ព័ត៍មានទាន់​ហេតុការណ៏
Search

គណៈរដ្ឋមន្ត្រី​អនុម័ត​សេចក្តីព្រាង​“​ការរៀបចំ​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​២០១៦-២០៣០”

ភ្នំពេញ ​៖ កិច្ច​ប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​វិមាន​សន្តិភាព បាន​ពិភាក្សា​អនុម័ត​សេចក្តី​ព្រាង​ក្របខណ្ឌ​ស្តីពី “​ការរៀបចំ​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​វ​ប្រកបដោយ​ចីរភាព​កម្ពុជា​២០១៦-២០៣០” ។

យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ឲ្យ​ដឹង​ថា សេចក្ដីព្រាង​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​២០១៦-២០៣០​គឺ (​ទី​១) គោលបំណង​នៃ​ការរៀបចំ​ឯកសារ​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​និង​(​ទី​២) ទម្រង់​នឹង​ខ្លឹមសារ​ឯកសារ​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​។

សេចក្ដីព្រាង​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​២០១៦-២០៣០​គោលបំណង​នៃ​ការរៀបចំ​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា។ ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ត្រូវ​បាន​រៀបចំឡើង​ដើម្បី​សម្រេច​គោលបំណង​សំខាន់​ចំនួន​បួន​គឺ ៖ ទី​១ បង្ហាញ​ចេញ​នូវ​លទ្ធផល​នៃ​ការ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហ​វត្សរ៍​កម្ពុ​ជា​ដែល​បាន​អនុវត្ត​ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០១៥ និង កំណត់​បញ្ហា​ដែល​នៅ​មិនទាន់​សម្រេច​បាន​សម្រាប់​អនុវត្ត​ក្នុង​អាណត្តិ​កាល​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​។

ទី​២ ពិនិត្យ​ជ្រើសរើស​គោលដៅ​ចំណុច​ដៅ​និង​សូចនាករ​របស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សាកល​ដើម្បី​ដាក់បញ្ចូល​ក្នុង​អាទិភាព​របស់​កម្ពុជា និង​សម្រាប់ធ្វើ​សមាហរណកម្ម​ទៅក្នុង​ផែនការ​ជាតិ។

ទី​៣ កំណត់​ចេញ​នូវ​បញ្ហា​ប្រឈម​នានា​ដែល​រំពឹងថា នឹង​អាច​ជួបប្រទះ​នៅក្នុង​ដំណើរការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​និង​ដំណោះស្រាយ​នេះ។

ទី​៤ កំណត់​ចេញ​នូវ​ចំណុច​ជាក់លាក់​សម្រាប់​គោលដៅ​នីមួយៗ​របស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​សម្រាប់​ជា​ទិសដៅ​នៃ​ការអនុវត្ត​ឲ្យ​សម្រេច​បាន​គោលដៅ​ជាតិ​និង​រួមចំណែក​ធ្វើ​ឲ្យ​សម្រេចបាន​គោលដៅ​សាកល។

ទី​៥ កំណត់​ចេញ​នូវ​ឧបករណ៍​តាមដាន​ត្រួតពិនិត្យ​និង​វាយតម្លៃ ពី​លទ្ធផល​នៃ​ការ​សម្រេចបាន​គោលដៅ​ទាំងនេះ​។ សេចក្ដីព្រាង​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​នេះ គឺជា​សេចក្ដីព្រាង​ចុងក្រោយ​ដែល​ត្រូវ​បាន​ពិនិត្យ និង​កែសម្រួល​តាម​ស្មារតី​របស់​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ការ​កែសម្រួល​របស់​ក្រុម​តូច​។

ទម្រង់​និង​ខ្លឹមសារ​ឯកសារ​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​គឺជា​ផែនការ​ទី​បង្ហាញផ្លូវ​ក៏ដូចជា​គោលដៅ​នានា​ដែល​រដ្ឋាភិបាល​កម្ពុជា​និង​ភាគី​ដែល​មាន​ចំណែក​ពាក់ព័ន្ធ​ផ្សេងទៀត​នៅ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​សម្រេច​ឲ្យ​បាន​ក្នុង​បរិការណ៍​ជាតិ និង រួមចំណែក​សម្រេច​ឲ្យ​បាន នៅក្នុង​បរិការណ៍​តំបន់​និង​សកល​នៅ​ត្រឹម​ឆ្នាំ​២០៣០៕