ព័ត៍មានទាន់​ហេតុការណ៏
Search

គួរ​ឲ្យ​អាណិត​ក្មេង​ស្រី​ម្នាក់​ ដែល​ដើរ​លក់​ចេកស្ងោរ​ដើម្បី​យក​លុយ​ជួយ​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ​

​ភ្នំពេញ ៖ អ្នករស់នៅ​ច្បារអំពៅ​ បាន​សំដែង​ការ​អាណិតអាសូរ​ទៅដល់​ក្មេងស្រី​ម្នាក់​ដែល​មាន​អាយុ​១២​ឆ្នាំ​ ដែល​ខិតខំ​ដើរ​លក់​ចេកស្ងោរ ​ដើម្បី​យកលុយ​ទៅជូន​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ និង​មាន​ជំងឺ​ទៀត​ផង​។​

តាម​ប្រសាសន៍​បងស្រី​ ពិន ថូ ដែលជា​អ្នករស់នៅ​ច្បារអំពៅ​បាន​ប្រាប់​ភ្នាក់ងារ​កម្ពុជា​ថ្មីឲ្យ​ដឹង​ថា ​រាល់ថ្ងៃ​បងស្រី​តែងតែ​មកជួយ​ទិញ​ចេកស្ងោរ​របស់​ក្មេងស្រី​ម្នាក់​ដែល​បាន​អង្គុយ​លក់​ចេកស្ងោរ​នៅ​ម្តុំ​ក្រោយ​សាលា​បឋមសិក្សា​ច្បារអំពៅ​ទី​១ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។​

បើ​និយាយ​ពី​ចេកស្ងោរ ​គឺ​អ្នកណា​ក៏​អាច​ទិញ​យក​មក​ស្ងោរ​ហូប​ខ្លួនឯង​បានដែរ ​តែ​អ្នក​ច្បារអំពៅ​តែង​មក​ទិញ​ពី​ក្មួយ​ស្រី​ ព្រោះតែ​អាណិតអាសូរ​ដល់​ប្អូនស្រី​។​

អ្នក​ស្គាល់​ប្រវត្តិ​របស់​គ្រួសារ​ក្មេងស្រី​ខាងលើនេះ​បាន​និយាយថា ​ប្អូនស្រី​រស់នៅក្នុង​ភូមិ​ព្រែក​ សង្កាត់​ច្បារអំពៅ​ទី​១ ​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​។​ ប្អូនស្រី​មិនបាន​ស្គាល់​មុខ​ឪពុក​នោះ​ទេ​ព្រោះ​គាត់​ចាក​ចេញពី​ក្រុមគ្រួសារ​តាំងពីក្មេង​ស្រី​រូបនេះ​ទើប​នឹង​កើត​។

​បន្ទាប់មក ​ម្តាយ ​ក៏​សុខចិត្ត​រស់នៅក្នុង​ភាពជា​ស្ត្រី​មេម៉ាយ​ចិញ្ចឹម​កូន​ទាំង​ត្រដាបត្រដួស ​រហូតដល់​ប្អូន​ស្រី​អាយុ​បាន​១២​ឆ្នាំនេះ​។​ ជីវភាព​ នៃ​ក្រុមគ្រួសារ​របស់​ប្អូនស្រី​រូបនេះ ​គឺ​លំបាកលំបិន​ណាស់​។ ​បើ​ចំពោះ​ប្អូនស្រី​វិញ ​ព្រឹក​ព្រលឹម​ឡើង​យក​ចេកស្ងោរ​ដើរ​លក់​ពេញ​ភូមិ​ ដោយ​ពុំ​មាន​អ្វី​ហូបចុក​ពេល​ព្រឹក​ឡើយ ​ដោយ​រង់ចាំ​រហូត​ថ្ងៃត្រង់​ពេលដែល​ប្អូន​បាន​លុយ​ពី​លក់​ចេកស្ងោរ ​ទើប​ទៅ​ទិញ​អង្ករ​យក​មក​ដាំ​ ហើយ​ម្ហូប​វិញ ​គឺ​ភាគច្រើន​ប្រហុក ​និង​ពេលខ្លះ​ប្អូន​ហូប​ជាមួយ​អំបិល​។​

ក្មេង​ស្រី​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា​ ក្មួយ​ស្រី​ដើរ​លក់​ចេកស្ងោរ​នៅពេល​ព្រឹក​ ហើយ​ពេល​ថ្ងៃត្រង់ ​ក្មួយ​ទៅ​រៀន​នៅ​សាលា​បឋមសិក្សា​ច្បារអំពៅ​ទី​១​ ដោយ​ពុំ​មាន​លុយ​សម្រាប់​បង់ថ្លៃ​រៀន​គួរ​ក្រៅ​ម៉ោង​ឡើយ​។​ ហើយ​មិនដឹងថា​ក្មួយ​ស្រី​រៀន​ត្រឹម​ថ្នាក់​ទី​ប៉ុន្មាន​នោះ​ទេ ​ព្រោះ​ខ្លាចក្រែង​រកលុយ​មិនបាន​សម្រាប់​ផ្ដល់​ទៅ​ម្ដាយ ​ព្រោះ​គាត់​មាន​ជំងឺ​ផង​។

​ក្មួយ​ស្រី​ចង់បាន​កង់​សម្រាប់​ជិះ​ទៅ​ទិញ​ចេក​យកមក​លក់ ​និង​ជិះ​ដឹក​លក់​បាន​ឆ្ងាយ​បន្តិច ​ព្រោះ​សព្វ​ថ្ងៃ​ អ្នកភូមិ​គាត់​ជួយ​ទិញ​ដើម្បី​ឲ្យ​ក្មួយ​បាន​លុយ​យកទៅ​ទិញ​អង្ករ​ហូប​។ ​ប៉ុន្តែ​ខ្លាចក្រែង​ពួកគាត់​លែង​ចង់​ពិសា ​តើ​ក្មួយ​ស្រី​សង្ឃឹម​ទៅលើ​មុខរបរ​អ្វី​ទៀត​៕