ព័ត៍មានទាន់​ហេតុការណ៏
Search

សាលា​បាល់ទាត់​របស់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ចាប់ផ្តើម​ដំណើរការ​ហើយ​នៅ​ខេត្តសៀមរាប​

ក្រុមបាល់ទាត់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ (Cambodian Tiger FC) សមាជិក​ក្នុង​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ (Metfone Cambodian League 2018) ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប បានសម្រេច​បង្កើត​សាលា​បាល់ទាត់​កម្រិត​យុវជន​គិត​ប្រាក់ ដោយ​បែងចែក និង​កំណត់​ចំនួន​សិស្ស​ចុះឈ្មោះ​ជា​កម្រិត​ផ្សេងៗ​គ្នា​។

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្លិប​ដែលមាន​ក្បាលម៉ាស៊ីន ជា​ជនជាតិ​ជប៉ុន​មួយ​នេះ​បាន​បញ្ជាក់​ថា ​សាលា​បាល់ទាត់​របស់ខ្លួន​បាន​ចាប់ដំណើរការ​ហើយ​ដែលមាន​លោកគ្រូ​បង្វឹក ចាន់ រិទ្ធី និង គ្រូបង្វឹក Jordi Aluja ជនជាតិ​អេ​ស្ប៉ា​ញ សហការគ្នា​បង្ហាត់​។ ការហ្វឹកហាត់​នេះ​ធ្វើឡើង​នៅលើ​ទីលាន Lion Futsal ក្នុង​ខេត្តសៀមរាប ខណៈ​កំណត់​យក​អ្នក​ចុះឈ្មោះ​បាន​មុនគេ​ចំនួន​៣០​នាក់​ប៉ុណ្ណោះ​។

តាម​គម្រោង​ការ​បង្ហាត់​ធ្វើឡើង​នៅ​ថ្ងៃ​ព្រ​ហ​ស្បតិ៍ រៀងរាល់​សប្ដាហ៍​។ សម្រាប់​កុមារា​អាយុ​ចាប់ពី​៩​ឆ្នាំ​ដល់​១៥ ឆ្នាំ​នឹង​បង្ហាត់​ចាប់ពី​ម៉ោង​៥និង៣០​នាទី​ដល់​ម៉ោង​៦និង៣០​នាទី​ល្ងាច ក្នុង​តម្លៃ​៨​ដុល្លារ ក្នុង​១​ខែ​។ ចំណែក​យុវជន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើង គឺ​ហ្វឹកហាត់​ចាប់ពី​ម៉ោង​៦និង៣០​នាទី​ដល់​ម៉ោង​៨​យប់ ក្នុ​ងតម្លៃ​១០​ដុល្លារ​ក្នុង​១​ខែ​។ ក្លិប​នៅតែ​ប្រកាស​ស្វែងរក​សិស្ស​បន្ថែម​ទៀត ហើយ​សម្រាប់​អ្នក​ចាប់អារម្មណ៍​សូម​ទាក់ទង​តាម​លេខ​086 691 947 ឬ​089 767 897​។

ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បាន​ប្តូរ​ឈ្មោះ​មកពី​ក្រុម​ត្រាយ​អាស៊ី​ភ្នំពេញ កាលពី​ចុងរដូវ​កាល​២០១៤ ហើយ​នៅ​រដូវ​កាល​២០១៥ គឺជា​កំណត់ត្រា​ល្អ​របស់​ក្លិប​ពោលគឺ អាច​ឡើង​ដល់​វគ្គ​៤​ក្រុម​ចុងក្រោយ​ទាំង​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ក្រោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ដូចគ្នា​។ ក្រុម​នេះ ទទួលបាន​សិទ្ធិ​ប្រើប្រាស់​កីឡដ្ឋាន​ខេត្តសៀមរាប ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា កាលពី​រដូវកាល​ឆ្នាំ២០១៧​កន្លង​ធ្វើជា​ទឹក​ដី​របស់​ខ្លួន​រាល់​កាល​ប្រកួត​នានា៕