ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ សាន គឹម​ហេង រំពឹងថា​សមាជិក​ថ្មី​មកពី​សាលា​បាល់ទាត់​ជាតិ​បាទី​នឹងធ្វើ​បានល្អ​នៅ​រដូវ​កាល​ថ្មី

រយៈពេល​ជាង ១​ខែ​មកហើយ ដែល​យុវជន​ទើប​ផ្ទេរ​ពី​សាលា​បាល់ទាត់​ជាតិ​បាទី បានធ្វើការ​ហ្វឹកហាត់​ជាមួយ​ក្លិប​វិសាខា សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ហើយ​កីឡាករ​ទាំងអស់នោះ​រួមមាន​កីឡាករ ទៀត គឹម​ហេង​, ឡុង ម៉េង​ហាវ​, ទូច គឹម​ឆាយ​, ផុន តៃនិញ និង​អ្នកចាំទី គង់ ពី​លុត​។

ចំណែក​ខ្សែបម្រើ​-​ប្រយុទ្ធ​វ័យក្មេង សាន គឹ​ង​ហេង បាន​សម្ដែង​ការសប្បាយ​ចិត្តជា​ខ្លាំង ក្រោយ​អតីត​មិត្ត​រួម​ក្រុម​នៃ​សាលា​បាល់ទាត់​ជាតិ​បាទី​ចំនួន ៥​នាក់ បាន​ផ្ទេរ​មកកាន់​ក្លិប​កីឡាបាល់ទាត់​វិសាខា​ជាមួយគ្នា​ហើយ​រំពឹងថា ពួកគេ​នឹង​ក្លាយជា​ដៃគូ​ដ៏​ល្អ ដើម្បី​សហការ និង​ជួយ​ក្លិប​សម្រេច​គោលដៅ​នា​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩​។ ក្រោយ​ហ្វឹកហាត់​ជាមួយគ្នា បាន​មួយរយៈ សាន គឹម​ហេង បាន​និយាយថា «​ខ្ញុំ​យល់ឃើញថា ពួកគាត់​មាន​ឆន្ទៈ​ខ្ពស់ ក្នុងការ​ហ្វឹកហាត់ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា ពួកយើង​នឹងមាន​ការយល់​ចិត្ត​គ្នា​បាន​ច្រើន ដើម្បី​ជួយ​ក្លិប​នា​រដូវ​កាល​ថ្មី​»​។

​កីឡាករ​ជម្រើសជាតិ U19 កម្ពុជា​រូបនេះ​បន្ដថា «​បើ​និយាយ​ពី​ចំណុច​ខ្វះខាត​របស់​ពួកគាត់ មាន​បន្ដិច​បន្ដួច​ប៉ុណ្ណោះ ពិសេស​កាយសម្បទា ប៉ុន្ដែ​ខ្ញុំ​ជឿជាក់ថា ពួកគាត់​នឹង​មាន​ការអភិវឌ្ឍន៍​ខ្លួន​បាន​លឿន ដើម្បី​ជួយ​ក្លិប​នា​ឆ្នាំ​២០១៩ ព្រោះ​ពួកគាត់ ក៏ដូចជា​ខ្ញុំ​ដែរ សុទ្ធតែ​មានបទពិសោធន៍ លេង​បាល់ទាត់​តាំងពីក្មេង ចឹ​ង​ពួកគាត់ មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ប្រកួតប្រជែង​ជាមួយ​រៀមច្បង​នៅ​លី​គ ក៏ដូចជា​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​»​។

បន្ថែម​លើ​នេះ គឹម​ហេង ក៏បាន​ធ្វើការ​ប្ដេជ្ញាចិត្ត​ខ្លួនឯង នឹង​បន្ដ​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ជួយ​ក្លិប​ឲ្យ​ទទួលបាន​លទ្ធផល​កាន់តែ​ល្អ ជាង​ឆ្នាំ​២០១៨ ផងដែរ ។ កីឡាករ​វ័យ ១៨​ឆ្នាំ​រូបនេះ​ថា «​ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​បាន​ត្រៀមខ្លួន​ជាស​ម្រេច ដើម្បី​ជួយ​ក្លិប​នា​រដូវ​កាល​ថ្មី ឲ្យ​ទទួលបាន​លទ្ធផល​កាន់​តែល្អ ព្រោះ​គោលដៅ​របស់ខ្ញុំ គឺ​ខ្ញុំ​ចង់​ជួយ​ក្លិប​លើក​ពាន​លី​គ​កំពូល​កម្ពុជា បើ​អាច​នៅ​ឆ្នាំ​២០១៩ ខាង​មុខ​តែម្តង៕