ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាល​រាជធានី​ភ្នំពេញ​បញ្ជា​ទៅ​នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ កត់ត្រា​ឲ្យ​បាន​ច្បាស់​ពី​ខ្លឹមសារ​ប្រជុំ ដើម្បី​ងាយ​ធ្វើ​ការងារ

ភ្នំពេញ​ ៖ គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ជា​ថ្មី​ទៀត​នៅមុន​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ចូល​មក​ដល់​នៅ​ថ្ងៃទី២១​ វិច្ឆិកា​នេះ​ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​សំខាន់​ទៅលើ​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ​ក្នុង​ឱកាស​ពិធីបុណ្យ​៣​ថ្ងៃ​នៅមុខ​ព្រះបរមរាជវាំង​។

កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា​ ឆ្នាំ២០១៨ ក្រោម​អធិបតីភាព លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ភាព​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ។

លោក​ឃួ​ង ស្រេង ក្នុង​កិច្ចប្រជុំ​នោះ​បាន​ជំរុញ​ឲ្យ​មានការ​យកចិត្តទុកដាក់​បន្ថែម លើ​ការងារ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​រួម​ទាំង​ការ​បញ្ចៀស​ចរាចរ​,​ការលក់ដូរ គ្មាន​សណ្តាប់​ធ្នាប់ ជាពិសេស​អាជ្ញាធរ​ខណ្ឌ​ទាំង​១២​គួរ ​លើកយក​ចំណុច​ក្រហម​ដែល​ជា​ចំណុច​ស្ទះ​ចរាចរ​ខ្លាំង​មក​ជជែក​និង​មាន​វិធានការ​ដោះស្រាយ​ដោយ​លោក​អភិបាល​រាជធានី​បញ្ជាក់​ថា បន្ទាប់ពី​បញ្ហា​សន្តិសុខ គឺ​បញ្ហា​ចរាចរ​នេះឯង​ជា​បញ្ហា​ធំ​សម្រាប់​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​។ ទាំងអស់គ្នា​ទាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ខណ្ឌ​ទាំង ១២ ត្រូវធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​សំឡេង​ផ្ទុះ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទទួលខុសត្រូវ​និង​ធានា​ឲ្យ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ប្រកបដោយ​ក្តី​សប្បាយ​រីករាយ​។​ ទប់ស្កាត់​ឲ្យ​បានការ​ប៉ុនប៉ង​បង្ក​វិច្ឆេទកម្ម​ ឬ ​ភេរវកម្ម​ក៏​ដូច​បទល្មើស​ផ្សេងៗ ទៀត​។

ជា​មួយ​គ្នា​នេះ លោក​អភិបាល​ក៏បាន​ណែនាំ​បន្ថែម​ទៀត​ក្នុង ការទប់ស្កាត់​ឡាន​ធំ​ចូល​ក្រុង ឬ​ការ​សង់​រោងបុណ្យ រោងការ​បិទផ្លូវ​សាធារណៈ​គឺ​អាជ្ញាធរ​ខណ្ឌ​រួម​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវតែ​យកចិត្តទុកដាក់​លើ​ការណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​ថា សំដី​ចៅហ្វាយក្រុង​សាប ដូច​ទឹក​ក្នុង​ពេល​ចរាចរ​ក្នុង​ទីក្រុង​កាន់តែ​ចង្អៀត​។

លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​លោកនាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ កត់ត្រា​ឲ្យ​បាន​ច្បាស់​រាល់​ខ្លឹម សារ​ប្រជុំ​នេះ ក្រោយ​ប្រជុំ​រួច​ថា​ តើ​អាជ្ញាធរ និង​មន្ត្រី​ពាក់​ព័ន្ធ​អនុវត្ត​បាន​អ្វីខ្លះ​?៕