ព័ត៍មានទាន់​ហេតុការណ៏
Search

កត្តា “​សេវាកម្ម​អតិថិជន​” គឺ​ចំណុច​ឈ្នះ​ទៅលើ​ដៃគូ​ប្រកួត​ប្រជែង នៅក្នុង​ទីផ្សារ​នាពេល​បច្ចុប្បន្ន​

​ភ្នំពេញ​៖ ខណៈពេលដែល​ទីផ្សារ​នាពេល​បច្ចុប្បន្ន កាន់តែ​មានការ​ប្រកួត​ប្រជែង​ខ្លាំង​ឡើងៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នោះ ម្ចាស់​អាជីវកម្ម​នីមួយៗ តែងតែ​ខិតខំ​រិះរក​វិធីសាស្ត្រ​នានា ដើម្បី​យកឈ្នះ​គូ​ប្រកួ​ត​ប្រជែង ក្នុងការ​ទទួលបាន​ចំណែក​ទីផ្សារ ឬ​រក្សា​ចំណែក​ទីផ្សារ​របស់ខ្លួន​។ ក្រៅ​តែ​អំពី​ផ្ដល់​ឲ្យ​អតិថិជន នូវ​ផលិតផល​ដែលមាន​គុណភាព​ហើយ​នោះ ផ្នែក “​សេវាកម្ម​អតិថិជន​” គឺជា​ចំណុច​សំខាន់​មួយ ដែល​ម្ចាស់​អាជីវកម្ម ឬ​អ្នកគ្រប់គ្រង មិន​គួរ​មើល​រំលង​នោះ​ឡើយ​។​



យ៉ាងណាមិញ លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន RM Asia បានចាត់ទុក “​សេវាកម្ម​អតិថិជន​” គឺជា​ចំណុច​មួយ ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ក្រុមហ៊ុន​លោក មាន​ភាពខុសប្លែក​ពី​គេ នាពេល​បច្ចុប្បន្ន ខណៈពេលដែល​ផលិតផល និង​បច្ចេកវិទ្យា មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា​នោះ​។​

“​អ្វីដែល​អាច​ឲ្យ​យើង​ខុសប្លែក​ពី​គេ ឈ្នះ​គេ​បាន គឺ​សំខាន់ កត្តា​សេវាកម្ម​” លោក ង​ន សាំង បាន​ប្រាប់​ទៅ​បុគ្គលិក​របស់ខ្លួន នៅក្នុង​កម្មវិធី Swensen’s Excellence Awards 2018 ដែល​បានរៀបចំ​ធ្វើឡើង កាលពីពេល​ថ្មីៗ​នេះ នៅ​សាខា​ការ៉េម​ស្វិ​ន​សិន ផ្លូវ​កម្ពុជា​ក្រោម ទល់មុខ វិទ្យាល័យ​សន្ធរ​មុក​។​

លោក​បាន​បន្តទៀតថា “​កត្តា​សេវាកម្ម គឺជា​កត្តា​ដែល​អាច​ឲ្យ​យើង​យកឈ្នះ ទៅលើ​កដៃ​គូ​ប្រកួត​ប្រជែង​របស់​យើង​បាន​។ ជាក់ស្ដែង​សេវាកម្ម​របស់ “​ស្វិ​ន​សិន​” ល្អ​ហើយ តែ​ខ្ញុំ​គិតថា យើង​គួរតែ​ពង្រឹង​វា​ឲ្យ​ល្អ​ជាងនេះទៅទៀត ដើម្បី​ទទួលបាន​ជោគជ័យ ឈ្នះ​លើ​គូ​ប្រកួ​ត​ប្រជែង​”​។​



គួរបញ្ជាក់​ផងដែរ​ថា នេះ​ជា​លើក​ទី​៤ ហើយ ដែល ហាង​ការ៉េម ស្វិ​ន​សិន បាន​បង្កើត​កម្មវិធី​ប្រកួតប្រជែង​នេះ​ឡើង ហើយ​ការ​ប្រ​គួ​ត​ប្រជែង​នេះ មាន​ការចួលរួម​ពី​បុគ្គលិក​តាម​ហាង​នីមួយៗ ចំនួន ៨​ហាង មកពី ទីក្រុង​ភ្នំពេញ សៀមរាប និង​បាត់ដំបង​។ បុគ្គលិក​ទាំងអស់​ត្រូវ​បាន​បាន​បែង​ចែកជា​ក្រុម ដែល​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ បម្រើ​សេវា​អតិថិជន ដែល​រួមមាន​ការគ្រប់គ្រង​ក្នុង​ហាង​, ការធ្វើ​ការ៉េម​សាន់​ដេ និង សេវា​បំពេញចិត្ត​អតិថិជន​ផ្សេងទៀត​។ ក្រុម​នីមួយៗ ត្រូវបាន​វាយតម្លៃ និង​ដាក់ពិន្ទុ​ដោយ​គណៈកម្មាធិការ​ជំនាញ ដែលមាន​បទពិសោធន៍​ច្រើន​ឆ្នាំ ខាង​ផ្នែក​ចំណីអាហារ​។​

​ជាមួយគ្នានេះ​ដែរ លោក ទេព វិ​រះ នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន អ៊ិ​ច​ប្រេ​ស ហ្វូ​ដ គ្រុប (EFG) បាន​ឲ្យ​ដឹងថា កម្មវិធី​នេះ​ធ្វើឡើង ក្នុង​គោលបំណង ៣ សំខាន់​គឺ ដើម្បី​ធានាថា គ្រប់​បុគ្គលិក​ទាំងអស់ អាចធ្វើ​ប្រតិបត្តិការ​តាម​ស្តង់ដារ និង​ផ្តល់នូវ​សេវាកម្ម​ដ៏​ពេញចិត្ត ជូន​ដល់​អតិថិជន ជាមួយ​សុវត្ថិភាព​ចំណីអាហារ​ខ្ពស់ ក៏ដូចជា​ដើម្បី​ជំរុញ​ការលើកកម្ពស់ និង​អភិវឌ្ឍ​សមត្ថភាព​របស់​បុគ្គលិក ក្នុងការ​តុបតែង​ការ៉េ​ម​សាន់​ដេ និង​ដើម្បី​ពង្រឹង​ការធ្វើការងារ​ជា​ក្រុម​ក្នុង​ហាង​នីមួយៗ ឲ្យ​មានការ​សហការ​​​គ្នា កាន់​តែមាន​ភាពល្អប្រសើ​រ​ឡើង​។​

​គួរ​រម្លឹក​ផងដែរ​ថា ហាង​ការ៉េម ស្វិ​ន​សិន (SWENSEN’S) គឺជា​ហាង​ការ៉េម ដ៏​ល្បី​មួយ​ដែលមាន​វត្តមាន​នៅលើ​ទីផ្សារ​កម្ពុជា តាំងពី​ឆ្នាំ​២០០៧ មក​ម្ល៉េះ​។ គិត​មកដល់​ត្រឹម​ថ្ងៃនេះ ហាង​ការ៉េម​ស្វិ​ន​សិន (SWENSEN’S) បាន​ពង្រីក​សាខា​របស់ខ្លួន ចំនួន​៨ ទីតាំង នៅ​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​។ ក្រុមហ៊ុន គ្រោង​នឹង​ពង្រីក​សាខា​បន្ថែមទៀត ដើម្បី​ផ្ដល់​ទីតាំង​ឲ្យ​កាន់តែ​ខិតជិត​អតិថិជន​បំផុត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114