ព័ត៍មានទាន់​ហេតុការណ៏
Search

ស្តេច​អារ៉ាប៊ីសាអ៊ូឌីត​គាំទ្រ​ព្រះរាជបុត្រ​ចំពេល​មាន​កំហឹង​ជុំវិញ​ឃាតកម្ម​លោក Khashoggi

ស្តេច Salman របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​មានបន្ទូល​កាន់ជើង​រាជទាយាទ​ហើយ​បាន​កោតសរសើរ​ដល់​ប្រព័ន្ធតុលាការ​កាលពី​ថ្ងៃ​ចន្ទ​នៅក្នុង​សុន្ទរកថា​ជា​សាធារណៈ​លើកដំបូង​របស់​ទ្រង់​ចាប់តាំងពី​ការរិះគន់​ករណី​ឃាតកម្ម​របស់​អ្នកកាសែត Jamal Khashoggi បានធ្វើ​ឲ្យ​ប្រទេស​នេះ​ធ្លាក់ចូល​វិបត្តិ​ដ៏​អាក្រក់​បំផុត​មួយ​។​

ព្រះរាជអាជ្ញា​សាធារណៈ​កាលពី​សប្តាហ៍​មុន​បានប្រកាសថា រាជទាយាទ Mohammed bin Salman ដែលជា​បុត្រា​របស់​ព្រះមហាក្សត្រ​គឺ​មិនមាន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ធ្វើឃាត​នៅ​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត​ប្រចាំ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ថ្ងៃទី​២​ខែតុលា​ទេ​ប៉ុន្តែ CIA បាន​សន្និដ្ឋានថា ព្រះអង្គ​បាន​បញ្ជា​ឲ្យ​ធ្វើឃាត​។​

ព្រះរាជអាជ្ញា​បាន​អំពាវនាវ​ឲ្យ​មានទោស​ប្រហារជីវិត​ប្រឆាំងនឹង​បុរស​ចំនួន​៥​នាក់​ហើយ​បាន​និយាយថា មនុស្ស​សរុប​ចំនួន​២១​នាក់​ត្រូវបាន​ឃុំឃាំង​សម្រាប់​ការពាក់ព័ន្ធ​នឹង​ការសម្លាប់​នេះ​។​

ព្រះមហាក្សត្រ​ដែលមាន​ព្រះជន្ម​៨២​វស្សា​បាន​ថ្លែង​ក្នុង​សុន្ទរកថា​ប្រចាំឆ្នាំ​របស់​ទ្រង់​ទៅ​ក្រុមប្រឹក្សា Shura ដែលជា​ស្ថាប័ន​ប្រឹក្សា​ជាន់ខ្ពស់​មួយ​ថា “​ប្រទេស​នេះ​ត្រូវបាន​បង្កើត​ឡើងលើ​គោលការណ៍​ឥស្លាម​នៃ​យុត្តិធម៌​និង​សមភាព​ហើយ​យើង​មាន​មោទនភាព​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​តុលាការ​និង​ព្រះរាជអាជ្ញា​សាធារណៈ​”​។​

ព្រះអង្គ​បាន​បន្ថែមថា “​យើង​សូម​ធានាថា ប្រទេស​នេះ​នឹងមិន​ងាក​ចេញពី​ការអនុវត្ត​ច្បាប់​របស់​ព្រះ​ឡើយ​”​។ យ៉ាងណា​ក​ក្តី ព្រះអង្គ​មិនមាន​បន្ទូល​ដោយផ្ទាល់​ចំពោះ​ការសម្លាប់​អ្នកកាសែត Washington Post នៅក្នុង​សុន្ទរកថា​របស់​ទ្រង់​ទេ​។​

នៅក្នុង​របប​រាជាធិបតេយ្យ​ផ្តាច់ការ​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត មានតែ​ស្តេច​ប៉ុណ្ណោះ​ដែលមាន​អំណាច​ទម្លាក់​រា​ជ​ទាយាទ​ដ៏​មាន​ឥទ្ធិពល​ប៉ុន្តែ​ព្រះអង្គ​បានបញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា ព្រះអង្គ​គ្មាន​បំណង​ធ្វើ​ដូច្នេះ​ទេ​។​

នៅក្នុង​សុន្ទរកថា​របស់​ទ្រង់ ព្រះអង្គ​បាន​កោតសរសើរ​កម្មវិធី​កំណែទម្រង់សេដ្ឋកិច្ច​រប​ស់បុ​ត្រា​ទ្រង់​ដែលមាន​គោលបំណង​បង្កើត​ការងារ​សម្រាប់​ប្រជាជន​វ័យក្មេង​ដែល​កំពុង​កើនឡើង​និង​ការរៀបចំ​ប្រទេស​នេះ​សម្រាប់​ជំនាន់​ថ្មី​។​

ទូរទស្សន៍ Al-Arabiya ដែល​គ្រប់គ្រង​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​បាន​រាយ​ការណ៍​ថា ព្រះអង្គម្ចាស់​នឹងចូលរួម​កិច្ចប្រជុំ​កំពូល G20 ក្នុងប្រទេស​អា​ហ្ស​ង់​ទីន​ដែលជា​ព្រះរាជដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើកដំបូង​របស់​ទ្រង់​ចាប់តាំងពី​ករណី​ឃាត​កម្មនេះ​មក​៕ AFP