ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ាឡេស៊ី​បើក​ការស៊ើបអង្កេត​ឡើងវិញ​អំពី​កិច្ចព្រមព្រៀង​នាវាមុជទឹក​ហើយ​ចោទសួរ​អតីត​នាយករដ្ឋមន្ត្រី Najib

អាជ្ញាធរ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី​បាន​បើក​ការស៊ើបអង្កេត​ឡើងវិញ​ចូលទៅក្នុង​កិច្ចព្រមព្រៀង​នាវាមុជទឹក​ដ៏​ចម្រូងចម្រាស​កាលពី​១៦​ឆ្នាំមុន​ដែលជា​ប់​ពាក់ព័ន្ធ​ជាមួយនឹង​អតីត​នាយករដ្ឋមន្ត្រី​លោក Najib Razak ដែល​នេះ​ជាការ​ស៊ើបអង្កេត​អំពើពុករលួយ​ចុងក្រោយបង្អស់​ដែល​លោក Najib ត្រូវ​ប្រឈមមុខ​។​

ចាប់តាំងពី​ការ​ចាញ់ឆ្នោត​ខែឧសភា​មក លោក Najib បាន​រង​ការចោទប្រកាន់​ពីបទ​ល្មើស​ព្រហ្មទណ្ឌ​ជាច្រើន​ហើយ​ត្រូវបាន​គេ​ស៊ើបអង្កេត​ករណី​អំពើពុករលួយ​ដែល​មួយចំនួន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​នៅ​មូលនិធិ​រដ្ឋ​1Malaysia Development Berhad (1MDB)​។​

យ៉ាងណាក្តី លោក Najib បាន​អះអាងថា​មិន​មានទោស​ចំពោះ​ការចោទប្រកាន់​ទាំងអស់​។​
​ក្រុម​ស៊ើបអង្កេត​ជាមួយ​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី (MACC) ឥឡូវនេះ​ក៏​កំពុង​ពិនិត្យមើល​ផងដែរ​ថា​តើ​មាន​ប្រាក់​សគុណ​ណាមួយ​ដែរ​ឬក៏​អត់​ក្នុង​ការលក់​នាវាមុជទឹក​ថ្នាក់ Scorpene ចំនួន​ពីរ​គ្រឿង​ទៅ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ដោយ​ក្រុមហ៊ុន​ផលិត​នាវាចម្បាំង​បារាំង DCN International (DCNI) ក្នុង​ឆ្នាំ​២០០២​នៅពេល​លោក Najib កាន់តំណែង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត The Star ដោយ​លើកឡើង​ប្រភពពី MACC​។​

ប្រភព​មួយ​ដែល​លើកឡើង​ដោយ The Star បាន​និយាយថា លោក Najib ត្រូវបាន​កោះហៅ​ឲ្យ​ផ្តល់​សេចក្តីថ្លែងការណ៍​មួយ​ស្តីពី​កិច្ចព្រមព្រៀង​នាវាមុជទឹក​នេះ​កាលពី​ថ្ងៃ​ចន្ទ​ហើយ​ថា ក្រុម​អ្នកស៊ើប​អង្កេត​នឹង​យក​សេចក្តីថ្លែងការណ៍​ពី​អ្នក​ដទៃទៀត​រួមទាំង​អតីត​ជំនួយការ​របស់លោក Najib គឺ​លោក Abdul Razak Baginda ផងដែរ​ដែល​កំពុង​ត្រូវបាន​ស៊ើបអង្កេត​ដោយ​រដ្ឋអាជ្ញា​ហិរញ្ញវត្ថុ​បារាំង​ជុំវិញ​កិច្ចព្រមព្រៀង​នេះ​។

DCNI ក្រោយមក​បានក្លាយ​ជា​អង្គភាព​ថ្មី​មួយ​ដែល​ហៅថា DCNS ដែលជា​ថ្មី​ម្តងទៀត​បាន​ប្តូរ​ឈ្មោះ​ខ្លួន​ជា Naval Group កាលពី​ឆ្នាំមុន​។ ក្រុមហ៊ុន​ការពារជាតិ​បារាំង​ឈ្មោះ Thales មាន​ភាគហ៊ុន​ប្រហែល​១​ភាគ​៣​ក្នុង​ក្រុមហ៊ុន Naval Group ។​

អាជ្ញាធរ​បារាំង​បានចាប់ផ្តើម​ស៊ើបអង្កេត​លើ​កិច្ចព្រមព្រៀង​នេះ​បន្ទាប់ពី​ក្រុម​សិទ្ធិមនុស្ស​ម៉ាឡេស៊ី Suaram បាន​និយាយថា ការលក់​នេះ​បានផ្តល់​ប្រាក់​កម្រៃជើងសា​រ​ប្រមាណ​១៣០​លាន​ដុល្លារ​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​ដែលមាន​ទំនាក់ទំនង​ជាមួយ​លោក Najib​។​

កាលពី​ខែសីហា​ឆ្នាំមុន រដ្ឋអាជ្ញា​បារាំង​បាន​និយាយថា ពួកគេ​បានដាក់​អតីត​នាយក​ប្រតិបត្តិ​ពីររូប​នៅ​ក្រុមហ៊ុន Thales និង DCNS ក្រោម​ការស៊ើបអង្កេត​ប​ឋ​ម​ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ចូលទៅក្នុង​ការលក់​នាវា​មុជទឹក​ឆ្នាំ​២០០២៕ REUTERS