ព័ត៍មានទាន់​ហេតុការណ៏
Search

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ គ្រោង​ចុះ​ចែក​មួក​សុវត្ថិភាព​១០​ម៉ឺន​មួក ​នៅ​ថ្ងៃ​បុណ្យ​អុំទូក​

​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក សហការ​ជាមួយ អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​នៃ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន គម្រោង​នឹង​ចុះ​ចែក​មួក​សុវត្ថិភាព​ចំនួន​១០​ម៉ឺន​មួក ​ចាប់ពី​ថ្ងៃបុណ្យ​អុំទូក​ទៅ។

ការបន្ត​ចុះ​ចែក​មួកសុវត្ថិភាព​នេះ ​ខណៈដែល​ក្រុមការងារ​គណៈកម្មការ​ចុះ​ផ្សព្វផ្សាយ ច្បាប់​ចរាចរ​ណ៍​ដល់ បងប្អូន​ប្រជា ពលរដ្ឋ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ​ នៅ​ពេល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ក្នុង​ឱកាស​បុណ្យអុំទូក​ខាងមុខ។​

នៅ​ព្រឹក​ថ្ងៃ​ទី​២០​វិច្ឆិការ​នេះ ​លោក ព្រំ វ​ន្ថា ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​លើ​ឡើង​ថា កាលពី កន្លងទៅ​យើង​បាន​ចុះ​ផ្សព្វផ្សាយ និង ចែក​មួក​សុវត្ថិភាព​បាន​ជិត​៥​ម៉ឺន​មួក​ហើយ ដែល​ជា​ការ​សហការ​គ្នា​រវាង ក្រសួង​សាធារណការ និង គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក។​

លោក​បញ្ជាក់ថា យើង នឹង​បន្ត​ចែក​ឲ្យ​បាន​១០​ម៉ឺន​មួក​ទៅតាម​គោលការណ៍​ដែល​បាន​គ្រោងទុក​ហើយ យើង នឹង​បន្ត​ចុះ​ផ្សព្វផ្សាយ​ជា​បន្តទៀត​នៅក្នុង​១​ខែ​ យើង​ចុះ​ផ្សព្វផ្សាយ​ចំនួន​៣​ខេត្ត​ហើយ​យើង បាន​ចែក​ស្ទីក​ឃើ​ចំណាំង​ផ្លាត​បិទ លើ​ម៉ូតូ​បាន​ចំនួន​៣.៤០៦.០០០​ស្ទីក​ឃើ មក​ហើយ។​

លោក​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ផ្លូវ ត្រូវ​គោរព​ច្បាប់ ​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ពេល​បើកបរ​ត្រូវ​ពាក់​មួក​សុវត្ថិភាព ទាំង​អ្នកបើកបរ ​និង​អ្នក​រួម​ដំណើរ ​ព្រមទាំង​កុមារ ដែល​មាន​អាយុ​៣​ឆ្នាំ​ឡើងទៅ អ្នក​ដែល​បើកបរ​យានយន្ត​ត្រូវ​ពាក់​ខ្សែ​ក្រវាត់​ឲ្យ​បាន​ត្រឹមត្រូវ កុំ​ជិះ​លើ​រថយន្ត​ផ្ទុក​លើ​ស​ចំណុះ សំពីងសំពោង កុំ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង បើកបរ​ហួស​ល្បឿន​កំណត់ និង​មុន​វ៉ា​ចេង​ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ ចៀសវាង​មាន​គ្រោះថ្នាក់​កើតឡើង លោក​បាន​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ក្នុង​ឱកាស​ព្រះ​រាជពិធី​បុណ្យអុំទូក ទទួល​បាន​នូវ​សុខ សុវត្ថិភាព​ទាំងអស់គ្នា។​

សូម​ជម្រាប​ថា​ ការចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ក៏​មាន​ការឆ្លើយ​សំណួរ​ពាក់ព័ន្ធ​នឹង​ច្បាប់​ចរាចរណ៍​ទទួលបាន​មួកសុវត្ថិភាព​ផងដែរ​។​
​ឱកាស​ពិធី​អុំទូក អកអំបុក​អក​បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ធ្វើការ​អំពាវនាវ​ដល់​សាធារណជន​ជា​អ្នកប្រើប្រាស់​ផ្លូវ​ដូច​ផង​ដែរ​ដូចជា ​៖ ១- ត្រូវ​ពាក់​មួក​សុវត្ថិភាព​ជានិច្ច​ក្នុង​ពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត។ ២- មិនត្រូវ​បើកបរ​លើស​ល្បឿន កំណត់​ជាដាច់ខាត។ ៣- មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​ នៃ​គ្រឿង​ស្រវឹង​ជាដាច់ខាត។ ៤- ត្រូវគោរព​សិទ្ធិ​អាទិភាព​រូប​សញ្ញា​ចរាចរ និង​ប្រកាន់​ស្តាំ​ជានិច្ច។ ៥- ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជានិច្ច​ក្នុង​ពេល​ធ្វើដំណើរ​តាម​រថយន្ត។ ៦- មិនត្រូវ​បត់ ឬ​វ៉ា​ជែង​ក្នុង​ភាព​ប្រថុយប្រថាន ឬ​ប្រើ​ទូរស័ព្ទ​ដោយ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់ទំនង។ ៧- ត្រូវ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច ពិសេស​ត្រួតពិនិត្យ​កង ចង្កូត ហ្វ្រាំង ភ្លើង​បំភ្លឺ។ ៨ -​សូមកុំ​ទុក​អ្នកដំណើរ ឬ​ទំនិញ​លើស​ច្បាប់​កំណត់ ។​ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​ដឹក​កម្មករ​មិនត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​អ្នកជិះ​លើដំបូល និង​សូម​មេត្តា​កុំ​តំឡើង​ថ្លៃ​ធ្វើដំណើរ​ក្នុងឱកាស​នេះ។ ៩- មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ដែល​ងុយ​ដេក​ជាដាច់ខាត។ ១០-ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​ប្រកបដោយ​សីលធម៌​យោគយល់​អធ្យាស្រ័យ។​

គួរ​កត់​សម្គាល់​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៨ នេះ ​មាន​អ្នកជិះ​ទោចក្រយានយន្ត​ចំនួន​៨១% ដែល​ភាគ​ច្រើន​ជា​យុវវ័យ​បាន​ក្លាយ​ជា​ជនរងគ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវគោក ហើយ​ក្នុងចំណោម​ជនរងគ្រោះ​ទាំង​នោះ​មាន​៧៧% ដែល​មិនបាន​ពាក់មួក​សុវត្ថិភាព ក្នុងពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ស្ទើរតែ​រាល់​លើក៕