ព័ត៍មានទាន់​ហេតុការណ៏
Search

ស្វែងយល់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ

ភ្នំពេញ​ ៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ត្រូវ​បាន​ប្រារព្ធ​ឡើង​មាន​រយៈពេល​៣​ថ្ងៃ គឺ​នៅ​ថ្ងៃ​១៤, ១៥​កើត និង​ថ្ងៃ​១​រោច ខែកត្តិក ជា​រៀងរាល់​ឆ្នាំ ហើយ​ព្រះ​រាជពិធី​នេះ ត្រូវ​បាន​ប្រារព្ធ​ជា​ធម្មតា​នៅ​ទន្លេ​ចតុមុខ នា​ព្រះរាជដំណាក់ ខាងមុខ​ព្រះបរមរាជវាំង ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន របស់​កងទ័ពជើងទឹក​ខ្មែរ ដែល​បាន​រំដោះ​ទឹកដី​រួចផុត​ពី​ការជិះជាន់​របស់​ពួក​ខ្មាំងសត្រូវ​។​ ដើម្បី​អបអរ​ព្រះរាជ​ពិធីបុណ្យ​ដ៏​គគ្រឹក​គ្រេង​នេះ ការិយាល័យ​យើង​សូម​លើកយក​នូវ​ប្រវត្តិ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ មក​ផ្សាយ​ជូន​ប្រិយមិត្ត​បាន​ស្វែងយល់​។​

យោងតាម​ឯកសារ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ បាន​បង្ហាញ​ថា ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ចេញ​ធ្វើសង្គ្រាម​ជើង​ទឹក​បង្ក្រាប​ជាតិ​បរទេស​ចាម ដោយ​កងទ័ព​ប្រើ​ទូក​ធ្វើ​ចម្បាំង ដើម្បី​រំដោះ​ក្រុង​កម្ពុជា ឲ្យ​រួច​ផុត​ពី​កណ្ដាប់ដៃ​ខ្មាំងសត្រូវ​ពី​គ​.​ស​. ១១៧៧ ដល់​១១៨១​។ រឿង​ចម្បាំង​ទាំងនេះ ត្រូវបាន​បុព្វបុរស​ខ្មែរ​ឆ្លាក់​ទុក​លើ​ជញ្ជាំង​ប្រាសាទបាយ័ន និង​ប្រាសាទបន្ទាយឆ្មារ ដែល​មាន​រូប​ព្រះ​ឆាយា​លក្ខណ៍​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ទ្រង់​ឈរ​លើ​នាវាចម្បាំង ទ្រង់​កាន់​ធ្នូ​ដំបង ដែល​មាន​កងទ័ព​យ៉ាង​ច្រើន​មហិមា​។

រីឯ​នៅ​សម័យ​លង្វែក​វិញ​ព្រះអង្គ​ច័ន្ទ​ទី​១ ទ្រង់​តាំង​ពញា​តាត ជា​ស្ដេចត្រាញ់​នៅ​កម្ពុជា​ក្រោម ស្រុក​បាសាក់ ឲ្យ​រៀបចំ​កងទ័ពជើងទឹក​ចែកចេញជា​បី​៣​ក្រុម រួម​មាន ​៖ ក្រុម​ទី​១ គឺ​ទ័ពស្រួច​ហាត់​ច្បាំង​នឹង​ទូក​ដែល​មាន​ទ្រង់ទ្រាយ​ដូច​សព្វថ្ងៃ​។ ក្រុម​ទី​២ គឺ​ទ័ព​ជំនួយ​ហាត់​ច្បាំង​នឹង​ទូក​ចែវ​មាន​ទ្រង់ទ្រាយ​ដូច​ទូក​សព្វថ្ងៃ​ដែរ និង​ក្រុម​ទី​៣ ទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល​ចែវ​ក្ដោង​រាង​ស្រួច​ដំបូល កាត់មុខ​ឥត​ជញ្ជាំង​សម្រាប់​ផ្ទុក​ស្បៀង​កងទ័ព​។​

តាម​តាម​ឯកសារ​នោះ របៀប​បង្ហាត់​ទូក​ចម្បាំង​នេះ ស្ដេច​ក្រាញ់​នៅ​កម្ពុជា​ក្រោម តែង​ឲ្យ​មន្ត្រី​នៅ​ក្រោម​ឱវាទ ធ្វើ​ការ​ប្រលង​ប្រណាំង​ទូក​នៅ​ថ្ងៃ​ទី​១៥​កើត ខែកត្តិក ដោយ​ឲ្យ​កេណ្ឌ​ទាហានជើងគោក និង​ជើង​ទឹក​មក​ធ្វើការ​សម​យុទ្ធ​ជា​រៀងរាល់​ឆ្នាំ រយៈពេល​មួយ​យប់​មួយថ្ងៃ និង​បាន​ក្លាយ​ជា​ទំនៀម​ទម្លាប់​ដ៏ មាន​សារសំខាន់​សម្រាប់​ជនជាតិខ្មែរ​។

ក្នុង​ពិធី​នេះ មានការ​លយប្រទីប ដើម្បី​ឧទ្ទិស​កុសល​ដល់​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បាន​ផ្ដល់​នូវ​សេចក្ដី​សុខ​សប្បាយ ភោគផល​ក្នុង​ការងារ​កសិកម្ម របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​។ នៅពេល​យប់ តាម​ក្រសួង​នីមួយៗ មាន​បណ្ដែតប្រទីប លម្អ​ទៅ​ដោយ​ភ្លើង​ចម្រុះ​ពណ៌ គួរ​ជាទី​គយគន់ និង​បាញ់​កាំជ្រួច​ព្រោងព្រាត ដែលមាន​មនុស្សម្នា​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ បញ្ចេញ​នូវ​ស្នាមញញឹម​គ្រប់គ្នា​។

ចំណែក​ឯ​ពិធី​អកអំបុក និង​សំពះ​ព្រះ​ខែ ត្រូវបាន​ធ្វើឡើង ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិសត្វ ដែល​យក​កំណើត​ជា​ទន្សាយ បាន​លះបង់​អាយុសង្ខារ​ក្នុងការ​បំពេញ​បារមី​ទាន​ដល់​ឥន្ទ្រ​ព្រាហ្មណ៍ ហើយ​ពិធី​បុណ្យអុំទូក បានទទួល​ការនិយម​គាំទ្រ ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់ទិសទី ហើយ​នាំគ្នា​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ ដោយមាន​ការប្រណាំង​ទូក​អុំ និង​ទូក​ចែវ​បុរស​-​នារី បណ្ដែត​ប្រទីប អកអំបុក ​និង​សំពះ​ព្រះ​ខែ ឆ្លុះបញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាង​មុតមាំ។​

ចំណែក​សៀវភៅ​ប្រវត្តិ​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក របស់​គណៈកម្មាធិការ​រៀបចំ​បុណ្យជាតិ អន្តរជាតិ បាន​លើកឡើងថា ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក មាន​តាំងពី​បរម​បុរាណ យូរលង់​មកហើយ ដែល​មានចែង​ក្នុង​ឯកសារ​របស់​ប្រវត្តិវិទូ​បរទេស ក៏ដូចជា​តាម​សិលាចារឹក នៃ​ប្រាសាទ​អង្គរ​។​

ពិធីបុណ្យ​អុំទូក​មានកា​របក​ស្រាយ​ប្លែកៗ​គ្នា​ជាច្រើន ហើយ​ពិធី​ធ្វើ​ក៏​ប្លែកៗ​គ្នា​ដែរ គឺ​ទី​១, តាម​សៀវភៅ​ជ័យ​វរ្ម័ន​ទី​៧ មាននៅ​ក្នុង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ពី​ដើម​មាន​ចែងថា នៅក្នុង​សម័យ​អង្គរ​នា គ​.​ស សតវត្ស​ទី​១២ ប្រទេស​កម្ពុជា មាន​សេចក្តីសុខក្សេមក្សាន្ត​រុងរឿង​ណាស់ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ស្តេចយាង​ធ្វើសង្គ្រាម​ជើង​ទឹក ដើម្បី​បង្ក្រាប​ពួក​ចាម ដោយ​កងទ័ព​ទូក​ជា​ចម្បាំង​រំដោះ ក្រុង​កម្ពុជា​ឱ្យ​រួចផុត ស្រឡះ​ពី​ខ្មាំងសត្រូវ (​គ​.​ស ១១៧៧-១១៨១) រឿង​ចម្បាំង​គ្រា​នោះ មាន​ឆ្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទបាយ័ន និង​បន្ទាយឆ្មារ​។

ក្នុង​ចម្លាក់​នោះ មាន​កងទ័ព​ទូក​យ៉ាងច្រើន​មហិមា ដែលមាន​ព្រះឆាយាល័ក្ខណ៍ ព្រះបាទ ជ័យ​វរ្ម័ន​ទី​៧ ប្រថាប់​ឈរលើ​ទីតាំង​នាវាចម្បាំង​ដោយ​ទ្រង់​ធ្នូ និង​ដំបង​យ៉ាង​ស្វាហាប់ ក្នុងចំណោម​កងទ័ព ទូក​ទាំងឡាយ​។​ ទី​២, ឯកសារ​ល្បែង​ប្រណាំងទូក របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់​លេខ​១៩.០០៤ និពន្ធ​ដោយ លោក ថាច់ ប៉ែន ហៅ ប៉ាង អាចារ្យ​នៅ​ពុទ្ធសាសនបណ្ឌិត្យ​រង ខេត្ត​ឃ្លាំង​កម្ពុជា​ក្រោម មាន​ចែងថា សម័យ​លង្វែក ព​.​ស​២០៧១ គ​.​ស​១៥២៨ ព្រះបាទ​អង្គ​ចន្ទ​ទី​១ ទ្រង់​តាំង​ពញា​តាត ងារ​ជា​ស្និ​ទ្ធិ​ភូ​បា ជា​ស្ដេច​ក្រាញ់​នៅ​កម្ពុជា​ក្រោម ស្រុក បាសាក់​។

ស្ដេច​ក្រាញ់​នេះ បាន​ចាត់​របៀប​រៀបចំ​ការពារ​ស្រុក​មានដូចជា ទាហានជើងទឹក ចែកជា​៣​ក្រុម គឺ​ក្រុមទី​១ ហៅ​ទ័ពស្រួច ហាត់​ច្បាំង និង​ទូក​ដែលមាន​ទ្រង់ទ្រាយ ដូច​ទូកប្រណាំង​យើង​សព្វថ្ងៃ​។

ក្រុមទី​២ ហៅ​ទ័ព​ជំនួយ ហាត់​ច្បាំង និង​ទូក​ចែវ​ពីរ​ជួរ ​ដែលមាន​ទ្រង់ទ្រាយ​ដូច​ទូក ប្រណាំង​យើង​សព្វថ្ងៃ​។ ក្រុមទី​៣ ហៅ​ទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល​មាន​ចែវ មាន​ក្តោង មាន​ទ្រង់ទ្រាយ​ដូច​ទូក​បាសាក់ ហៅ​ទូក​ប៉ុកចាយ តែ​រាង​ស្ដួច​វែង​មាន​ដំបូល តែមួយ​កាត់​ខាងមុខ​ឥត​ជញ្ជាំង​។ ​ល​ ។ ជា​ទូក​ដាក់​ស្បៀងអាហារ​សម្រាប់​កងទ័ព។​

របៀប​បង្ហាត់​ចម្បាំង តាម​ទំនៀម​ស្ដេច​ក្រាញ់​កម្ពុជា​ក្រោម ស្រេច​លើ​មន្ត្រី​៤​ទិស “​ចតុស្តម្ភ​” ដែល​មាន​នៅក្នុង​ឱវាទ​ស្និ​ទ្ធិ​ភូបាល ស្តេច​ក្រាញ់​គ្រប់ជំពូក ដែលមាន​បញ្ញត្តិ​ច្បាប់​សម្រាប់​ស្រុក ។​ល​។

កំណត់​ថ្ងៃពេញបូណ៌មី ខែកត្តិក រដូវ​អកអំបុក​នោះ​មន្ត្រី​៤​ទិស ត្រូវ​កេណ្ឌ​ទាហាន​ទាំង​ជើង​ទឹក ជើង​គោក “​សមយុទ្ធ​” ១​ថ្ងៃ​១​យប់​រាល់​ឆ្នាំ​។ ចំណែក​ទាហានជើងទឹក ឲ្យ​ទៅ​ប្រឡង​ឫទ្ធិ ឯ​ទន្លេ​ពាម​កន្ថោរ ក្នុង​ខេត្ត​ឃ្លាំង ត្បិត​ទីនោះ មាន​ទីប្រជុំ​ទឹក គ្រប់​ខេត្ត​ទៅមក​បាន​ស្រួល​។​

តាម​សៀវភៅ និង​ឯកសារ​ជា​ប្រភព​ទាំងពីរ​ខាងលើនេះ អាច​សន្និដ្ឋានបានថា ប្រទេស​កម្ពុជា​សម័យ​បុរាណ ជា​ប្រទេស​មាន​កងទ័ពជើងទឹក យ៉ាងខ្លាំង​ពូកែ និង​មាន​ពិធី​ហ្វឹកហ្វឺន ពិធី​សមយុទ្ធ​កងទ័ព​នេះ ជា​ប្រពៃណី​ជាប់​រៀង​រហូត​មក ហើយ​អាច​សន្និដ្ឋានបាន​ទៀត​ថា ប្រទេស​កម្ពុជា​ធ្វើ​ពិធី​នេះ រៀង​រហូត​មក គឺជា​ប់​តំណ​មកពី​សមយុទ្ធ ក្នុង​សម័យ​បុរាណ​នេះឯង​។​

​ទី​៣,ឯកសារ​ខ្លះ​បានសរសេរថា ព្រះរាជ​ពិធីបុណ្យ​អុំទូក គឺជា​បុណ្យ​ប្រពៃណីជាតិ​ដ៏​ធំ​មួយ របស់​ប្រទេស​កម្ពុជា​។ បុណ្យ​នេះ​មាន​រូបភាព​ប្រហាក់ប្រហែល នឹង​បុណ្យ​ប្រចាំ​រដូវ​របស់​ជនជាតិ​អឺរ៉ុប ដែល​មាន​ឈ្មោះថា សាំង​ហ្ស​ង់ ដែល​បច្ចុប្បន្ន​ប្រារព្ធ​ធ្វើ​នៅ​អឺរ៉ុប​ខាងជើង​។

ប្រពៃណី​ខ្លះ​មាន​ប្រវត្តិ​ជាប់ទាក់ទង យ៉ាង​ជិតស្និទ្ធ ទៅនឹង​ប្រវត្តិ​ព្រះពុទ្ធ​ជា​ម្ចាស់ ប៉ុន្តែ​ការបកស្រាយ​មួយ ដែល​អាច​យកជាការ​គ្រប់គ្រាន់ គឺ​ក្នុង​បំណង “​ដឹងគុណ​ដល់​ព្រះ​គង្គា និង​ព្រះធរណី ដែល​បាន​ផ្តល់​ដល់​ជីវភាព​រស់នៅ និង​សុខុមាលភាព​ចំពោះ​ទឹកដី​វិញ ដែល​យើង​នាំគ្នា​ធ្វើ​ឲ្យ​កករ​ល្អក់​”​។​

ការបកស្រាយ​ចុងក្រោយ​នេះ គឺ​ដូចគ្នា​បេះបិទ​ទៅនឹង​ទំនៀមទម្លាប់ នៃ​ព្រហ្មញ្ញសាសនា ហើយ​ស្រប នឹង​ស្ថានភាព​ភូមិសាស្ត្រ​ជាក់ស្ដែង និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​ប្រជាកសិករ​យើង​។

ព្រះរាជ​ពិធីបុណ្យ អុំទូក​ប្រព្រឹត្ត ទៅ​នៅ​ថ្ងៃពេញបូណ៌មី ខែកត្តិក ស្របទៅនឹង​រដូវ​ទឹកជំនន់ ហើយ​បានធ្វើ​ឲ្យ​បឹងបួ​ទាំងឡាយ​ក្លាយ​ទៅជា​សមុទ្រ​ដ៏​ធំ ល្វឹងល្វើយ ហើយក៏​បញ្ជាក់ទៀតថា ពេលនោះ​ស្រូវ ក្នុង​ស្រែ​កំពុងតែ​ទុំ​ហើយ​។ នៅពេលដែល​ទឹកទន្លេ​មេគង្គ​លិច​ជន់ “​សីហា​-​វិច្ឆិកា​” ទឹកជំនន់​ដ៏​សន្ធឹកសន្ធាប់ បាន​ចូល​ចាក់​ស្រោចស្រព​បឹង បួរ​តាមរយៈ​ទន្លេសាប ដែល​ហូរ​ពី​ត្បូង​ទៅ​ជើង​។ ដល់​រដូវ​ទឹក​ស្រក ដែល​ចាប់ផ្ដើម​នៅ​ខែ​វិច្ឆិកា ទឹក​បឹងបួ​ហូរ​ត្រឡប់ តាម​ទន្លេសាប​ដដែល​ពី​ជើង​មក​ត្បូង​វិញ​។

ជំនន់​ នៃ​ទន្លេមេគង្គ ពិសេស​ជំនន់​នៅតាម​បឹងបួ មាន​ប្រភព​មកពី​ប្រទេស​ចិន​ដ៏​សែន ឆ្ងាយ​បាន​ផ្តល់​នូវ ជីវភាព​ស្រែចម្ការ​នៅ​ប្រទេស​កម្ពុជា​។ ដីល្បាប់​ដែល​បាន​ដោយសារ​ទឹកជំនន់ នៃ​ទន្លេ​បឹងបួ​ទាំង​ឡាយ បានធ្វើ​ឲ្យ​ដី​មាន​ជីជាតិ បង្ក​បាន​នូវ​ធនធាន​សម្បូរបែប នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ដំណាំ​ទាំងឡាយ​ដែល​កសិករ ធ្វើតាម​ចង្វាក់​ នៃ​ទឹក​ស្រក បានផ្តល់​នូវ​ផល​យ៉ាងច្រើន រាំង​ស្កាត់​នូវ​គ្រោះ​ទុរ្ភិក្ស និង​ផ្តល់នូវ​សុភមង្គល​។ ដូច្នេះហើយ​បានជា​ដល់ រដូវ​ទឹក​ស្រក​បុរាណ ខ្មែរ​យើង​កំណត់​យក​ថ្ងៃពេញបូណ៌មី ខែកត្តិក ជា​រៀងរាល់ឆ្នាំ រៀបចំ​ពិធី​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ដើម្បី​សម្ដែង​មនោសញ្ចេតនា ដឹងគុណ​ទន្លេ​មេគង្គ និង​ទន្លេសាប ដែល​បាន​ផ្តល់​ជីជាតិ យ៉ាង​សំខាន់​បម្រើ​វិស័យ​កសិកម្ម​។

ព្រះរាជ​ពិធីបុណ្យ​នេះ​តែង តែ​ប្រារព្ធ ក្នុង​រយៈពេល​៣​ថ្ងៃ​ គឺ​ពី ថ្ងៃ​១៤​កើត ១៥​កើត និង​ថ្ងៃ​១​រោច​ខែកត្តិក នៅតាម​ទន្លេសាប​។​

ចំណែក​ប្រភព​ពិធី​បណ្តែតប្រទីប ទី​១, តាម​គម្ពីរ​ទា​ថាវ​ង្ស ភាសា​បាលី​មានចែង​ថា ព្រះ​ចង្កូម​កែវ​ទាំង​៤ នៃ​ព្រះសម្មាសម្ពុទ្ធ ប្រតិ​ស្ថាន​នៅ​ទី​ទាំង​៤ គឺ​ ៖ ទី​១. នៅ​ត្រៃ​ត្រឹ​ង្ស​សួគ៌ ទី​២. នៅ​ភព​នាគ ទី​៣. នៅ​ស្រុក​គ​ន្ធា និង​ទី​៤. នៅ​ទន្ដ​បុ​រៈក​លិង្គ​រដ្ឋ​។​ ទី​២, ភាណវារៈ​បាលី ត្រង់​ពុទ្ធ​នមក្ការ​គាថា មាន​ចែងថា​ស្នាម​ព្រះបាទ ព្រះ​សា​ម្មាសា​ម្ពុ​ទ្ធ​ប្រតិ​ស្ថាន នៅ​ទីតាំង​៥​គឺ ទី​១. នៅ​សុវណ្ណ​មា​លិ​បរពត ទី​២. នៅ​សុវណ្ណ​បរពត ទី​៣. នៅ​សុ​មន​កូដ​បរពត ទី​៤. នៅ​យោនក​បុរី និង​ទី​៥. នៅ​ស្ទឹង​នម្ម​ទា​។​

ទី​៣, ពាក្យ​សរសើរ​ព្រះបាទ “​យស្ស​បា​ទេ​” ទាំង​បាលី ទាំង​សម្រាយ មាន​ចែងថា ព្រះបាទ​សម្មាសម្ពុទ្ធ​ប្រតិ​ស្ថាន​នៅ​ទី​ទាំង​៥ ដូច​នៅក្នុង​ភាណ​រៈដែរ​។ ដោយហេតុ​មាន​គម្ពីរ​ដីកា​ជា​ប្រភព​យ៉ាង​នេះ បានជា​ពុទ្ធបរិស័ទ​ខេ​មរ​ជាតិ តែង​ធ្វើ​ពិធី​បណ្ដែតប្រទីប នៅ​យប់​ពេញ​បូរមី​ខែអស្សុជ ដែល​ក្រោយ​មក​គេ​ប្រារព្ធ​ពិធី​បណ្ដែតប្រទីប នៅ​យប់​១៤-១៥​កើត និង​១​រោច ខែកត្តិក បូជា​ចំពោះ​ព្រះ​ចង្កូម​កែវ​ពិភពនាគ ព្រះពុទ្ធ​បាន​ទៅ​ស្ទឹង​នម្ម​ទា និង​នៅ​ទី​ឯទៀត​ដូចជា​ពោល​ខាងលើ ហើយដោយ​ជឿថា ជាការ​កុសល​យ៉ាង​ធំ បាន​ផល​យ៉ាង​ប្រសើរ ដើម្បី​សុខ​ចំរើន​រុងរឿង​ដល់​ខ្លួន​ដល់​ប្រជាជន និង​ប្រទេសជាតិ​។​
​រីឯ​ប្រភព ​នៃ​ពិធី​សំពះ​ព្រះ​ខែ អកអំបុក តាម​គម្ពីរ​បរមត្ថ​ទីប​នី អ​ដ្ធ​កថា ចរិយា​បិដក ភាសា​បាលី​មាន​ចែង​ថា ក្នុង​ដើ​មី​ភ​ទ្ទ​ប​ក្ប​នេះ ព្រះ​បរម​ពោធិសត្វ​នៃ​យើង ទ្រង់​យោនយកកំណើត​ជាស​ស​បណ្ឌិត “​កំណើត​ជា​ទន្សាយ​” នៅ​ថ្ងៃ​ពេញបូណ៌មី​មួយ សស​បណ្ឌិត បាន​អធិដ្ឋាន​ឧបោសថសីល ហើយ​ឧទ្ទិស​មំសៈ​ជា​ទាន​បរមត្ថ​បារមី ដើម្បី​បំពេញ​ពោធិ៍សម្ភារ​ឲ្យ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​។

ព្រះឥន្ទ​ទ្រង់​ជ្រាប​ហេតុការណ៍​នោះ​ក៏​ទ្រង់ ក្រឡា​ខ្លួន ជា​ព្រាហ្មណ៍​ចាស់​មកសុំ សស​បណ្ឌិត​ជា​អាហារ សស​បណ្ឌិត​ពោធិសត្វ បាន​ឲ្យ​ព្រាន​ចាស់​នោះ​បង្កាត់ភ្លើង​ភ្នក់ ហើយ​ក្នុងពេលដែល​ភ្លើង​កំពុង​ឆេះ​សន្ធោសន្ធៅ សស​បណ្ឌិត​ក៏​រលាស់​ខ្លួន​៣​ដង ដើម្បី​ឲ្យ​សត្វល្អិត ដែល​ជាប់​នៅ​នឹង​រោម​ជ្រុះ​ចេញរួច ក៏​លោត​ចូលទៅក្នុង​ភ្នក់ភ្លើង​ភ្លាម​។ អស្ចារ្យ​ណាស់​ភ្លើង​នោះ​ពុំបាន​ឆេះ សស​បណ្ឌិត​សោះ ឥន្ទ​ព្រា​ហ្ម​ណ៏​បាន​ស្ទុះ ទៅ​ព​ព្រះ​ពោធិសត្វ​ឡើង​ទៅដល់​មណ្ឌល​ព្រះ​ចន្ទ ហើយ​ទ្រង់​យក​ម្នាងសិលា​គូររូប​ទន្សាយ ហើយ​ឥន្ទព្រាហ្មណ៍​អធិដ្ឋាន​ថា សូម​ឲ្យ​រូប​ទន្សាយ​ពោធិសត្វ ដែល​ខ្ញុំ​គូរ​នេះ នៅជាប់​រហូតដល់​ទីបំផុត​នៃ​កប្ប​។​

ដោយ​អនុភាព​ទាន បរមត្ថ​បារមី​នៃ​ព្រះ​ពោធិសត្វ​ផង និង​សេចក្ដី​អធិដ្ឋាន របស់​ព្រះឥន្ទ​ផង រូប​ទន្សាយ​ក៏​ឃើញ​ប្រាកដ ក្នុង​មណ្ឌល​ព្រះ​ចន្ទ​ដរាប​ដល់​សព្វថ្ងៃ​។ ដោយ​ជឿ​តាម​រឿង​នេះហើយ បានជា​នៅវេលា​យប់​ពេញ​បូរ​មី ខែកត្តិក រៀងរាល់ឆ្នាំ ខ្មែរ​យើង​យក​ចំណី មាន​អំបុក និង​ចេក​ជាដើម មក​បូជា​ព្រះ​ចន្ទ ហៅថា​ពិធី​សំពះ​ព្រះ​ខែ អកអំបុក​៕