ព័ត៍មានទាន់​ហេតុការណ៏
Search

សួង សាខា​រ៉ានី​ត ប្រកាស​រក្សា​ជំហរ ​នៅតែ​បន្ត​ដំណើរ​កម្សាន្ត​ទៅលេង​ទឹកដី​ ខេត្ត​ព្រះសីហនុ​

ភ្នំពេញ ​៖ តារា​សម្ដែង​ស្រី​ សម្ដី​ផ្អែម​ កញ្ញា សួង សាខា​រ៉ានី​ត ថ្មីៗ​នេះ​ បានប្រកាស​បង្ហាញ​ពី​ឆន្ទៈ​​ និង​ទឹកចិត្ត​របស់ខ្លួន ​ដែល​នៅតែ​បន្ត​ការស្រលាញ់​ទឹកដី​តំបន់​ទេសចរណ៍ ​ក្រុង​កំពង់សោម​។​

ម្យ៉ាងទៀត​ នាង​ក៏បាន​លើកឡើងថា ​ទឹកដី​ខេត្ត​ព្រះសីហនុ​ ប្រសិនបើ​មានការ​រៀបចំ​កែលំអ​ប្រព័ន្ធ​ផ្លូវ បំពាក់​ភ្លើង​ និង​មាន​សន្តិសុខ​ការពារ​តាម​ទីសាធារណៈ​ទៀត​ រឹតតែ​ល្អ​ខ្លាំងណាស់​។​

ការបញ្ចេញ​ទស្សនៈ​លើកឡើង​របស់​តារា ​សម្ដែង​ស្រី​ កញ្ញា សួង សាខា​រ៉ានី​ត នាពេលនេះ​ បានធ្វើ​ឡើង​ស្របពេល​ជាមួយគ្នា​ដែល​កន្លងមកនេះ​ តែងមាន​មតិ​របស់​មហា​ជន​ជាច្រើន​បានធ្វើការ​ចែក​រំលែក​សារ​រិះគន់​ និង​ត្អូញត្អែរ​បង្ហាញ​ពី​ផល​លំបាក​អំពី​បញ្ហា​ទីក្រុង​កំពង់សោម​សព្វថ្ងៃ​ ដែល​កំពុង​មាន​ជន​ជាតិចិន​ជាច្រើន​ បាន​ចូលមក​ស្នាក់នៅ​ បង្ក​ការលំបាក​សម្រាប់​ពលរដ្ឋ​ខ្មែរ​ ដែលមាន​បំណង​ទៅ​ដើរលេង​កម្សាន្ត​ ព្រោះតែ​តម្លៃ​ នៃ​ផ្ទះសំណាក់​សណ្ឋាគារ និង​ម្ហូប​អាហារ​ឡើងថ្លៃ​មួយ​គុណ​ជា​ពីរ​ឬ​បី​ឯណោះ​។​

បើ​ផ្អែក​តាម​សំណេរ​សរសេរ​រៀបរាប់​របស់​តារា​សម្ដែង ​ស្រី​ចង្កា​ស្រួច ​កញ្ញា សួង សាខា​រ៉ានី​ត បាន​លើក​ឡើង​ថា ​អត់​យល់​ ត្អូញ​ថា​ផ្ទះសំណាក់​ឡើងថ្លៃ​ពេក​ អត់​មាន​លទ្ធភាព​ដេក គេ​ដៀល​ថា​ ភ្លេច​កំណើត អត់​ដឹង​យក​អ្វី​មក​គិត។ ​ហេតុអ្វី​មិនឆាប់​រៀបចំ​ឲ្យ​ល្អ​ទៅ​?​ ជាពិសេស​ផ្លូវ​នឹង​តែម្ដង ​ខូច​ស្ទើរ​គ្រប់​ផ្លូវ ​កំពង់សោមតំបន់​ទេសចរណ៍​ល្អ​របស់​ប្រទេស​កម្ពុជា​….​។​

តារា​សម្ដែង​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ និង​ទទួល​បាន​ការ​គាំទ្រ​ កញ្ញា សួង សាខា​រ៉ានី​ត បាន​បន្ថែម​ទៀត​ថា ​បើសិន​ជា​អាច ធ្វើ​ផ្លូវ​ឲ្យ​ស្អាត ​បំពាក់​ភ្លើង​អម​តាម​គ្រប់​ផ្លូវ​ឲ្យ​ភ្លឺ ​និងមាន​សន្តិសុខ​ល្អ​បន្ថែម​ឲ្យ​ល្អ​ជាង​រាល់ថ្ងៃនេះ​ទៅ ​មិនដឹង​ជា​ល្អ​យ៉ាងណាទេ សម្រាប់​ខ្ញុំ​ថ្លៃ​បន្តិច​ ក៏​មិន​ថ្វី​ សំខាន់​ឲ្យ​តែ​ស្អាត​ សុវត្ថិភាព​ខ្ពស់​ ក៏​អាច​ទទួលយកបាន ខ្ញុំ​ជា​ខ្មែរ​មួយរូប ​ខ្ញុំ​មិន​ចោល​កំពង់សោម ​ខ្ញុំ​នៅតែ​ស្រលាញ់​ ខ្ញុំ​នៅតែ​ទៅលេង​កំពង់សោម​របស់ខ្ញុំ​។​

សូម​ជម្រាប​ថា​ តារា​សម្ដែង​ស្រី ​កញ្ញា សួង សាខា​រ៉ានី​ត បន្ទាប់ពី​ដាក់ខ្លួន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​ ឃើញថា ទីផ្សារ​សម្ដែង ​និង​ការ​គាំទ្រ​របស់​នាង ​ហាក់​កាន់​តែមាន​សន្ទុះ​ហក់​ឡើងជា​លំដាប់​។​ មិនតែប៉ុណ្ណោះ​ បច្ចុប្បន្ន​ តារា​ស្រី​រូបនេះ​ ក៏​រស់នៅក្នុង​ជីវភាព​ហ៊ឺហា ​មិន​ចាញ់​តារា​ប្រុស​-​ស្រី​រួម​ជំនាន់​ឯទៀត​ផង​ដែរ​៕