ព័ត៍មានទាន់​ហេតុការណ៏
Search

ADB កោតសរសើរ ចំពោះ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ដែល សហការ​ល្អ ធ្វើ​ឲ្យ​ការអនុវត្ត​គម្រោង​ប្រព័ន្ធ​ធារាសាស្ត្រ​តាំងក្រសាំង​ទទួលជោគជ័យ​យ៉ាង​ត្រចះត្រចង់

ភ្នំពេញ​៖ តំណាង ភាគី ADB បាន​ធ្វើ​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ធ្វើ​ការ​សហការ​ល្អ​ក្នុង​ពេល​កន្លងមក ជាមួយនឹង ADB ធ្វើ​ឲ្យ​ការអនុវត្ត​គម្រោង​ប្រព័ន្ធ​ធារាសាស្ត្រ​តាំងក្រសាំង បានទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។

ការ​កោត​សរសើរ​នេះ​បាន​ធ្វើឡើង កាលពី ថ្ងៃ​សុក្រ ៩​កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ នា​ឱកាស​ដែល ប្រតិភូ​ជាន់ខ្ពស់​របស់ ADB ចុះ​ធ្វើ​ទស្សនកិច្ច​ក្នុង​តំបន់​ប្រព័ន្ធ​ធារាសាស្ត្រ​តាំងក្រសាំង ក្នុងស្រុក​សន្ទុក ខេត្តកំពង់ធំ​។

ក្រសួង​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ចុះ​ធ្វើការ​ពិនិត្យ​ស្វែងយល់​ការងារ ក្នុង​ប្រព័ន្ធ​ធារាសាស្ត្រ​តាំងក្រសាំង​រួចមក គណៈប្រតិភូ​បាន​សុំ​ចុះ​ធ្វើការ​ពិនិត្យ​លើ​ការងារ Hydrometers and AWSs នៅក្នុង​តំបន់​ស្ទឹង​ស្ទោង ក្នុង​ខេត្តកំពង់ធំ​។ សូម​បញ្ជាក់​ជូន​ថា ភាគី ADB បានធ្វើការ​កោតសរសើរ​យ៉ាង​ខ្លាំង​ដែល លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បានធ្វើ​ការ​សហការ​ល្អ​ក្នុងពេល​កន្លងមក ជាមួយនឹង ADB សហការ​បាន​គ្រប់​ជ្រុងជ្រោយ​ដែល​ធ្វើ​ឲ្យ​ការអនុវត្ត​គម្រោង​ប្រព័ន្ធធារាសាស្ត្រ​តាំងក្រសាំង បានទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ហើយ​លោក​រដ្ឋមន្ត្រី​បាន​សហ​ការល្អ​ជាមួយនឹង ADB លើ​វិស័យ​គ្រប់គ្រង​ធនធានទឹក​ក្នុងប្រទេស​កម្ពុជា ក្នុង​តំបន់ និង​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ​ទៀតផង​។

ម្យ៉ាងទៀត​ដែល ADB ធ្វើការ​កោតសរសើរ​ហើយ​សរសើរ​ទៀត​លើ​ការងារ​ប្រព័ន្ធ​ធារាសាស្ត្រ​តាំងក្រសាំង ហើយ ADB បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ក្នុង​ក្របខ័ណ្ឌ​ពិភពលោក លើ​ភាព​ជោគជ័យ ក្នុង​ក្របខ័ណ្ឌ​ពិភពលោក​បាន​ជ្រាប​លើ​ជោគជ័យ​ទាំងនេះ ដោយសារ​ថា លោក រដ្ឋមន្ត្រី លឹម គានហោ បាន​ខិតខំ​ធ្វើការ​អភិវឌ្ឍ​តំបន់​តាំងក្រសាំង ប្រែក្លាយ​ពី​តំបន់​ស្មុគស្មាញ ដែល​បន្សល់ទុក​ដោយសារ​សង្គ្រាម ក្រោយមក​ធ្វើការ​អភិវឌ្ឍ​តិចតួច​ប្រើប្រាស់​មិនកើត​ទុកចោល​សុទ្ធ​តែព្រៃ និង​ដី​សុទ្ធសឹង​ជា​ដីខ្សាច់ និង​គ្រួស​។ ឥឡូវ​ក្លាយទៅជា​តំបន់​ផលិត​កសិកម្ម​បាន​៣​ដង​ក្នុង​១​ឆ្នាំ ដោយសារតែ​មានទឹក​គ្រប់គ្រាន់។

សូម​បញ្ជាក់​ថា គណៈ​ប្រតិភូ នាយក​ប្រតិបត្តិ​លើ​កិច្ចការ​បច្ចេកទេស​របស់​ក្រុមប្រឹក្សាភិបាល ADB HQ (Alternative Executive Director, AED) រួមមានៈ ក​/ AED Mr. Scott Dawson ដែល​ទទួលបន្ទុក​កិច្ចការ​របស់​ប្រទេស Australia, Azerbaijan, Cambodia, Georgia, Hong Kong, China, Kiribati, Federated State Micronesia, Nauru, Solomon Islands, and Tuvalu ខ​/ AED Mr. Mario Di Maio ដែល​ទទួល​កិច្ចការ​លើ​ប្រទេស Armenia, Cook Islands, Fiji, Indonesia, Kyrgyz Republic, New Zealand, Samoa, and Tonga គ​/ លោក ជំទាវ Sunniya Durrani Jamal ប្រធាន​ស្ថាន​តំណាង ADB ប្រចាំ​ប្រទេស​កម្ពុជា និង ឃ​/ លោក ឡុង ពិសិដ្ឋ មន្ត្រី​អនុវត្ត​គំរោង​ជាន់ខ្ពស់​របស់ ADB​។​លោក ចាន់ ស៊ី​ណាត អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​ក្រុមការងារ​ក្រសួង ចុះ​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​សិក្សា​ផ្លាស់ ប្ដូរ​បទពិសោធន៍ របស់​គណៈប្រតិភូ​ជាន់ខ្ពស់​របស់ ADB ចុះ​ធ្វើ​ទស្សនកិច្ច​ក្នុង​តំបន់​ប្រព័ន្ធធារាសាស្ត្រ​តាំងក្រសាំង ក្នុងស្រុក​សន្ទុក ខេត្តកំពង់ធំ៕