ព័ត៍មានទាន់​ហេតុការណ៏
Search

AFF Suzuki Cup ៖​ កម្ពុជា រកបាន​ជ័យជម្នះ​ជា​លើកដំបូង ខណៈ​អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​ឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ឡាវ ដោយ​លទ្ធផល​៣​ទល់​១ ក្នុង​វគ្គ​ជម្រុះ​ពូ​ល A ក្នុង​ពានរង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2018 នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​២០​ខែវិច្ឆិកា ឆ្នាំ​២០១៨ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ជ័យជម្នះ​នេះ​មិនអាច​ធ្វើឱ្យ​ក្រុម​កម្ពុជា ដណ្តើមបាន​ឱកាស​ឡើងទៅ​លេង​នៅ​វគ្គ​បន្ត​នោះទេ​។

ការប្រកួត​ដែល​ដឹកនាំ​ដោយ​លោក​អាជ្ញាកណ្ដាល​ជនជាតិ​សឹង្ហ​បុរី Nathan Chan ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា រកបាន​គ្រាប់​បាល់​បើកឆាក​មុន​នៅ​នាទី​១៨ ដោយ​ថ្វី​ជើង​កីឡាករ ចាន់ វឌ្ឍនាកា ខណៈ​នៅ​នាទី​៣៦​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម បា​នរក​គ្រាប់​ទី​២​ក្រោយ​ទាត់​បាល់​ប៉េ​ណាំង​ទី​បានសម្រេច​។ ចូលដល់​តង់​ទី​២​ក្រុម​ឡាវ បា​នរក​គ្រាប់​តាម​បាន​១​គ្រាប់​វិញ​នៅ​នាទី​៧៦ តែ​កីឡាករ កែវ សុខ​ផេង បាន​បន្ថែម​គ្រាប់​បាល់​ទី​៣​ឱ្យ​កម្ពុជា នៅ​នាទី​៧៧​។

បើ​សរុប​តារាង​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ប្រចាំ​ពូ​ល A ឃើញថា​ក្រុម​វៀតណាម និង​មី​យ៉ាន់​ម៉ា មាន​៧​ពិន្ទុ​ស្មើគ្នា ខណៈ​ក្រុម​ម៉ាឡេស៊ី មាន​៦​ពិន្ទុ ហើយ​កម្ពុជា មាន​៣​ពិន្ទុ និង​ឡាវ​មិន​ទាន់​មាន​ពិន្ទុ​កាន់​នោះទេ​។ គិត​ត្រឹម​ពេលនេះ​មានតែ​ក្រុម​៣​ប៉ុណ្ណោះ នៅសល់​ឱកាស​ឡើង​ទៅ​ជុំ​បន្ទាប់​គឺ​មី​យ៉ាន់​ម៉ា វៀតណាម និង​ម៉ាឡេស៊ី ស្រប​ពេល​កម្ពុជា និង​ឡាវ អស់​ឱកាស​ហើយ​។ សម្រាប់​ប្រកួត​បិទ​ពូ​ល​ក្រុម​វៀតណាម ត្រូវ​ទទួល​ក្រុម​កម្ពុជា នៅ​ម៉ោង​៧:៣០​នាទី​យប់​ថ្ងៃទី​២៤ ខែវិច្ឆិកា លើ​ទីលាន​កីឡដ្ឋាន Mỹ Đình Stadium ក្នុង​រដ្ឋធានី​ហាណូយ ខណៈ​ក្រុម​ម៉ាឡេស៊ី ទទួល​ក្រុម​មី​យ៉ាន់​ម៉ា នៅ​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​កីឡដ្ឋាន Stadium Nasional Bukit Jalil ។

​សម្រាប់​កម្មវិធី​ប្រកួត​ក្នុង​ពូ​ល B នឹងធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ពុធ នេះ​ដោយ​ក្រុម​ហ្វីលីពីន ទទួល​ក្រុម​ថៃ នៅ​ម៉ោង​៨:៣០​នាទី​យប់ លើ​ទីលាន​កីឡដ្ឋាន Panaad Stadium ក្នុង​ទីក្រុង Bacolod City​ហើយ​ក្រុម​សឹង្ហ​បុរី ទទួល​ក្រុមទី​ម័​រ​ខាងកើត នៅ​ម៉ោង​ដំណាលគ្នា​ដែរ​លើ​ទីលាន​កីឡដ្ឋាន​The National Stadium​។

ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះ​ពូ​ល A មាន​វៀតណាម ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា កម្ពុជា និង​ឡាវ ខណៈ​ពូ​ល B មាន​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​បឋម​គឺ​ទី​ម័​រ​ខាងកើត​។ ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ចំនួន​២​ក្រុម​តាម​ពូ​ល​នីមួយៗ​នឹង​ឡើង​ទៅលេង​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​ជា​បន្ត​ដើម្បី​រក​ម្ចាស់​ជើងឯក​ប្រចាំ​សម័យកាល​។ តាម​គម្រោងការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​២០១៨៕