ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួង​ អប់រំ​ណែនាំ​ឲ្យ​គ្រប់​មន្ទីរអប់រំ​ និង​គ្រឹះស្ថានសិក្សា​ទាំងអស់ ​វាយគង ​ទូង​ស្គរ ដើម្បី​អបអរ​ការ​ដាក់ «​ល្ខោនខោល​» ជា​សម្បត្តិ​បេតិកភណ្ឌ​

ភ្នំពេញ ៖ លោក​បណ្ឌិត​សភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ណែនាំ​ឲ្យ​គ្រប់​មន្ទីរអប់រំ សាកលវិទ្យាល័យ វិទ្យាស្ថាន និង​គ្រឹះស្ថានសិក្សា​ទាំងអស់ ចូលរួម​វាយគង ទូងស្គ ទះ​ប៉ោត គោះ​ត្រដោក និង​ប្រើ​មធ្យោបាយ​ផ្សេងៗ នៅ​ម៉ោង​១០​យប់ ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ចំពោះ​ការដាក់ «​ល្ខោនខោល​» ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​សម្បត្តិ វប្បធម៌​អរូបី នៃ​មនុស្សជាតិ​។​

នៅក្នុង​លិខិត​ចុះ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​ផ្ញើ​ទៅកាន់​សកលវិទ្យាធិការ និង​វិទ្យាស្ថាន និង​លោក​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​-​ខេត្ត លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ គឺជា​ទិវា​ប្រវត្តិសាស្ត្រ​ថ្មីៗ​មួយទៀត​របស់​ប្រជាជាតិ​ទាំងមូល​ដោយ​អង្គការ​យូណេស្កូ​បានសម្រេច​ដាក់ចូល ​«​ល្ខោនខោល​» ដែលជា​ស្នាដៃ​សិល្បៈ​បុរាណ​ដ៏​វិសេសវិសាល​អស្ចារ្យ​របស់​កម្ពុជា ទៅក្នុង​បញ្ជី បេតិកភណ្ឌ​ពិភពលោក អរូបី ​នៃ​មនុស្សជាតិ ក្នុង​ឱកាស​កិច្ចប្រជុំ​លើក​ទី​១៣ ក្នុង​ទីក្រុង​ព័រ​ល្វី​ស នៃ​សាធារណរដ្ឋ​ម៉ូ​រី​ស​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​«​ដើម្បី​អបអរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ ​ខ្ញុំ​សូម​ណែនាំ​គ្រប់​មន្ទីរអប់រំ សាកលវិទ្យាល័យ វិទ្យាស្ថាន និង​គ្រឹះស្ថានសិក្សា​ទាំងអស់ ចូលរួម​វាយគង ទូងស្គ ទះ​ប៉ោត គោះ​ត្រដោក និង​ប្រើ​មធ្យោបាយ​ផ្សេងៗ​ ដែល​ខ្លួន​មាននៅ​ម៉ោង​១០​យប់ ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨»​។​

សម្ដេច​ តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​មានប្រសាសន៍ថា ការដាក់បញ្ចូល «​ល្ខោនខោល​» ទៅក្នុង​បញ្ជី​អរូបី នៃ​មនុស្សជាតិ​នាពេលនេះ គឺជា​ការរួមចំណែក​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ របស់​ព្រះរាជាណាចក្រ​កម្ពុជា កាន់តែ​ល្បី​សុះសាយ​ទូទាំង​ពិភពលោក ហើយ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​តួអង្គ​កាន់តែ​លេចធ្លោ​ថែមទៀត នៅលើ​វេទិកា​បេតិកភណ្ឌ​ពិភពលោក​។​

សម្ដេច​តេ​ជោ ហ៊ុន សែន បានចាត់ទុក​សមិទ្ធផល​នេះ គឺជា​មោទនភាព​ថ្មី​មួយទៀត សម្រាប់​ប្រជា​ពលរដ្ឋ និង​ប្រទេស​កម្ពុជា ​និង​ជា​លទ្ធផល ​នៃ​កិច្ចប្រឹងប្រែង​ដ៏​យូរអង្វែង និង​ការ​ពុះពារ​យ៉ាង​សកម្មរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដឹកនាំ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា និង​ការ​គាំទ្រ​យ៉ាង​ផុលផុស​ពី​សិល្បករ អង្គការ សមាគម សង្គម​ស៊ីវិល ដែល​ធ្វើការ​ក្នុង​វិស័យ​សិល្បៈ​វប្បធម៌ និង​ការ​គាំទ្រ​លើក​ទឹក​ចិត្ត​ពី​មហាជន​ទូទៅ និង​ប្រជាជន​កម្ពុជា​ទាំងមូល​៕​