ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ​(​ពិការ​ដៃ​ឆ្វេង​ម្ខាង​)​ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​បន្ទប់​ជួល

ភ្នំពេញ ​៖ បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​(​ពិការ​ដៃ​ឆ្វេង​ម្ខាង​)​ ត្រូវ​បាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​បន្ទប់​ជួល ផ្ទះ​លេខ ២១B ផ្លូវ​៧០​ភូមិ​១៩​ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១២​យប់​ថ្ងៃ​សៅរ៍ ២​រោច ខែ​កត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ​សព​ឈ្មោះ KENDALL PETER GRAHAM ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ ជនជាតិ អង់គ្លេស មុខរបរ​ទេសចរណ៍​។

តាម​ការបំភ្លឺ​របស់​ឈ្មោះ​អួន​នី​ភេទ​ប្រុស​អាយុ ៤៦​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ជាង​កម្មករសំណង់​ស្នាក់នៅ​ផ្ទះជួល​ខាងលើ​ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា ​ជនរងគ្រោះ​ បាន​មក​រស់នៅ​ផ្ទះ​របស់​ខ្លួន​តាមរយៈ​ស្គាល់​គ្នា​ជាមួយ​កូនប្រុស​ឈ្មោះ​ណា​ប៊ុន​ណាត​អាយុ ២៦​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​លក់​កាហ្វេ។ ការ​ស្នាក់​ស្នាក់នៅ​របស់​ជនរងគ្រោះ​មាន​រយៈពេល​ប្រហែល ០៣​ខែ​មក​ហើយដោយ​មិនមាន​ប្រកប​របរ​អ្វី​ទេ​(​ជនរងគ្រោះ​ពី​ការ​ដៃ​ឆ្វេង​)។ ​ក្នុងការ​រស់នៅ​ជនរងគ្រោះ​ បានចេញ​ចូលទៅ​ទិញ​សម្ភារៈ​ហូបចុក​នៅ​ខាងក្រោម ១​ម៉ោង​ឬ ២​ម៉ោង​ត្រឡប់មកវិញ​ឡើង​ចូល​បន្ទប់​ស្នាក់នៅ​ធម្មតា ​លុះដល់​ថ្ងៃទី ២៤​ខែវិច្ឆិកា​ឆ្នាំ ២០១៨​វេលា​ម៉ោង ២០​ខ្លួន​បាន​យក​ផ្លែឈើ​ទៅ​បន្ទប់​ជនរងគ្រោះ​គោះទ្វារ​មិន​ឆ្លើយ​ខ្លួន​ក៏​រុញ​ទ្វារ​ចូល ​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​លើ​កម្រាល​ពូក​បាត់ទៅហើយ​​ ហើយ​រហូតដល់​ម៉ោង ២០​យប់​ថ្ងៃ​ដដែល​ខ្លួន​ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​តែម្តង​។​

ក្រោយពី​សភាពការណ៍​កើតឡើង​កម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍​បាន​ចុះ​ដល់ និង​គ្រប់គ្រង​កន្លែង​កើតហេតុ ហើយ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា និង​ការិយាល័យ បច្ចេកទេស​វិឡា​សាស្ត្រ ​និង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ការិយាល័យ​អន្តោប្រវេសន៍ ដើម្បី​បង្កើត ​​គណៈកម្មការ​ធ្វើ​កោសល្យវិច័យ ​ពិនិត្យ​សព​។​

ជា​លទ្ធផល​តាម​ការពិនិត្យ​ការិយាល័យ ជំនាញ​បច្ចេកទេស​បានបញ្ជាក់ សព​ជនរងគ្រោះ​ស្លាប់​ដោយ​គាំងបេះដូង ហើយ​នៅ​កន្លែងកើតហេតុ​រកឃើញ​សម្ភារៈ​មួយចំនួន​ដូចជា ១.​លិខិត ឆ្លងដែន​លេខ ៥១១២៨៣៥៦​។ ២. លុយ​ដុល្លារ​ចំនួន​២០​ដុល្លារ​។ ៣.​វ៉ាលិស​ចំនួន​០១ ។ ៤.​សំលៀកបំពាក់​មួយចំនួន​។ ៥.​កាត​សំគាល់​ខ្លួន​០១​។​

​ក្រោយ​ពិនិត្យ​រួច ខាង​ជំនាញ បច្ចេកទេស បាន​ដឹក​សាកសព​យក​ទៅ​តម្កល់​នៅ​សាល​តម្កល់សព វត្ត​ស្ទឹងមានជ័យ​៕ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114