ព័ត៍មានទាន់​ហេតុការណ៏
Search

បង្ក្រាប​ឈ្មួញ​ដឹក​គ្រឿងញៀន​ឆ្លងដែន ចាប់ខ្លួន​ប៉ូលិស​ឡាវ​២​នាក់ និង​ថ្នាំញៀន​១​គីឡូ

ព្រះវិហារ ៖ យ៉ាងហោចណាស់​មាន​ប៉ូលិស​ជនជាតិ​ឡាវ​២​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា​ កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៩ វិច្ឆិកា នៅ​ត្រង់​ចំណុច​ច្រក​ឆ្លងដែន​ចូល​មក​កម្ពុជា ត្រង់​ចំណុច​ភូមិ​កំពុង​ស្រឡៅ ឃុំ​កំពុង​ស្រឡៅ​១ ស្រុក​ឆែម ខេត្តព្រះវិហារ។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយ​យក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ប្រើប្រាស់​កម្លាំង​ជំនាញ ដែល​ដឹកនាំ​ដោយ​លោក ឃឹ​ង សារ៉ាត់ និង​មានការ​ចូលរួម ពី​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ទើប​បង្ក្រាប​លើ​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​មួយ​នេះ​ទទួល​បាន​ជោគជ័យ។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ ឲ្យ​ដឹង​ថា លទ្ធផល​ដែល​សមត្ថកិច្ច​លោក​បង្ក្រាប​បាន ១​គឺ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ម្នាក់​ឈ្មោះ សុខ ថាវ​ង្ស ភេទ​ប្រុស អាយុ៤៤​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​ជា​ប៉ូលិស​អន្តោប្រវេសន៍ ក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ និង ម្នាក់​ឈ្មោះ ម៉ាន់ គី​តា ភេទ​ប្រុស អាយុ៤៦ឆ្នាំ មុខរបរ​ជា​ប្រជាជន​ឡាវ។

ក្នុង​នោះ​សមត្ថកិច្ច​ចាប់​យក​វត្ថុ​តាង​រួមមាន​សារធាតុ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(ICE)​ប្រមាណ​១​គីឡូក្រាម។ ជនសង្ស័យ និង វត្ថុ​តាង​សម​ត្ថ​កិច្ច​កំពុង​សាកសួរ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​តាម​នីតិវិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114