ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹទ្ធសភា​អាមេរិក​ឈានដល់​ការបញ្ចប់​ការគាំទ្រ​ចំពោះ​កងកម្លាំង​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ប្រទេស​យេ​មែន

កាលពី​ថ្ងៃ​ពុធ ព្រឹទ្ធសភា​អាមេរិក​បាន​ប្រកាន់​ជំហរ​រឹងមាំ​ប្រឆាំងនឹង​សេត​វិមាន​របស់លោក​ប្រធានាធិបតី Donald Trump ដោយ​ជំរុញ​វិធានការ​មួយ​ដែល​នឹង​បញ្ចប់​ការគាំទ្រ​ផ្នែក​យោធា​របស់​អាមេរិក​សម្រាប់​អន្តរាគមន៍​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ក្នុងប្រទេស​យេ​មែន​។​

សមាជិក​ព្រឹទ្ធសភា​បាន​បោះឆ្នោត​៦៣​ទល់នឹង​៣៧​សំឡេងគាំទ្រ​សំណើ​នេះ​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​លោក Mike Pompeo និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក Jim Mattis បាន​លើកទឹកចិត្ត​ពួកគេ​កុំ​ឲ្យ​បន្ថយ​ជំនួយ​របស់​អាមេរិក​ដ​ល់​យោធា​អារ៉ាប៊ីសាអ៊ូឌីត​ដោយ​លើក​ហេតុផល​ថា ការដកមកវិញ​នឹងធ្វើ​ឲ្យ​សង្គ្រាម​កាន់តែ​អាក្រក់​។​

ការបោះឆ្នោត​នេះ​គឺជា​រឿង​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ហើយ​បាន​គូសបញ្ជាក់​អំពី​បំណងប្រាថ្នា​ថ្មី​មួយ​នៅក្នុង​ព្រឹទ្ធសភា​ឲ្យ​រដ្ឋបាល​របស់លោក Trump ចាត់វិធានការ​តឹងរ៉ឹង​លើ​អា​រ៉ា​ប៊ី​សា​អូឌីត​។​

ក្រុមតំណាងរាស្ត្រ​មានការ​ខឹងសម្បា​ទៅនឹង​ប្រតិកម្ម​របស់លោក Trump ចំពោះ​ការសម្លាប់​អ្នកកាសែត​ប្រឆាំង​លោក Jamal Khashoggi ដែល​ត្រូវបាន​គេ​ផ្សារភ្ជាប់​ទៅនឹង​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដ​និង​ដោយសារតែ​វិបត្តិ​មនុស្សធម៌​កំពុង​កើនឡើង​ដោយសារ​សង្គ្រាម​នៅ​ប្រទេស​យេ​មែន​។​

សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យ​លោក Chris Murphy បាន​ប្រាប់ AFP ថា “​អារ៉ាប៊ីសាអ៊ូឌីត​បាន​ចាក​ចេញពី​គន្លង​ហើយ​។ នៅ​ឆ្នាំនេះ ពួកគេ​បានសម្លាប់​ជន​ស៊ីវិល​ច្រើនជាង​ឆ្នាំមុនៗ​នៅក្នុង​សង្គ្រាម​យេ​មែន​។ ពួកគេ​ពិតជា​បានធ្វើ​ឲ្យ​មាន​កំហុស​ជា​យុទ្ធសាស្ត្រ​ដ៏​ធំ​មួយ​ក្នុងការ​ចាប់ពង្រត់​និង​សម្លាប់​លោក Jamal Khashoggi​។ ដូច្នេះ​មានការ​ផ្លាស់ប្តូរ​ជាច្រើន​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ដែល​ធ្វើ​ឲ្យ​យើង​ឈានដល់​ចំណុច​នេះ​”​។​

ចំណែក​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​លោក Lindsey Graham បាន​និយាយថា លោក​បាន​ផ្លាស់ប្តូរ​សំឡេងគាំទ្រ​ចំពោះ​ដំណោះស្រាយ​នេះ​ពីព្រោះ​នាយក CIA គឺ​លោក Gina Haspel មិនបាន​ផ្តល់​សក្ខីកម្ម​និង​មិនអាច​ត្រូវបាន​គេ​សាកសួរ​អំពី​ថា​តើ រាជទាយាទ​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman បានដឹង​អំពី​ផែនការ​សម្លាប់​លោក Khashoggi ដែរ​ឬក៏​អត់​។​

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​ទទួលស្គាល់ថា អ្នកកាសែត Washington Post រូបនេះ​ដែលជា​អ្នករស់នៅ​សហរដ្ឋអាមេរិក​គឺ​ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ស្ថាន​កុងស៊ុល​ប្រចាំ​ក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ខែតុលា​។​

លោក Trump កាលពី​សប្តាហ៍​មុន​បាន​ហៅ​អារ៉ាប៊ីសាអ៊ូឌីត​ថា​ជា “​ដៃគូ​ខ្ជាប់ខ្ជួន​” ហើយ​បាន​និយាយថា វា​មិន​ច្បាស់​ទេ​ថា​តើ​ព្រះអង្គ Mohammed bin Salman បានដឹង​អំពី​ផែនការ​សម្លាប់​លោក Khashoggi ដែរ​ឬក៏​អត់​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114