ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ការងារ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ត្រូវ​ធានា​សុវត្ថិភាព​និង​លក្ខខណ្ឌ​ការងារ​ជូន​ពល​ការិនី​ជំនួយការ​មេផ្ទះ​ទៅធ្វើ​ការ​នៅ​ហុងកុង

ភ្នំពេញ​ ៖​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ក្រុមហ៊ុន​អ៊ិន​ធើ​ណាស់​សូ​ណា​ល់ អ៊ី​ហ្សី​រាជ​ដែល​ជា​ក្រុមហ៊ុន​ជ្រើសរើស បណ្តុះបណ្តាល គ្រប់គ្រង និង​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ត្រូវ​ធានា​សុខ​សុវត្ថិភាព​និង​លក្ខខណ្ឌ​ការងារ​ដល់​ពល​ការិនី​ជំនួយការ​ផ្ទះ​ទៅ​បម្រើ​ការងារ​ជា​ជំនួយការ​មេផ្ទះ​នៅ​រដ្ឋបាល​ពិសេស​ហុងកុង​ដើម្បី​លើកកម្ពស់​ការ​គាំពារ​សិទ្ធិ​និង​ផលប្រយោជន៍​របស់​ពល​ករ​។

ថ្លែង​ក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរការ​ក្រុមហ៊ុន​អ៊ិន​ធើ​ណាស់​សូ​ណា​ល់ អ៊ី​ហ្សី​រាជ លោក​បណ្ឌិត អ៊ិត សំហេង​បាន​ឲ្យ​ដឹង​ថា ​ការជំរុញ​នេះ​ដោយសារតែ​តម្រូវការ​ទីផ្សារពលកម្ម​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់​ខណៈ​បច្ចុប្បន្ននេះ​មាន​ពលករ​បរទេស​កំ​ពុង​បម្រើ​ការងារ​ជា​មេផ្ទះ​ប្រមាណ​ជិត​៣៦​ម៉ឺន​នាក់​។

ជាមួយ​គ្នា​នេះ​ដែរ ​លោក បណ្ឌិត អ៊ិត សំហេង បានស្នើ​ដល់​ក្រុមហ៊ុន​អ៊ិន​ធើ​ណាស់​សូ​ណា​ល់ អ៊ី​ហ្សី​រាជ​ត្រូវ​គោរព​ទៅតាម​បទប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន​ក្នុង​ការ​បញ្ជូន​ពល​ការិនី​កម្ពុជា​ទៅ​បម្រើ​ការងារ​នៅ​រដ្ឋបាល​ពិសេស​ហុងកុង​ដើម្បី​បើកទូលាយ​ទីផ្សារ​ការងារ​ស្របច្បាប់​នៅ​បរទេស​ក៏ដូចជា​ទប់ស្កាត់​ទេសន្តរប្រវេសន៍​ការងារ​ដោយ​ខុសច្បាប់​ផងដែរ។

លោក​បណ្ឌិត អ៊ិត សំហេង​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ត្រូវ​បង្កើន​ការ​ជ្រើសរើស​ពល​ការិនី​ជំនួយការ​មេផ្ទះ​ទៅ​ធ្វើ​ការ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​ដើម្បី​បំពេញ​ទៅតាម​ផែនការ​ប្រមាណ​១​ពាន់​នាក់​ ក្នុង​១​ឆ្នាំ​ខណៈ​បច្ចុប្បន្ន​ទើប​មាន​ពលករ​កម្ពុជា​ទៅ​ធ្វើ​ការ​នៅ​ទីនោះ​ប្រមាណ​តែ​១៤​នាក់​ប៉ុណ្ណោះ។

លោក​រដ្ឋមន្ត្រី​បា​ន​ឲ្យ​ដឹង​ទៀត​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​បាន​ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ពិសេស​ការ​បន្ត​ពង្រឹង​អភិបាលកិច្ច​ទេសន្តរប្រវេសន៍​ការងារ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ព​ហុ​ភាគី និង​ទ្វេ​ភាគី ដើម្បី​បើកទូលាយ​ទីផ្សារ​ការងារ​ស្របច្បាប់​នៅ​ក្រៅ​ប្រទេស​, ទប់ស្កាត់​ទេសន្តរប្រវេសន៍​ការងារ​ដោយ​ខុសច្បាប់​, លើកកម្ពស់​ការ​គាំពារ​សិទ្ធិ និង​ផលប្រយោជន៍ សុខភាព និង​សុវត្ថិភាព​ការងារ​, កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ពល​ករ ការ​ផ្តល់​ការ​សម្របសម្រួល​ទំនាក់ទំនង​ជាមួយ​គ្រួសារ និង​ការ​ធ្វើ​សមាហរណកម្ម​ពលករ​ទេសន្តរប្រវេសន៍ ដែល​ធ្វើ​មាតុភូមិ​និវត្ត តាមរយៈ​ការ​ទទួលស្គាល់​ជំនាញ​, ការផ្ទេរ​របប​សន្តិសុខ​សង្គម​មក​ក្នុង​ប្រទេស​,​ការ​ផ្តល់​ប្រឹក្សា​ការងារ​ធ្វើ និង ការបង្កើត​មុខរបរ ដោយ​ខ្លួនឯង​។

ជាក់ស្តែង ដើម្បី​ឲ្យ​ការ​បញ្ជូន​ពល​ការិនី​ជំនួយការ​ផ្ទះ​ទៅ​ធ្វើ​ការ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ទទួល​បាន​ជោគជ័យ សម្រាប់​ដំណាក់កាល​សាកល្បង​ដំបូង នៅ​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​ជាមួយ​សមាគម​អភិវឌ្ឍ​ធនធានមនុស្ស​កម្ពុជា​នៅ​ហុងកុង ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ផ្តល់សេវា​គាំពារ និង​សេវា​គាំទ្រ​នានា​សម្រាប់​ពល​ការិនី​ជំនួយការ​ផ្ទះ និង​ផ្សព្វផ្សាយ​ណែនាំ​អំពី​ពល​ការិនី​ជំនួយការ​ផ្ទះ​កម្ពុជា​ទៅដល់​និយោជក​ហុងកុង​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ពលករ​ធ្វើការ​នៅ​ហុងកុង​ទទួល​បាន​លក្ខខណ្ឌ​ការងារ​ខ្ពស់​ដូចជា​មានការ​ឈប់សម្រាក​ប្រចាំ​សប្តាហ៍​និង​ប្រចាំឆ្នាំ​ដោយមាន​ប្រាក់​ឈ្នួល ឈប់សម្រាក​លំហែ​មាតុភាព ចំនួន​១០​សប្តាហ៍ មានការ​ធានារ៉ាប់រង​ពេល​មាន​ជំងឺ​ពិសេស​ទទួល​បាន​ប្រាក់បៀវត្ស​ទាប​បំផុត​ប្រមាណ​៥៧០​ដុល្លារ​អាមេរិក​ក្នុង​១​ខែ​។

ជា​មួយ​គ្នា​នេះ​ដែរ ​មានការ​ផ្តល់​អាហារ ឬ​ប្រាក់​ហូបចុក​ចំនួន ១៣៣​ដុល្លារ​អាមេរិក ក្នុង​១​ខែ ការ​ស្នាក់នៅ​សមរម្យ​ដោយ​មិន​គិតថ្លៃ ការ​ចេញថ្លៃ​សំបុត្រ​យន្តហោះ​ត្រឡប់មកវិញ និង​ការ​ព្យាបាល​ជំងឺ​ដោយ​មិន​គិតថ្លៃ​ជាដើម​។

លោក ស្រី យី ឆេង​តំណាង​ក្រុមហ៊ុន​អ៊ិន​ធើ​ណាស់​សូ​ណា​ល់ អ៊ី​ហ្សី​រាជ​បាន​គាំទ្រ​និង​ធ្វើការ​ផ្សព្វ​ផ្សាយ​ការ​ជ្រើសរើស​ពលករ​ឲ្យ​បាន​ទូលំទូលាយ​នៅតាម​បណ្តា​រាជធានី​ខេត្ត​ដើម្បី​ឲ្យ​ពួកគេ​មក​ដាក់ពាក្យ​ទៅធ្វើ​ការ​នៅ​ទីក្រុង​ហុងកុង​ឲ្យ​បាន​ច្រើន​ថែមទៀត​។

លោកស្រី​បាន​បន្ត​ទៀត​ថា ​មុននឹង​ប​ញ្ជូន​ទៅ​ក្រុមហ៊ុន​ត្រូវ​បណ្តុះបណ្តាល​រយៈពេល​២​ខែ​ជា​មុខ​សិន​លើ​ជំនាញ​ថែទាំ​មនុស្ស​ចាស់​និង​កុមារ ការ​ចំអិន​ម្ហូបអាហារ​និង​ភាសា​ចិន​កា​តាំង​រួម​ទាំង​ផ្តល់​ការ​ស្នាក់នៅ​និង​កា​ហូបចុក​ដោយ​ឥតគិតថ្លៃ​ព្រម​ទាំ​ផ្តល់​ប្រាក់ខែ​១​រយ​ដុល្លារ​សម្រាប់​ចាយវាយ​ក្រៅ​ទៀតផង​។

លោកស្រី​បាន​បន្ថែម​ទៀត​ថា ​នា​ពេល​ខាងមុខនេះ​ក្រុមហ៊ុន​គ្រោង​នឹង​បញ្ជូន​ពល​ការិនី​មេផ្ទះ​ចំនួន​៣​នាក់​ទៅ​បម្រើ​ការងារ​នៅ​ហុងកុង​បន្ទាប់ពី​បណ្តុះបណ្តាល​រួម​មក​។

គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​បរទេស​បាន​ចំនួន​៦ ប្រទេស​រួមមាន​ប្រទេស​ថៃ សាធារណរដ្ឋ​កូរ៉េ ម៉ាឡេស៊ី ជប៉ុន និង​សឹង្ហ​បូរី និង​ហុងកុង ដែល​មាន​ពលករ​សរុប​ចំនួន​ប្រមាណ ១​លាន​២​សែន​នាក់​ ដោយ​បាន​ផ្ញើ​ថវិកា​មក​កម្ពុជា​ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ក្នុង​គ្រួសារ​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​ហើយ​នៅពេល​បញ្ចប់​កិច្ចសន្យាការងារ និង​វិល​ត្រឡប់​មក​កម្ពុជា​វិញ ពួកគាត់​នឹង​ក្លាយជា​ធនធានមនុស្ស​ដ៏​សំខាន់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ពីព្រោះ​តាមរយៈ ការ​ធ្វើ​ការងារ​នៅ​បរទេស ពួកគាត់​មិន​ត្រឹមតែ​អាច​រក​ប្រាក់​ចំណូល​បាន​បន្ថែម​ទេ ថែមទាំង​ទាំង​ទទួល​បាន​នូវ​ជំនាញ បទពិសោធន៍ ចំណេះដឹង​ភាសា និង​របៀបរបប​រស់​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​ទៀតផង​៕