​ចូល​ទស្សនា​នោះ​ឡើយ​៕