ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ដ្រី​ជាន់ខ្ពស់​សុខាភិបាល​ចាត់ទុក តួនាទី​និង​ការចូលរួម​របស់​គិលានុបដ្ឋាក​និង​ឆ្មប​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​សង្គ្រោះ​ដល់​អ្នកជំងឺ

​ភ្នំពេញ​ ៖​ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេកទេស​សុខាភិបាល នៃ​ក្រសួងសុខាភិបាល បាន​ចាត់​ទុក​តួនាទី និង​ការចូលរួម​របស់​គិលានុបដ្ឋាក និង​ឆ្មប បាន​ដើរតួ​យ៉ាង​សំខាន់បំផុត​មិនអាច​ខ្វះ​បាន​ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ ។

លោកស្រី​វេជ្ជបណ្ឌិត​បាន​ថ្លែង​បែបនេះ​នៅក្នុង​ឱកាស​បិទ​សន្និសីទ​អន្តរជាតិ​ប្រចាំឆ្នាំ​២០១៨ ស្តីពី​ការ​កសាង​សមត្ថភាព និង​ភាព​ធន់​នឹង​គ្រោះមហន្តរាយ ដោយ​ផ្តោតលើ​ការចូលរួម​របស់​គិលានុបដ្ឋាក នៃ​បណ្តាញ​ការថែទាំ សង្គ្រោះបន្ទាន់ និង​គ្រោះមហន្តរាយ អាស៊ី​ប៉ាស៊ីហ្វិក (APEDNN)​នៅ​សណ្ឋាគារ​អង្គរ​ប៉ា​រ៉ា​ឌី ខេត្តសៀមរាប​ដោយមាន​ការចូលរួម​ពី​អ្នកជំនាញការ និង​គិលានុបដ្ឋាក​ចូលរួម​ចំនួន​១០៧​នាក់​ មកពី​បណ្តា​ប្រទេស​ចំនួន​១៣​ប្រទេស​រួមមាន​អូស្ត្រាលី​, កម្ពុជា​, ចិន​, ឥណ្ឌា​, ជប៉ុន​, ហ្វីលីពីន​, កូរ៉េខាងត្បូង​, ស្វ៊ី​ស​, ថៃ​, សហរដ្ឋអាមេរិក​, ហ្វី​ជី​, និង​វៀតណាម​។

លោកស្រី​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​គិលានុបដ្ឋាក និង​ឆ្មប​ទាំងអស់ ត្រូវតែ​ខិតខំ​ស្វែងយល់​នូវ​ចំណេះ និង​ជំនាញ​របស់​ខ្លួន​ឲ្យ​តែ​ច្បាស់ ពី​វិធីសាស្ត្រ​អនុវត្ត ដើម្បី​ការ​កែលម្អ​ការងារ ឲ្យ​មាន​លទ្ធផល​ល្អប្រសើរ និង​ការស្រាវជ្រាវ​ប្រកបដោយ​ប្រសិទ្ធភាព​, ពង្រឹង​ការងារ​សង្គ្រោះបន្ទាន់ និង​សម្របសម្រួល​ពេល​មាន​គ្រោះមហន្តរាយ ដើម្បី​គាំទ្រ​ដល់​រដ្ឋ ជា​សមាជិក​របស់​បណ្តា​ប្រទេស​ក្នុង​បណ្តាញ​។

លោកស្រី​វេជ្ជបណ្ឌិត បាន​បញ្ជាក់ថា​ ហេតុនេះ​ហើយ នៅក្នុង​ការថែទាំ និង​ជួយសង្គ្រោះ​នេះ តម្រូវ​ឲ្យ​មាន​ការ​ចូល​រួម​ពី​គិលានុបដ្ឋាក និង​ឆ្មប ដែល​មាន​ការបណ្តុះបណ្តាល​ត្រឹមត្រូវ និង​មាន​សមត្ថភាព​យល់ដឹង អំពី​ការងារ​ដែល​ត្រូវធ្វើ និង​របៀប​អនុវត្ត​ការងារ​ដោយ​ប្រសិទ្ធភាព​ខ្ពស់​។

លោកស្រី​បាន​បញ្ជាក់​ថា ​គ្រោះមហន្តរាយ​កើតមាន​ជា​ញឹកញាប់​នៅក្នុង ពិភពលោក ហើយ​វា​នឹង​បន្ត​កើតឡើង​ដោយ​គ្មាន​ទី​បញ្ចប់ ហើយ​គ្រោះមហន្តរាយ​អាច​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ទៅលើ ជីវិត​មនុស្ស និង​ទ្រព្យសម្បត្តិ​ដែល​មាន​ការខូចខាត​ដែល​អាច​ឈានដល់​រាប់ពាន់​លាន​ដុល្លារ។

លើស​ពី​នេះ​ទៅ​ទៀត គ្រោះមហន្តរាយ ក៏​អាច​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សេដ្ឋកិច្ច​របស់​ប្រទេស បន្ត​ប៉ះពាល់​ដល់ GDP និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព។

គ្រោះមហន្តរាយ​មាន​ផល​ប៉ះពាល់​ជាស​កល ទាំងនេះ មិនអាច​ត្រូវ​បាន​ដោះស្រាយ​ដោយ​សហគមន៍ ឬ​ប្រទេស​តែមួយ​បានទេ ជា​ចាំបាច់​យើង​ត្រូវការ ធនធាន​ជាច្រើន និង​ធនធានមនុស្ស​ដែល​មាន​វិជ្ជាជីវៈ​ខុសៗ​គ្នា​ធ្វើការ​ជាមួយគ្នា​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​។

លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា «​ដូច្នេះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ភាព​គ្រោះអាសន្ន ស្មុគស្មាញ​ដល់​ជីវិត​មនុស្ស នា​ពេល​អនាគត ការ​កើន​ឡើង​ផល​ប៉ះពាល់​ដោយ​គ្រោះមហន្តរាយ ទៅលើ​បុគ្គល និង​សហគមន៍ តម្រូវ​ឲ្យ​មាន​ការ​អភិវឌ្ឍ ជា​បន្តបន្ទាប់​នូវ​គិលានុបដ្ឋាក និង​ឆ្មប ដែលមាន​សមត្ថភាព ដើម្បី​បំពេញ​នូវ​តម្រូវ​ការ​ផ្តល់សេវា​ថែរក្សា​សុខភាព ជូន​ពលរដ្ឋ »​។

គួរ​បញ្ជាក់​ថា ​សន្និសីទ​អន្តរជាតិ​ប្រចាំឆ្នាំ​២០១៨ ស្តី​ពី​ការ កសាង​សមត្ថភាព និង​ភាព​ធន់​នឹង​គ្រោះមហន្តរាយ ដោយ​ផ្តោត​លើ​ការចូលរួម​របស់​គិលានុបដ្ឋាក នៃ​បណ្តាញ​ការថែទាំ សង្គ្រោះបន្ទាន់ និង​គ្រោះមហន្តរាយ អាស៊ី​ប៉ាស៊ីហ្វិក (APEDNN) បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ចែករំលែក​បទពិសោធន៍​លើ​សមត្ថភាព​នៃ​គ្រោះមហន្តរាយ និង​កសាង សមត្ថភាព​ក្នុង​ការ​អប់រំ​ការស្រាវជ្រាវ​និង​ការអនុវត្ត និង​លើកកម្ពស់​ការអនុវត្ត​គ្លីនិក​ល្អ​បំផុត​ក្នុង​ការ​គ្រប់គ្រង​និង ទប់​ទល់នឹង​គ្រោះមហន្តរាយ ព្រមទាំង​) ពង្រឹង​ការ​ត្រៀមខ្លួន​ចំពោះ​គ្រោះមហន្តរាយ​នៅក្នុង​សហគមន៍៕