ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ថានទូត​ចិន​ អបអរសាទរ​ការ​ដាក់​បញ្ចូល​ល្ខោនខោល​របស់​កម្ពុជា ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​

ភ្នំពេញ​ ៖ ស្ថានទូត ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្ដែង​ការ​អបអរសាទរ ចំពោះ​ការ​ដាក់​បញ្ចូល​ល្ខោនខោល​របស់​កម្ពុជា ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ នៅ​ឯ​កិច្ចប្រជុំ​លើក​ទី​១៣ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល សម្រាប់​ការការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី នៅ​ទីក្រុង ព័រ​ល្វី​ស សាធារណរដ្ឋ​ម៉ូ​រី​ស កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នេះ​បើតាម​ការបញ្ជាក់​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានទូត​ចិន​។​

យោងតាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ បាន​បញ្ជាក់ថា “​ស្ថានទូត​ នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា សូម​ចូលរួម​សម្ដែង​ការ​អបអរសាទរ ចំពោះ​ល្ខោនខោល​របស់​កម្ពុជា ដែល​ត្រូវ​បាន​ដាក់បញ្ចូល​ជា​ផ្លូវការ ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​”​។​

សូម​បញ្ជាក់​ថា ល្ខោនខោល​ខ្មែរ ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌ អរូបី ​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ តាម​សេចក្ដី​សម្រេច Decision 13.COM.10.a.3 នៅ​ទីក្រុង ព័រ​ល្វី​ស សាធា​រ​ណរដ្ឋ​ម៉ូ​រី​ស កាលពី​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១៣ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី របស់​អង្គការ​យូណេស្កូ​។​

សេចក្ដីជូនដំណឹង​របស់​ក្រសួង​វប្បធម៌​បាន​បញ្ជាក់ថា ក្រោម​ការយកចិត្តទុកដាក់​របស់​រដ្ឋាភិបាល និង​ក្រសួង​វប្បធម៌ ដោយមាន​កិច្ចសហការ​គាំទ្រ​ពី​សិល្បករ​អង្គការ​សមាគម សង្គម​ស៊ីវិល ក្នុង​វិស័យ​សិល្បៈ​វប្បធម៌ និង​ការជួយ​គាំទ្រ​លើកទឹកចិត្ត​ពី​មហាជន ប្រជាជន និង​យុវជន ទើប​កម្ពុជា​ទទួល​បាន​នូវ​លទ្ធផល​ជោគជ័យ​ នៃ​ការ​ដាក់​បញ្ចូល​ល្ខោន​ខោល (​ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត​) នៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី ​នៃ​មនុស្សជាតិ​នាពេលនេះ​។​

កម្ពុជា ​បាន​បញ្ជូន​ឯកសារ​ទាក់ទង​ទៅនឹង​ល្ខោនខោល​ទៅ​អង្គការ​យូណេស្កូ​ កាលពី​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បានសម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្សជាតិ​កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​។

រហូតមកដល់​ពេលនេះ​ សម្បត្តិ​វប្បធម៌ របស់​កម្ពុជា ដែល​មាន​រួមមាន របាំ​ព្រះរាជ​ទ្រព្យ ល្ខោន​ស្រមោល​ស្បែក​ធំ ល្បែង​ទាញព្រ័ត្រ ចាប៉ីដងវែង និង​ចុងក្រោយ​បំផុត គឺ​ល្ខោនខោល ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្សជាតិ​។​

ល្ខោនខោល​ ជា​ទម្រង់​សិល្បៈ​ល្ខោន​រាំ​មួយ ដែលមាន​លក្ខណៈ​ខុសប្លែក​ពី​ទម្រង់​ល្ខោន​ដទៃ ព្រោះ​ទម្រង់​នេះ​ មាន​ចំណុច​ជាច្រើន​ដែល​មិន​ដូច​ទម្រង់​ឯទៀត​ដូចជា ល្ខោនខោល​ជា​ប្រភេទ​ល្ខោន​ប្រុស​គឺ​សិល្បករ​ទាំងអស់​ សូម្បីតែ​តួ​ស្រី​ក៏ដោយ ​ក៏​ត្រូវយក​សិល្បករ​ប្រុស​មក​សំដែង​ដែរ​,​ល្ខោនខោល ជា​ល្ខោន​ពាក់​មុខ​គ្រប់​តួអង្គ​ទាំងអស់​, ល្ខោនខោល​ជា​ល្ខោន​ពោល គឺ​តួ​ទាំងអស់​មិន​មាន​និយាយ ឬ​ច្រៀង​ដូច​ទម្រង់​ដទៃ​ទៀត​ឡើយ​។​

ជាមួយគ្នា​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ទៅដល់​គ្រប់​ក្រសួង ស្ថាប័ន ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ព្រមទាំង​អំពាវនាវ​ដល់​ជនរួមជាតិ​កម្ពុជា​គ្រប់រូប ឲ្យ​វាយ​គង ទូង​ស្គ ទះ​ប៉ោត គោះ​ត្រដោក ឬ​ធ្វើតាម​គ្រប់​មធ្យោបាយ ដែល​ខ្លួន​មាន នៅវេលា​ម៉ោង​១០​យប់ ថ្ងៃទី​៣០​វិច្ឆិកា នៅ​គ្រប់​ទីកន្លែង​សាធារណៈ សំខាន់ៗ​ទាំងអស់ ដើម្បី​អបអរសាទរ​ល្ខោនខោល​ដែល បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ​៕