ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​៣​នាក់​ ត្រូវបាន​ចាប់ខ្លួន​សម្រាប់​ផែនការ​ភេរវកម្ម​នៅ​ទីក្រុង មែ​ល​ប៊​ន

ប៉ូលិស​បាន​និយាយថា បុរស​បីនាក់ ​ដែល​គេ​ចោទប្រកាន់ថា​បានរៀបចំ​ផែនការ​វាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​មែ​ល​ប៊​ន​គឺ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ក្នុង​រយៈ​តិចជាង​ពីរ​សប្តាហ៍​បន្ទាប់ពី​ការវាយប្រហារ​បំផុត​គំនិត​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​បាន​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​នៅក្នុង​ទីក្រុង​ទី​ពីរ​របស់​ប្រទេស​អូស្ត្រាលី​មួយ​នេះ​។​

យោងតាម​ប៉ូលិស​បាន​ឲ្យ​ដឹងថា អ្នក​ទាំងបី​ដែល​សុទ្ធតែជា​ជនជាតិ​អូស្ត្រាលី​ដើមកំណើត​ទួរគី​គឺ​ត្រូវបាន​ឃាត់ខ្លួន​ដោយ​ប៉ូលិស​ប្រឆាំង​ភេរវកម្ម​នៅ​ក្នុងការ​វាយឆ្មក់​ពេលយប់​ខណៈ​ពួកគេ​បង្កើន​ការរៀបចំ​ដើម្បី​វាយប្រហារ​តំបន់​ដែលមាន​មនុស្ស​ច្រើន​កកកុញ​នៃ​ទីក្រុង​មែ​ល​ប៊​ន​។​

ប្រមុខ​ស្នងការ Graham Ashton បាន​និយាយថា បុរស​ទាំងនោះ​ត្រូវបាន​បំផុសគំនិត​ដោយ​ក្រុម ISIS ប៉ុន្តែ​គេ​មិនដឹងថា​មាន​តំណ​ភ្ជាប់​ទៅនឹង​អង្គការ​ជាក់លាក់​ណាមួយ​នោះទេ​។​

លោក Ashton និយាយថា អ្នក​ទាំងបី​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​គឺ​បាន​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​ចាប់តាំងពី​ខែមីនា​មកម្ល៉េះ​ប៉ុន្តែ​កាន់​តែមាន​កម្លាំង​ជាង​មុន​ចាប់តាំងពី​ការវាយប្រហារ​ដោយ​កាំបិត​ដែល​ត្រូវបាន​បំផុសគំនិត​ដោយ​ក្រុម IS ក្នុង​ទីក្រុង​មែ​ល​ប៊​ន​កាលពី​ថ្ងៃទី​៩​ខែវិច្ឆិកា​។​

បុរស​ទាំង​នោះបាន​ព្យាយាម​ទិញ​កាំភ្លើង​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ហើយ​ប៉ូលិស​មានការ​ព្រួយបារម្ភ​ថា ពួកគេ​អាច​តម្រង់​គោលដៅ​អំឡុង​ព្រឹត្តិការណ៍​បុណ្យ​ណូអែល​នាពេលខាងមុខ​ដែល​ពេលនោះ​នឹងមាន​ហ្វូងមនុស្ស​ដ៏​ធំ​ប្រមូលផ្តុំ​គ្នា​ក្នុង​ទីក្រុង​នេះ​។​

លោក Ashton បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​ពួកគេ​សម្លឹង​ឆ្ពោះទៅរក​កន្លែង​ដែលមាន​មនុស្ស​ច្រើន កន្លែង​ដែល​មនុស្ស​ដ៏​លើសលុប​នឹងចូលរួម​ហើយ​អាច​សម្លាប់​មនុស្ស​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​នេះ​មិនទាន់បាន​ជ្រើសរើស​គោលដៅ​ឬ​ពេលវេលា​ច្បាស់លាស់​សម្រាប់​ការវាយប្រហារ​នៅឡើយ​ទេ​ហើយ​លោក Ashton បាន​បន្ថែមថា ប៉ូលិស​ជឿជាក់ថា ការចាប់ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ​គឺ​បាន​កាត់បន្ថយ​ការគំរាមកំហែង​ពី​ក្រុម​នេះ​ដល់​សហគមន៍​។​

គួរ​បញ្ជាក់ថា នៅក្នុង​ការវាយប្រហារ​កាលពី​ថ្ងៃទី​៩​ខែវិច្ឆិកា ជនជាតិ​អូស្ត្រាលី​ដើមកំណើត​សូ​ម៉ាលី​ឈ្មោះ Hassan Khalif Shire Ali បាន​ចាក់​សម្លាប់​បុរស​ម្នាក់​និង​បង្ក​របួស​មនុស្ស​ពីរ​នាក់​ទៀត​នៅក្នុង​តំបន់​ទិញ​ទំនិញ​មួយ​មុនពេល​ត្រូវបាន​បាញ់សម្លាប់​ដោយ​ប៉ូលិស​៕ AFP