ភ្នំពេញ ៖ ដោយសារ ស្ថានភាពអាកាសធាតុមានការប្រែប្រួលខុសពីទម្លាប់ដែលក្នុងប៉ុន្មានឆ្នាំកន្លងមក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានបញ្ជាឲ្យថ្នាក់ដឹកនាំ ត្រូវចុះពិនិត្យនិងដោះស្រាយទឹក ស្រោច ស្រោព និងប្រើប្រាស់ ជូន កសិករឲ្យអស់លទ្ធភាព ដែលមានប្រភពទឹក។
ក្រសួងធនធានទឹកបានឲ្យដឹងថា ស្ថានភាពភ្លៀងដើមឆ្នាំបានលឿន និងចុងឆ្នាំអូសបន្លាយ ដែលខុសប្លែកនឹងឆ្នាំ ២០១៩ ខាងមុខ អាចភ្លៀងដើមឆ្នាំមានសភាពយឺត ដែលជាហេតុបណ្តាលឲ្យមានការព្រួយបារម្ភនឹងកង្វះខាតទឹកស្រោចស្រព និងប្រើប្រាស់។ជាមួយគ្នានេះ រដ្ឋមន្ត្រី ក្រសួង ធនធានទឹក បាន បញ្ជាឲ្យ ថ្នាក់ដឹកនាំ ត្រូវ ចុះពិនិត្យនិងដោះស្រាយជាបន្ទាន់។
ក្រសួងបន្តថា ជាវិធានការដែលក្រសួងត្រូវប្រកាន់យកមាន ១-យកចិត្តទុកដាក់ និងដោះស្រាយដោយប្រើប្រាស់គ្រប់លទ្ធភាពជួយសង្គ្រោះដល់ការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករនៅគ្រប់កន្លែងដែលមានប្រភពទឹក។ ២-ថ្នាក់ដឹកនាំក្រសួងទាំងអស់ដែលមានការចាត់តាំងរួចជាស្រេច ត្រូវចុះក្តាប់ និងដោះស្រាយជាបន្ទាន់នូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក។ ៣-គ្រប់មន្ទីរទាំងអស់ត្រូវធ្វើការងារជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងន័យណែនាំដល់បងប្អូនប្រជាកសិករ ជៀសវាងការបង្កបង្កើនផលនាដើមរដូវច្រើនហួសហេតុ ឆ្ងាយពីប្រភពទឹកដែលអាចក្លាយជាមហន្តរាយធ្ងន់ធ្ងរ ឈានទៅដល់កង្វះខាតទឹកប្រើប្រាស់ពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃថែមទៀត។
ក្រសួងបញ្ជាក់ថា ដើម្បីឲ្យកាន់តែច្បាស់លាស់ វិធានការចុះដល់ទីតាំងចាត់ទុកជាវិធានការប្រសើរ និងមានប្រសិទ្ធភាពបំផុត។ ថ្ងៃទី១៧នេះ លោក រដ្ឋមន្ត្រីបានអញ្ជើញចុះដល់ស្រុកមង្គលបូរី,ឃុំសឿ ដើម្បីពិនិត្យជាក់ស្តែង, វាយតម្លៃនិងមានវិធានការបន្ថែមជៀសវាងកុំឲ្យសភាពការណ៍ដូចនា ឆ្នាំ ២០១៦ កើតមានឡើងសាជាថ្មីទៀត។
ក្នុងដំណើរបេសកកម្មនេះក៏មានការចូលរួមយ៉ាងសកម្មផងដែរពីលោក សួន បវរ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដើម្បីមានការយល់ច្បាស់ពីសភាពការណ៍អាកាសធាតុ និងបណ្តាវិធានការដែលត្រូវប្រកាន់យក។ ក្នុងឱកាសនោះផងដែរ លោក រដ្ឋមន្ត្រីបានសម្រេចរៀបចំជូននូវស្ថានីយបូមទឹកថ្មី ០២ កន្លែង បំពាក់ដោយម៉ាស៊ីនបូមទឹក ហ៊ុន សែន ទំហំ ៥ តឹក ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទុកជាចំណងដៃផងដែរ៕