ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​ម៉ូតូ​បត់​ឆ្វេង​មិន​ប្រយ័ត្ន​ ត្រូវ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​បុក​រង​របួស​ធ្ងន់​

​តាកែវ ៖ អ្នកបើកបរ​ម៉ូតូ​ម្នាក់​ បាន​រង​របួស​ធ្ងន់​ ក្រោយពី​បើកបរ​មិន​ប្រុងប្រយ័ត្ន​ ខណៈ​ដែល​ខ្លួន​បត់​ឆ្វេង​ ក៏​ត្រូវ​រថយន្ត​ដឹក​កម្មករ​បុក​ពេញទំហឹង​។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​៥​និង​២០​នាទី លើ​ផ្លូវជាតិ​លេខ​៣​ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​៤៣-៤៤ ស្ថិត​ក្នុងភូមិ​ត្រាំ​ខ្នាត ឃុំ​សូ​ភី ស្រុក​បាទី ខេត្ត​តាកែវ​។

ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​មាន ឈ្មោះ ហម សាំង​ហួ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ ឃុំ​ជង្រុក ស្រុក​គង​ពីសី ខេត្ត​កំពង់ស្ពឺ​។ ចំណែកឯ​រថយន្ត​បង្ក​ម៉ាក​ទី​តាន់ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2I 9871​។

ដោយឡែក​ សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យ​ដឹង​ដែរ​ថា មុន​ពេល​កើតហេតុ​ពួកគាត់​បាន​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​កូរ៉េ គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ជនរងគ្រោះ​ មកពី​ទិស​ខាងជើង​ ទៅ​ត្បូង​ លុះ​ដល់​ចំណុចកើតហេតុ​ បាន​បត់​ឆ្វេង​មិន​ប្រុងប្រយ័ត្ន ​ក៏ត្រូវ​រថយន្ត​ដែល​ដឹក​កម្មករ​មកពី​ត្បូង​បុក​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​តែម្តង​ទៅ​។

ជាមួយគ្នា​នោះ​ តៃកុង​រថយន្ត​ ដែល​បើក​បុក​ជនរងគ្រោះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​ព្រោះ​បាន​រត់​គេចខ្លួនបាត់​ក្រោយ​កើតហេតុ​។​

បច្ចុប្បន្ន​ វត្ថុតាង​ទាំងពីរ​គ្រឿង ​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​ទុក​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ។​

ចំណែក​ជនរងគ្រោះ ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​៕