ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​ជនសង្ស័យ ​ដែល​បាន​ជិះ​ម៉ូតូ​បុក​ប៉ូលិស ​បង្ក​ឲ្យ​ស្លាប់​

កំពង់ចាម ៖ កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​ បាន​សហការ​តាម​ស្រាវជ្រាវ​ចាប់ខ្លួន ជនសង្ស័យ​ម្នាក់​បន្ទាប់ពី​រត់គេចខ្លួន ក្រោយពី​បើក​ម៉ូតូ​បុក​រនាំង​ផ្លូវ ហើយ​បុក​ប៉ូលិស​ដែល​មក​ត្រួតពិនិត្យ​អាវុធជាតិ​ផ្ទុះ​។​

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​យោង​ផែនការណ៍​លេខ​៥៨/២០១៨ ចុះ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ហត្ថ​លេខា ដោយ​លោក​វរសេនីយ៍​ឯក ខេង ស្រេង អធិការ​នគរបាល​ស្រុក​ចំការលើ និង​ដោយមាន​ការ​ឯកភាព​ពី លោក​អភិបាល នៃ​គណៈ​អភិបាលស្រុក​ចំការលើ ស្ដីពី​ការ​ចុះ​ល្បាត និង​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​តាម​ដង​ផ្លូវ គឺ​នៅ​ថ្ងៃ​១៩ ខែ​វិច្ឆិកា ឆ្មាំ​២០១៨ វេលា​ម៉ោង​១៩​និង​០០​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​តា​ប្រុក ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ត្រី អ៊ុ​ល សុខ​ខុម អធិការរង​ផ្នែក​អត្តសញ្ញាណ​កម្ម បាន​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទះ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧១ ភូមិ​ផ្លាក ឃុំ​តា​ប្រុក ស្រុក​ចំការលើ ខេត្ត​កំពង់ចាម។​

ប៉ូលិស​បាន​បន្តថា រហូតដល់​វេលា​ម៉ោង​២០​និង​១០​នាទី មាន​ម៉ូតូ​០១​គ្រឿង មាន​គ្នា​២​នាក់ ជិះ​ពី​ទិស​ខាងត្បូង​មក​ជើង ដោយមាន​ការសង្ស័យ សមត្ថកិច្ច​យើង បាន​បញ្ចាំង​ភ្លើង​បញ្ជា​ចរាចរ និង​ហៅ​ឲ្យ​ឈប់ តែ​ជនសង្ស័យ​មិន​ឈប់ ហើយ​បាន​បន្ថែម​ល្បឿន​ម៉ូតូ ជិះ​បុក​រនាំង​ឃាំង​ផ្លូវ ហើយ​បន្ត​បុក​ត្រូវ​លោក​អនុសេនីយ៍ឯក ជឺ ម៉ាច នាយ​ប៉ុស្តិ៍ តា​ប្រុក បណ្ដាល​ឲ្យ​បាក់ជើង​ឆ្វេង និង​រង​របួស​ក្បាល ដែល​កំពុង​ឈរ​ឃាត់​នៅ​ចិញ្ចើម​ផ្លូវ​។​ បន្ទាប់មក​ជនសង្ស័យ​ទាំង​២​នាក់ ​បាន​ផ្ដួល​ម៉ូតូ​ម៉ាក ហុងដា សេ​125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ 2015 ពាក់​ស្លាក​លេខ កំពង់ធំ​1E-7720 ហើយ​រត់គេចខ្លួន​ចូលទៅ​ក្នុងព្រៃ​ចម្ការ​កៅស៊ូ​តែម្ដង ដោយ​យប់​ងងឹត​សមត្ថកិច្ច​រក​ជន​បង្ក​មិន​ឃើញ​។​

រីឯ​ជនរងគ្រោះ​ ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ ហើយ​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង១១​និង​០០​នាទី។​

ប៉ូលិស​បាន​បន្ត​ថា​ ក្នុងករណីនេះ​សមត្ថកិច្ច​យើង​បាន​បើក​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ស៊ន​ វាសនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជន​ជាតិខ្មែរ (​ជា​អ្នកបើកបរ​) មាន​ទីលំនៅ​ភូមិ​លេខ​២ ឃុំ​ចម្ការ​អណ្ដូង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ​ដែល​បាន​ទៅ​លាក់ខ្លួន​នៅផ្ទះ​អ៊ំ ​ឈ្មោះ ញឹម ញឿ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​ នៅ​ភូមិគ​គី​អណ្តែត ឃុំ​ទ្រាល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ចំណែក​បក្ខពួក​ម្នាក់ទៀត (​អ្នកជិះ​ពីក្រោយ​) ឈ្មោះ លី​ញ គោ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ ជន​ជាតិខ្មែរ កំពុង​លាក់ខ្លួន​ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​។​

ប៉ូលិស​បាន​បញ្ជាក់​ថា​ ជនសង្ស័យ​ខាងលើ​ ត្រូវ​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ដើម្បី​ចងក្រង​សំណុំរឿង​តាម​នីតិ​វិធី​៕​