ព័ត៍មានទាន់​ហេតុការណ៏
Search

សាកសព​ស្ត្រី​ ដែល​គេ​សម្លាប់ ​រួច​យកមក​ដាក់​ចោល​នៅ​វត្ត​ទឹកថ្លា ប៉ូលិស​រក​ឃើញ​ និង​ចាប់​បាន​ក្រុម​ឃាតក​ដៃដល់​ហើយ គឺ​មេបន​យួន​បង្ខំ​នាង​ឲ្យ​រួមភេទ​

ភ្នំពេញ ​៖ ករណី​សាកសព​ស្ត្រី​ម្នាក់ ​ដែល​ត្រូវបាន​គេ​សម្លាប់​រួច​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ​យក​មក​ដាក់​ចោល​នៅ​វត្ត​ទឹកថ្លា​កាលពី​៤​ថ្ងៃ​មុន​នេះ ឥឡូវ​ប៉ូលិស​បាន​តាម​រកឃើញ​ក្រុម​ជនដៃដល់​ជា​ឃាតក​ហើយ នៅ​ល្ងាច​ថ្ងៃ​ម្សិលមិញ​នេះ​ ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែល​នាងរង​គ្រោះជា​សាកសព​ត្រូវ​មេបន​ជា​ឃាតក​វាយដំ​បង្ខំ​ឲ្យ​រួម​ភេទ​ជាមួយ​ភ្ញៀវ​រហូតដល់​ស្លាប់​ដូច្នេះ​។​

​ប៉ូលិស​បាន​ឲ្យ​ដឹងថា ក្រុម​ជនសង្ស័យ​ជា​ឃាតក ១.​ឈ្មោះ ង្វៀង យ៉ាំង​ធូ ហៅ​ធូ​ ភេទ​ស្រី អាយុ​ប្រហែល​៤២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មេបន​បើក​អាជីវកម្ម​ជួញដូរ​ផ្លូវភេទ​ មាន​ទីតាំង​នៅជាប់​ផ្លូវ​លេខ​៥៩៨ ម្តុំ​ត្រឡោកបែក ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក​(​រត់គេចខ្លួន​)​។ ២.​ឈ្មោះ ង្វៀង យ៉ាំង​ចូ​វ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ (​ចាប់ខ្លួន​)​មុខរបរ​មេការ​ផ្ទះ​បន ជា​ប្អូនស្រី​របស់​មេបន​ឈ្មោះ ធូ។ ៣.ឈ្មោះ ង្វៀង ធី​យុង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ បងស្រី របស់ ង្វៀង យ៉ាំង​ចូ​វ​។​

ពួកគេ​ស្នាក់​នៅផ្ទះ​លេខ​៥៨ ផ្លូវ​លេខ​៥៩៨ ភូមិ​១៦ ក្រុម​៦២ សង្កាត់​ទឹកល្អក់​១ ​ខណ្ឌទួលគោក ផ្ទះ​ធ្វើ​ទារុណកម្ម​ និង​បើក​អាជីវកម្ម​ផ្លូវ​ភេទ​ល្មើសច្បាប់​ខាងលើ​។​

​តាម​របាយការណ៍​ផ្លូវ​ការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​បានឲ្យ​ដឹងថា​ ក្រោយពី​បាន​ដឹង​ភិនភាគស្លាកលេខ​ម៉ូតូ​ដែល​បាន​ដឹក​សាកសព​យកមក​ចោល​នៅ​វត្ត​ទឹកថ្លា​ កាលពី​យប់​ថ្ងៃទី​១៤​ឈាន​ចូល​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​រួចមក សមត្ថកិច្ច​ក៏បាន​ស្រាវជ្រាវ​រក​ឃើញ​ភិនភាគ​លេខ​ម៉ូតូ​នោះ​ ដោយ​ឃាត់ខ្លួន​ម្ចាស់​ម៉ូតូ ឈ្មោះ យិ វឿន ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ នៅ​ល្ងាច​ថ្ងៃទី​១៩​វិច្ឆិកា ក្រោយ​សួរនាំ​ដំណើររឿង​ទើប​ដឹង​ថា នៅ​យប់​ថ្ងៃកើតហេតុ​គាត់​បានឲ្យ​ម៉ូតូ​គេ​ខ្ចី​ គឺ​ឈ្មោះ ធូ មេបន​នៅ​ត្រឡោកបែក​ដោយ​មិនបាន​ដឹងថា​យកទៅ​ដឹក​អ្វី​នោះទេ​។​

ក្រោយមក​ ប៉ូលិស ​ក៏បាន​តម្រុយ​មក​ចាប់ខ្លួន​ជនសង្ស័យ ឈ្មោះ ង្វៀង យ៉ាំង​ចូ​វ និង​ជន​ម្នាក់ទៀត​ឈ្មោះ ង្វៀង ធី​យុង ចំណែក​ឯ​មេបន​ឈ្មោះ ធូ រត់គេចខ្លួន​បាត់​។

តាមរយៈ​ចម្លើយសារភាព ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​បាន​ប្រាប់​ប៉ូលិស​ថា ​៖ កាលពីដើម​ឆ្នាំ​២០១៥ ឈ្មោះ ធូ បាន​បើក​ផ្ទះបន​រកស៊ី​ជួញដូរ​ផ្លូវ​ភេទ​នៅ​ចំណុច​ផ្ទះកើត​ហេតុ​ម្ដុំ​ត្រឡោក​បែក​នោះ ដោយមាន​យក​ស្រី​បម្រើ​ផ្លូវ​ចំនួន​២​នាក់ ឈ្មោះ​ ហៀ​ង និង​ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ យុង អាយុ​២៤​ឆ្នាំ ចំណែក​ឯ​ឈ្មោះ​ ង្វៀង យ៉ាំង​ចូ​វ និង​ឈ្មោះ ង្វៀង ធី​យុង ជា​អ្នកមើលការខុសត្រូវ​ឲ្យ​ឈ្មោះ ធូ ជា​មេ​បន​ធំ និង​ដោយសារ​ឈ្មោះ ធូ ជា​មេបន​ មាន​បើក​ផ្ទះបន​នៅ​កន្លែង​ផ្សេងទៀត​។​

​ប្រភព​ចម្លើយ​សារភាព​បាន​បន្ត​ថា ក្រោយមក​ជនរងគ្រោះ​ឈ្មោះ យុង បាន​ឈឺ​ ព្រោះ​ទទួល​ភ្ញៀវ​ច្រើនពេក ហើយ​មិន​អាច​ទទួល​ភ្ញៀវ​រួមភេទ​ទៀត​បាន​។ នៅ​ពេលនោះ ឈ្មោះ ង្វៀង យ៉ាំង​ចូ​វ បាន​រាយការណ៍​រឿងនេះ​ប្រាប់​មេបន​ធំ​ឈ្មោះ ធូ ចំណែក​មេបន​ឈ្មោះ ធូ បាន​បញ្ជា​ឲ្យ​ឈ្មោះ ង្វៀង យ៉ាំង​ចូ​វ ធ្វើ​ទារុណកម្ម​វាយ​ដំ ដោយ​ដៃ ជើង ឬ​ដំបង ដើម្បី​បង្ខំ​ឲ្យ​នាងរង​គ្រោះ​ត្រូវតែ​រួមភេទ​ជាមួយ​ភ្ញៀវ​។​

ការ​វាយដំ​ដ៏​ធ្ងន់ធ្ងរ​បានធ្វើឲ្យ​នាងរង​គ្រោះ​ស្លាប់​នៅ​វេលា​ម៉ោង​១៧​ល្ងាច ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​បន្ទប់​លេខ​២​ជាន់​ផ្ទាល់​ដី​។​

​នៅពេល​នាង​ស្លាប់ ​មេបន​ឈ្មោះ ធូ បាន​លាក់បាំង​ព័ត៌មាន​នេះ ចាត់ចែង​ទៅ​ខ្ចី​ម៉ូតូ​ម៉ាកវីវ៉ា ពាក់​ស្លាក​លេខ​1FL 5941 ពី ឈ្មោះ យឺន វឿន រួច​យកមក​ឲ្យ​ឈ្មោះ​​ ង្វៀង យ៉ាំង​ចូ​វ និង​ឈ្មោះ ង្វៀង ធី​យុង ចាត់​ចែក​យក​សាកសព​មក​ដា​ក់​លើ​រទេះ​ យកមក​ចោល​នៅ​វត្ត​ទឹកថ្លា នៅថ្ងៃនោះ​វេលា​ម៉ោង​១​យប់​ឈាន​ចូល​ថ្ងៃទី​១៥ ដោយ ឈ្មោះ ង្វៀង យ៉ាំង​ចូ​វ ជា​អ្នកបើក​ម៉ូតូ និង​ឈ្មោះ​ង្វៀង ធី​យុង ជា​អ្នក​អង្គុយ​ក្រោយ​កាន​អូស​រ៉ឺម៉ក​ដឹក​សាកសព រួច​គេចខ្លួនបាត់​។

នៅ​គ្រា​ដែល​ពួកគេ​បាន​យក​សាកសព​មក​ចោល​ នៅ​វត្ត ​ចៃដន្យ​មាន​បុរស​ម្នាក់​បាន​ថត​ស្លាក​លេខ​ម៉ូតូ​នោះ​ទុក ក្រែង​មានការ​ប្ដឹង​ប៉ូលិស ទទួល​បាន​ផល​ម្រេច​ពិតមែន ​ដែល​ជា​ពន្លឺ​ដ៏​ល្អ​មួយ​ជួយ​ឲ្យ​ប៉ូលិស​មាន​តម្រុយ​តាម​ស្រាវជ្រាវ​រក​ឃើញ​ក្រុម​ឃាតក​តែម្ដង​៕