ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Xi ធ្វើ​ទស្សនកិច្ច​ប្រទេស ហ្វីលីពីន ខណៈ​ចិន​និង​អាមេរិក​ឈ្លោះ​គ្នា​សម្រាប់​តំណែង​មហាអំណាច

នៅ​ថ្ងៃ​អង្គារ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ទៅធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ជា​លើកដំបូង​ក្នុងប្រទេស​ហ្វីលីពីន​ ដែលជា​សម្ព័ន្ធមិត្ត​ប្រពៃណី​របស់​សហរដ្ឋអាមេរិក​ ខណៈ​ទីក្រុង​ប៉េកាំង​និង​ក្រុង​វ៉ាស៊ីនតោន​បាន​ប៉ះទង្គិច​គ្នា​ដើម្បី​ដណ្តើម​តំណែង​កំពូល​ក្នុង​តំបន់​ប៉ាស៊ីហ្វិក។

​ប្រទេស​ចិន​បានទទួល​ភាពជា​ដៃគូ​បន្ទាប់ពី​ការជាប់ឆ្នោត​ឆ្នាំ​២០១៦​របស់លោក​ប្រធានាធិបតី Rodrigo Duterte ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណងទាក់ទង​អាយុកាល​មួយ​សតវត្សរ៍​រវាង​ប្រទេស​ហ្វីលីពីន​និង​សហរដ្ឋអាមេរិក​ខណៈ​មានការ​ប្រកួតប្រជែង​ផ្នែក​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ពី​គូប្រជែង​របស់​អាមេរិក​ដែល​កំពុង​កើនឡើង​។​

រដ្ឋាភិបាល​ក្រុង​ម៉ានីល​បាន​និយាយថា ខ្លួន​សង្ឃឹមថា ការឈប់​សំណាក់​រយៈពេល​ពីរ​ថ្ងៃ​ដែលជា​លើកដំបូង​ពី​សំណាក់​ប្រធានាធិបតី​ចិន​មួយរូប​ក្នុង​រយៈពេល​១៣​ឆ្នាំ​មកនេះ​គឺ​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដែល​បាន​សន្យា​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅពេល​លោក Duterte ធ្វើ​ទស្សនកិច្ច​កាលពី​ពីរ​ឆ្នាំមុន​។​

ប្រទេស​ចិន​បាន​បែងចែក​ប្រាក់កម្ចី​រាប់ពាន់​លាន​ដុល្លារ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​នៅពេលដែល​ខ្លួន​ពង្រីក​ឥទ្ធិពល​នយោបាយ​របស់​ខ្លួន​នៅ​ទូទាំង​ពិភពលោក​ដោយ​ប្រឆាំង​ទៅនឹង​ឥទ្ធិពល​របស់​អាមេរិក​ជាពិសេស​នៅក្នុង​ទ្វីបអាស៊ី​។​

លោក Duterte បាន​ឱបក្រសោប​លោក Xi ថ្វីបើ​ភាគី​ទាំងពីរ​មាន​បញ្ហា​ជាមួយគ្នា​ដោយសារតែ​សាលក្រម​ឆ្នាំ​២០១៦​ដ៏​សំខាន់​ពី​តុលាការអន្តរជាតិ​ដែល​បានប្រកាសថា ការទាមទារ​ដ៏​ធំធេង​របស់​ក្រុង​ប៉េកាំង​លើ​សមុទ្រ​ចិន​ខាងត្បូង​គឺ​គ្មាន​មូលដ្ឋានគ្រឹះ​ក៏ដោយ​។​

ក្នុងពេល​ជាមួយគ្នានេះដែរ មេដឹកនាំ​និយាយ​មិន​សំចៃមាត់​រូបនេះ​បានប្រកាស​បញ្ចប់​នូវ​ទំនាក់ទំនង​របស់​ប្រទេស​ហ្វីលីពីន​ជាមួយ​សហរដ្ឋអាមេរិក​ហើយ​ថែមទាំង​ហៅ​ប្រធានាធិបតី​អាមេរិក​លោក Barack Obama ថា “son of a whore” (​ពាក្យ​អសុរោះ​) ផងដែរ​។​

ប៉ុន្តែ​ទំនាក់ទំនង​មាន​ភាពកក់ក្តៅ​ឡើងវិញ​ចាប់តាំងពី​លោក Donald Trump ក្លាយជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​និង​បាន​ទម្លាក់​ការរិះគន់​របស់​អាមេរិក​ទៅលើ​ការបង្ក្រាប​គ្រឿងញៀន​រប​ស់លោក Duterte ដែល​បានសម្លាប់​មនុស្ស​រាប់ពាន់​នាក់​៕ AFP