ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​ម្នាក់ ​របួស​ធ្ងន់​ និង​៣​នាក់​របួសស្រាល ​ក្នុង​ហេតុការណ៍​រថយន្ត បុក​​​រថយន្ត

កំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង រថយន្ត បុក​នឹង​រថយន្ត ក្នុង​ទិសដៅ​ស្របគ្នា​​ ​ពី​ជើង​ទៅ​ត្បូង​​ បណ្ដាល​ឲ្យ​របួសធ្ងន់​០១​នាក់​(​ប្រុស​)​ និង​របួសស្រាល​០៣​នាក់ ​(​ស្រី​០១​នាក់​)។

ហេតុការណ៍​នេះ ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​០៤​និង​១៩​នាទី ថ្ងៃ​ព្រហស្បតិ៍ ០៧​រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ ចំណុច​មុខ​ផ្ទះ​ឈ្មោះ​ ហេង​ ចាន់ នៅ​ភូមិ​ពុក​យុក សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ។

តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សន្ទុក​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​បាន​បង្ក ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​បៃតង ស្លាក​លេខ​ភ្នំពេញ​3A.2739 (​ដឹក​មើម​ដំឡូង​មី​) អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយពី​កើតហេតុ តៃកុង​ឡាន​បាន​រត់​(​គេចខ្លួន​)​តាម​ទម្លាប់​។​

រថយន្ត​សាំង​យ៉ុង ពណ៌​ស ស្លាក​លេខ​ភ្នំពេញ​2Q.5770 (​ដឹក​អ្នកដំណើរ​) (​ឈប់​លើ​ទ្រូងផ្លូវ​) បើកបរ​ដោយ​ឈ្មោះ ហេង​ ជ្រុ​យ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​(​របួសធ្ងន់​)​។

អ្នករួមដំណើរ​ជាមួយ​ចំនួន​០៣​នាក់មាន ៖ ១-​ឈ្មោះ ទូច​ ផល្លា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ (​មន្ត្រីរាជការ​)​នៅ​ភូមិ​ពោធិ៍​បាក់ក សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន​(​របួសស្រាល​)​។ ២-​ឈ្មោះ ឃុ​យ​ ម៉េង​ស្រៀ​ង ភេទ​ស្រី អាយុ​៣២​ឆ្នាំ​(​អាជីវក​) នៅ​ភូមិ​ដំរី​ជាន់​ខ្លា សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹងសែន​(​របួសស្រាល​)​។

៣-​ឈ្មោះ ឈ​ បៀ​ង​គង់ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ​(​មន្ត្រីរាជការ​) នៅ​ភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន​(​របួសស្រាល​)​។

មូលហេតុ​បឋម​បង្កឡើង​ដោយ​អ្នកបើកបរ​រថយន្ត​សាំង​យ៉ុង​ឈប់​លើ​ទ្រូងផ្លូវ ​ខ្ជីខ្ជា​ ខ្វះ​ការប្រុង​ប្រយ័ត្ន រួមផ្សំ​នឹង​អ្នកបើកបរ​ រថយន្ត​ហ៊ី​យ៉ាន់​ដាយ​ដឹក​មើមដំឡូង​មី​ បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ចំណែក​វត្ថុតាង​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រយូវ​រង់ចាំ​ដោះស្រាយ​គ្នា​តាមច្បាប់​៕​