ព័ត៍មានទាន់​ហេតុការណ៏
Search

សំណាង​១ ក្នុង​១​ពាន់​គ្រោះថ្នាក់ ផ្ទុះ​គ្រាប់​បែក​ហើយ តែ​មិន​ស្លាប់​

​ពោធិ៍សាត់​ ៖ ក្មេងប្រុស​២​នាក់​បងប្អូន បាន​រង​របួស បញ្ជូន​មកកាន់​មន្ទីរពេទ្យ​បង្អែក​ ស្រុក​ក្រគរ ខណៈ​ពេល​ពួកគេ​ដើរទៅ​ជិត​ធុងសំរាម​ដែល​គេ​បោស​ប្រមូល​ទុកចោល​ ​ ប៉ះនឹង​គីប​គ្រាប់​សល់​ពី​សង្គ្រាម​យកមក​ដក​ទំពក់​កន្លុះ​ ហើយ​ផ្ទុះ​។​

​ហេតុការណ៍​នេះ​ បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី ថ្ងៃ​ទី​២៣ ខែវិច្ឆិកា​ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ក្បែរ​ផ្ទះ ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​

​អាជ្ញាធរ​ទីនោះ​ប្រាប់ថា ជនរងគ្រោះ​មាន ​១-ឈ្មោះ ហេង ផាន់​ណា អាយុ​១០​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ខ្មែរ។ ២-​ឈ្មោះ ហេង ផាន់​នី អាយុ​៤​ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ អ្នក​ទាំងពីរ​ជា​បងប្អូន​បង្កើត​នឹង​គ្នា ដែល​មាន​ទីលំនៅ​ភូមិ​/ឃុំ​កើតហេតុ​ខាងលើ​។​

​អាជ្ញាធរ​ដដែល​បាន​ប្រាប់​ពី​ហេតុការណ៍​នោះ​ថា កាលពី​វេលា​ម៉ោង​កើតហេតុ​ខាងលើ គឺ​ជនរងគ្រោះ​ទាំងពីរ​រត់​លេង​ក្បែរ​ផ្ទះ​របស់ខ្លួន​រស់នៅ ពេលនោះ​ជនរងគ្រោះ​ដែលជា​ប្អូន​ឈ្មោះ ផាន់​នី អាយុ​៤​ឆ្នាំ​នោះ បាន​ដើរទៅ​ខាងត្បូង​ផ្ទះ ក៏​ប្រទះឃើញ​គំនរ​ធុងសំរាម​មួយ​ដែល​គេ​យក​ទៅ​បោះចោល។

ក្មេង​នោះ​បាន​រើ​កាយ ក៏​ប៉ះ​នឹង​គីប​គ្រាប់បែក​១​គ្រាប់ ហើយ​កាន់​រត់​យក​មក​ឲ្យ​បងប្រុស​ខ្លួន ពេល​នោះ បងប្រុស​ ផាន់​នី ក៏បាន​ដក​ទំពក់​កង​កន្លុះ​គីប​គ្រាប់​ដែល​សល់​ពី​សម័យ​សង្គ្រាម​នោះ បណ្ដាល​ឲ្យ​វា​ផ្ទុះឡើង ​ធ្វើ​ឲ្យ​គេ​ទាំង​២​នាក់​បងប្អូន​រងរបួស​តែម្ដង។ ភ្លាមៗនោះ​ខាង​ក្រុមគ្រួសារ​ក៏​ឆាប់​ប្រញាប់​បញ្ជូន​ពួកគេ​មកកាន់​មណ្ឌល​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ក្រគរ​ដើម្បី​សង្គ្រោះ ដោយ​គ្រូពេទ្យ​បញ្ជាក់ថា ពួកគេ​មាន​សំណាង​ណាស់ ដោយ​គ្មាន​អំបែង​គីប ​ត្រូវ​ខ្លួនប្រាណ​ និង​គ្រាប់ភ្នែក គេ​គ្រាន់តែ​ជាតិ​រំសេវ​គ្រាប់​គីប​ផ្ទុះ ឆេះ​រោល​ខ្លួន​របួសស្រាល​ប៉ុណ្ណោះ៕