ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ហ៊ុន ម៉ា​ណែ​ត ​៖​ ការធានា​និរន្តរភាព គុណភាព បរិមាណ និង​សមត្ថភាព​របស់​យោធា​ចា​រ្យ គឺ​ជា​អ្វី​ដែល​ត្រូវ​យកចិត្តទុកដាក់​ជា​ចាំបាច់

កំពង់ស្ពឺ​ ៖ លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង នៃ​កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បណ្ដុះបណ្ដាល​វិក្រិតការ​១-២(PA-P2) របស់​យោធភូមិភាគ​ទី​៣ ឆ្នាំ​២០១៨ នៅ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ច័ន្ទ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បណ្ដុះបណ្ដាល​នោះ លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ពាំ​នាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ក្តី​នឹករលឹក​ប្រកបដោយ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គបញ្ជាការ និង​ខ្លួន​លោក​ផ្ទាល់ ផ្ញើ​ជូន​ចំពោះ យោធា​ចា​រ្យ សិក្ខាកាម នាយទាហាន នាយទាហាន​រង និង​ពលទាហាន ដែលមាន​វត្តមាន​ទីនេះ ក៏ដូចជា​នៅ​ទូទាំង​យោធភូមិ​ភាគី​ទី​៣ ក្នុង​សេចក្ដី​គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ជាទីបំផុត រួមជាមួយ​នឹង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​លះ​បង់ និង​ការ​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី និង​ភារកិច្ច​ការពារ​ជាតិ បូរណភាព​ទឹកដី និង​ប្រជាជន ថែរក្សា​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព និង​ការចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​មាន​ភាព​សំបូររុងរឿង​។​

លោក ហ៊ុន ម៉ា​ណែ​ត ថ្លែង​ទៀតថា ការហ្វឹកហ្វឺន និង​ការកសាង​ធនធានមនុស្ស​ក្នុង​ជួរ​កង​យោធ​ពល​ខេមរភូមិន្ទ ពិតជា​ឆ្លើយតប​យ៉ាង​ត្រឹមត្រូវ និង​ទាន់ពេលវេលា ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​កែទម្រង់​កង​យោធពល​ខេមរភូមិន្ទ សំដៅ​កសាង និង​ពង្រឹង​ភាព​រឹងមាំ​លើ​វិស័យ​ការពារ​ជាតិ និង​ការ​ធ្វើ​សមាហរណកម្ម​ក​ង​ទ័ព​ចូលក្នុង​សហគមន៍​អន្តរជាតិ តាមរយៈ​ការ​កសាង​កងទ័ព​កម្ពុ​ជា​ឲ្យ​ក្លាយ​ជា​កងទ័ព​មាន​សមត្ថភាព​ក្នុង​វិជ្ជាជីវៈ ដើម្បី​ចូលរួម​បំពេញបេសកកម្ម​ក្នុង​តំបន់ ពិភពលោក ការពារ​បូរណភាព​ទឹកដី និង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។

លោក​បន្តថា ការហ្វឹកហ្វឺន​ធានា​និរន្តរភាព ប្រសិទ្ធភាព និង​សមត្ថភាព​នៅក្នុង​ការបំពេញ​ភារកិច្ច គឺ​ជា​ការងារ​ស្នូល ហើយ​អ្នក​ដែល​ដើរតួ​សំខាន់​នៅក្នុង​ការ​បណ្ដុះបណ្ដាល គឺ​សាលា និង​យោធា​ចា​រ្យ ដែល​ត្រូវ​យកចិត្តទុកដាក់​ជា​ចម្បង​ក្នុង​ការធានា​ការផ្ទេរ​ការហ្វឹកហ្វឺន​តា​ម​បទដ្ឋាន តាម​ក្បួនខ្នាត គឺជា​ការចាំបាច់​នៅក្នុង​ការធានា​ការងារ​កងទ័ព និង​ការ​និរន្តរភាព ការឯកភាព​គ្នា​នៅក្នុង​វិស័យ​កងទ័ព​។​

តាម​ លោក ហ៊ុន ម៉ា​ណែ​ត “​ការធានា​និរន្តរភាព និង​គុណភាព និង​បរិមាណ​ និង​សមត្ថភាព​របស់​យោធា​ចា​រ្យ គឺជា​អ្វីដែល​យើង​ត្រូវ​យកចិត្តទុកដាក់​ជា​ចាំបាច់​ជាពិសេស​យោធា​ចា​រ្យ​បន្តវេន​។
យើង​និយាយ​អំពី​ការ​បន្តវេន​ការពារ​ជាតិ​យើង​ត្រូវ​និយាយ​អំពី​ភារកិច្ច​បន្តវេន​របស់​យោធិន​គ្រប់​ជំនាន់​។ ការធានា​និរន្តរភាព ​នៃ​ការប្រុងប្រយ័ត្ន​យើង​ត្រូវតែមាន គឺ​ត្រូវ​ធានា​និរន្តរភាព​ នៃ​សមត្ថភាព​របស់​កង​កម្លាំង ដូច្នេះ​ត្រូវ​ធានា​សមត្ថភាព និង​និរន្តរភាព​ នៃ​ការ​បណ្ដុះបណ្ដាល​ដែល​ផ្ដោត​សំខាន់​ផ្នែក​៣​គឺ គ្រូ ឯកសារ និង​ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈ​”​។

ជាមួយនិង​ការ​លើកឡើង​ខាងលើនេះ លោក ហ៊ុន ម៉ា​ណែ​ត បានធ្វើការ​ផ្ដាំផ្ញើ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន ក៏ដូចជា​សិក្ខាកាម ដែល​ទើប​បញ្ចប់​វគ្គ​សិក្សា និង​កម្មសិក្សាការី​ទាំងអស់ ទី​១-ត្រូវ​បន្ត​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​សំខាន់ៗ ជាអាទិ៍ កម្មវិធី​នយោបាយ យុទ្ធសាស្ត្រ ចតុ​កោណ​ដំណាក់កាល​ទី​៤ ​របស់​រាជរដ្ឋាភិបាល ជាពិសេស​គោលនយោបាយ លើ​វិស័យ​ការពារ​ជាតិ។​ ទី​២-​ត្រូវផ្តោត​ការយកចិត្ត​ទុក​ដា​ជា​ចាំបាច់​លើ​ការងារ​អប់រំ​ចិត្តសាស្ត្រ និង​ផ្សព្វផ្សាយ អប់រំ​អំពី​ច្បាប់​រដ្ឋ បទ​វិន័យ​កងទ័ព និង​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ ដែល​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ចំពោះ​កងទ័ព ដើម្បី​ធានា​បាន​នូវ​ភាព​ស្មោះត្រង់​ជានិច្ច​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ធានា​ការគោរព​រដ្ឋធម្មនុញ្ញ ច្បាប់​រដ្ឋ បទ​វិន័យ​កងទ័ព រក្សាបាន​អត្តចរិត​ថ្លៃថ្នូរ​ស្អាតស្អំ មាន​ឆន្ទៈ​ស្នេហា ជាតិ​មាតុភូមិ និង​ប្រជាជន ព្រមទាំង​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​តាម​ការដឹកនាំ​របស់​រា​ជ​រដ្ឋាភិបាល និង​ប្ដេជ្ញា​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ប្រសូត​ចេញពី​ឆន្ទៈ​របស់​ប្រជាជន ដែលមាន សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ​ ប្រឆាំង​ដាច់ខាត​រាល់​អំពើ​រំលោភបំពាន​ច្បាប់​ពួក​អគតិ​បង្កឡើង​។​

ទី​៣-​ត្រូវ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ពី​ជន​ខាងក្រៅ ដោយ​មិន​ទុក​ឲ្យ​ក្រុម​ជន​ក្បត់ជាតិ ក្រុម​វង្វេងជាតិ​បម្រើ​បរទេស ឃុបឃិត​ជាមួយ​បរទេស បន្ត​បំផ្លាញ​ជាតិ​កម្ពុជា​តទៅទៀត​បាន​ឡើយ​។

យើងទាំងអស់គ្នា​ត្រូវតែ​ចងចាំ និង​ប្ដេជ្ញា​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​តាម​ប្រសាសន៍​របស់ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី គឺ ”​ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ កម្ពុជា​ ត្រូវតែ​ការពារ​ឲ្យ​បានជា​ដាច់ខាត​នូវ​សុខ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​ដែល​កម្ពុជា​កំពុង​តែមាន​នេះ និង​មិន​អនុញ្ញាត​ឲ្យ​ជនណាម្នាក់​មក​បំផ្លាញ​សុខ​សន្តិភាព ស្ថិរភាព និង​សមិទ្ធផល​ដែល​កំពុងមាន​នេះ​ជាដាច់ខាត”។ “​ត្រូវ​ការពារ​អធិប​តេយ្យ​ជាតិ ឯករាជ្យ​ជាតិ សន្តិភាព និង​ស្ថិរភាព ដោយ​មិន​ចុះ​ញ៉ម​ជាមួយ​បរទេស​ព្រោះតែ​ជំនួយ ឬ​ការ​គំរាម​សម្លុត​ណាមួយ​នោះ​ឡើយ”​។​ ទី​៤-​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ហ្វឹកហ្វឺន​រៀន​សូត្រ និង​សកម្ម​ចូលរួម​រៀន​សូត្រ​ឲ្យ បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​ដោយ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​យក​អស់​កម្លាំង​កាយ​ចិត្ត ហ្វឹកហាត់​គ្រប់​ជំនាញ​ស្របតាម​ពាក្យស្លោក “​ស៊ូ​បង្ហូរញើស​លើ​ទីលាន​ហ្វឹកហ្វឺន ប្រសើរ​ជាង​បង្ហូរ​ឈាម​លើ​ទីលានប្រយុទ្ធ ដោយ​ពុំមាន​ការយល់ដឹង​ពី​យុទ្ធវិធី​ នៃ​កល​យុទ្ធ ”​។

ត្រូវយក​ចំណេះដឹង​បាន​ពី​ការហ្វឹកហ្វឺន​រៀនសូត្រ​នេះ ទៅ​បម្រើ​និង​បំពេញភារកិច្ច​របស់ខ្លួន​ឲ្យ​បានល្អ​ប្រសើរ និង​ឲ្យ​ចំ​គោលដៅ​។​ ទី​៥-​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ អប់រំ​រៀនសូត្រ ស្វែងយល់​ពី​ការ​អភិវឌ្ឍ​រីកចម្រើន​របស់​សង្គមជាតិ ពី​ឧបាយកល​ឃោសនា ញុះញង់​បោកប្រាស់ ពី​កលល្បិច​ផ្សេងៗ​របស់​បក្សពួក​ប្រឆាំង និង​ពួក​អគតិ​ខាងក្រៅ ដោយ​ឯករាជ្យ​ម្ចាស់ការ​ប្រឆាំង​តបត និង​ប្រឆាំង​ដាច់​ខាត ចំពោះ​ឧបាយកល កលល្បិច និង​ស្មោះស្ម័គ្រ ការពារ​ដាច់ខាត​រាល់​សមិទ្ធផល​របស់​ជាតិ​។

ទី​៦-​យកចិត្តទុកដាក់​ថែរក្សា​ការពារ​គ្រប់គ្រង និង​រក្សាទុក​ដាក់​អាវុធ​-​គ្រាប់ ជាតិ​ផ្ទុះ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​តាមច្បាប់​របស់​រដ្ឋ​។ អាវុធ​-​គ្រាប់​ទាំងអស់ ត្រូវ​ស្ថិតក្នុង​កន្លែង​មាន​សុវត្ថិភាព ដោយ​មិន​ឲ្យ​ធ្លាក់​ទៅ​ដល់ដៃ​ខ្មាំងសត្រូវ​ឡើយ​។​

ទី​៧-​ត្រូវ​បន្ត​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ អង្គភាព​សម្ព័ន្ធ​មេត្រី រួមជាមួយ​ប្រជាជន​នៅតាម​តំបន់​នីមួយៗ ក្នុង​គោលដៅ ពង្រឹង​សាមគ្គីភាព​ជាតិ ដើម្បី​ទប់​ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​នូវ​រាល់​បទល្មើស​នានា ដែល​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ក្នុង​សង្គម​ជាតិ និង​ត្រៀម​មធ្យោបាយ​សម្ភារៈ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ពី​គ្រោះ​មហន្តរាយ​ផ្សេងៗ ដែល​កើត​ឡើង​ជាយថាហេតុ​។​

ទី​៨-​ត្រូវ​បន្ត​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំងក្លា​ក្នុងការ​បង្កបង្កើនផល ចិញ្ចឹមសត្វ រួមចំណែក ក្នុងការ​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ក​ង​ទ័ព និង​ខិតខំ​យកចិត្តទុកដាក់​ថែរក្សា សុខភាព​របស់​កងទ័ព​។​

ទី​៩-​ចំពោះ​យោធា​ចា​រ្យ ត្រូវ​យកចិត្តទុកដាក់​ស្រាវជ្រាវ សិក្សា​រៀនសូត្រ​បន្ថែមទៀត​ក្នុងការ​បង្កើន​សមត្ថភាព​ជំនាញ​របស់ខ្លួន​ឲ្យ​កាន់តែ​រីកចម្រើន ដើម្បី​បង្ហាត់បង្រៀន​ផ្ទេរ​នូវ​ចំណេះដឹង ចំណេះ​ធ្វើ និង​បទពិសោធន៍​ល្អៗ ជូន​ដល់​សិក្ខាកាម​។​

ទី​១០-​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បានសម្រេច​នូវ​ផែនការ​ហ្វឹកហ្វឺន គោរព​ឲ្យ​បាន​នូវ រាល់​បទបញ្ជា ជាពិសេស​បទបញ្ជាផ្ទៃក្នុង អត់ធ្មត់​លត់​ដំ កសាង​ខ្លួន កសាង​សតិ អារម្មណ៍ ដើម្បី​ក្លាយទៅជា​កង​ទ័ព​ដែល​មាន​សមត្ថភាព​ពេញលេញ ក្នុង​បុព្វហេតុ ការពារ​ជាតិ និង​ប្រជាជន​៕