ព័ត៍មានទាន់​ហេតុការណ៏
Search

បាត់​ខ្លួន​ប្រហែល ៣ ខែ ពេល​ប្រទះឃើញ សល់​តែ​គ្រោងឆ្អឹង

បាត់ដំបង ៖ គ្រោងឆ្អឹង​មនុស្ស​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​នៅ​រាយប៉ាយ​ក្នុង​វាល​ស្បូវ ដែល​គេ​សង្ស័យថា​ជា​ឆ្អឹង​របស់​បុរស​ទុរគត​ជន​ម្នាក់ ដោយ​ប្រជាពលរដ្ឋ បាន​ជួប​កាលពី​ប្រមាណ ៣ ខែ កន្លងទៅ បន្ទាប់ពីនោះ​ក៏បាន​បាត់​ខ្លួន​រហូត​តែម្តង។​

ការភ្ញាក់ផ្អើល​នេះ គឺ នៅ​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៥ និង ៣០ នាទី​ល្ងាច នៅ​ចំណុច​ជើងភ្នំ​ដាន​ខ្ទីង ស្ថិតនៅ​ក្នុងភូមិ​ទួល​ខ្ពស់ ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ដោយសារ​តែមាន​ពលរដ្ឋ​ម្នាក់ ឈ្មោះ គី គា ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ដើររក​ឃ្មុំ​ក៏បាន​ប្រទះឃើញ​គ្រោង​នេះ​តែម្តង។​

យោងតាម​ការបំភ្លឺ​រប​ស់​ប្រជាពលរដ្ឋ​ឈ្មោះ គង់ គា​ម ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ទួល​ខ្ពស់ បាន បញ្ជាក់ថា កាលពី​រយៈពេល​ប្រហែល ៣ ខែ​កន្លងទៅ ខ្លួន​បានមក​រោង​ចាំចំការ នៅ​ចំណុច​ខាងលើ ពីរ​នាក់​ប្រពន្ធ​ ស្រាប់តែ​ឃើញ​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ អាយុ​ប្រហែល​៥០​ឆ្នាំ កម្ពស់​ប្រហែល ១,៦០ ម៉ែត្រ សក់ ស្លូត សម្បុរ​ស្រអែម គ្មាន​អាវ​មានតែ​ខោខ្លី ស្ថិតក្នុង សភាព​ស្គមស្គាំង​ឃើញតែ​ឆ្អឹង​មក​អង្គុយ​ក្រោម​ដើម​អំពិល​ក្រោយ​រោង​ចំការ​ខ្លួន។​

បុរស​រូប​នេះ​បាន​បន្ត​ថា នៅ​ពេល​នោះ​ខ្លួន ​និង​ប្រពន្ធ​បាន​ហៅ​គាត់​ហូបបាយ​តែ​គាត់​មិន​មាត់ ដាក់​បាយ​អោយ​ហូប​ក៏​គាត់​មិន​ហូប​ឡើយ ពេលនោះ​ខ្លួន​និង​ប្រពន្ធ​ក៏បាន​ចេញទៅ​ចំការ​បាត់ទៅ លុះ​ម៉ោង​ប្រហែល​៣ រសៀល ខ្លួន​ក៏បាន​មកពី​ចំការ​វិញ​ស្រាប់តែ​បាត់​គាត់​មិនដឹង​ជ​ទៅ​ទីណា​នោះទេ តែ​បាយ​និង​ទឹក​ដែល​ខ្លួន​បានដាក់​អោយ​ហូប គឺ​នៅ​ដដែល​មិនឃើញ​គាត់​ហូប​ឡើយ​។ ពេលនោះ​ខ្លួន​និង​ប្រពន្ធ​ក៏​ជិះ​ម៉ូតូ​ចេញពី​ចំការ​ទៅផ្ទះ​វិញ ជាធម្មតា។ លុះ​ពេលឮ ដំណឹង​ថា​មាន​គេ​ឃើញ​គ្រោងឆ្អឹង​សព​នៅ​ខាងលិច​រោង​ចំការ​ខ្លួន​ប្រហែល​២៥០​ម៉ែត្រ ទើប​ចេញមក​មើល ឃើញ​ខោខ្លី​សព ទើប​ខ្លួន​បាន​ស្គាល់​ថា​ពិតជា​ជនអនាថា​ម្នាក់​នោះ​មែន។​

​ក្រោយពី​សមត្ថកិច្ច​បាន​ពិនិត្យ​រួច ទើប បាន​សន្និដ្ឋាន ថា​ជនរងគ្រោះ​អាច​ដាច់បាយ​ច្រើន​ថ្ងៃ ក៏​កើតជា​ខ្យល់ គរ ស្លាប់​តែម្តង បច្ចុប្បន្ន​សព​ត្រូវបាន​ប្រគល់​សព​ទៅអោយ អាចារ្យ​នៅ​វត្ត​គិរី​រម្យ​សន្តិភាព​យកទៅ​បូជា តាម​ប្រពៃណី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114