ព័ត៍មានទាន់​ហេតុការណ៏
Search

មា​ជ សុខ​រ៉ា និង Keng Kat តើន​រណា​ជា​ម្ចាស់​ខ្សែក្រវាត់ ​Wurkz?

•​សៀវ ង៉ុ​យ ជួប Pep Sy
​ប្រដាល់ ៖ ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​Wurkz​ ទម្ងន់​៦៧​គីឡូក្រាម នៅ​សង្វៀន​SEATV បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ នា​ល្ងាច​ថ្ងៃអាទិត្យ​ ទី​០២ ខែ​ធ្នូ​ ឆ្នាំ​២០១៨​នេះ រវាង​ មា​ជ សុខ​រ៉ា អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ និង អ្នក​ប្រដាល់​ថៃ​Keng Kat។​

មា​ជ សុខ​រ៉ា និង Keng Kat ពួកគេ​ពីរ​នាក់​នេះ ត្រូវបាន​ក្រុមអ្នកវិភាគ​កីឡាប្រដាល់​ក្នុងស្រុក​រំពឹងទុក​ថា Keng Kat​ នឹង​ក្លាយ​ជា​ម្ចាស់​ជើងឯក​ខ្សែ​Wurkz ទម្ងន់​៦៧ គ​.​ក្រ នេះ ព្រោះថា ​Keng Kat ធ្លាប់​ផ្ដួល​មា​ជ សុខ​រ៉ា ​នេះ ​ក្នុង​ទឹក​ទី​២ ម្ដង​រួចទៅហើយ នៅ​ក្នុង​ការ​ជួបគ្នា​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​នោះ។

ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​កន្លងមក មា​ជ សុខ​រ៉ា ដែលមាន​៤​ប្រកួត​នោះ គេ​វាយ​ឈ្នះ​ថៃ​២​ប្រកួត​និង​ចាញ់​២​ប្រកួត គឺ​បាន​៨​ពិន្ទុ។ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ​រូបនេះ មាន​កំណត់​ត្រា​ប្រកួត​៦៤​លើក ឈ្នះ​៥៤​លើក ចាញ់​០៩​លើក និង​ស្មើ​០១​លើក។

ចំពោះ Keng Kat វិញ គេ​មាន​ស្នៀត​គុន​ល្អ និង​វាយ​ខ្លាំង ហើយ​បើ​ធៀប​ជាមួយ​ មា​ជ សុខ​រ៉ា នោះ ឃើញ​ថា ​Keng Kat គេ​លើ ​មា​ជ ​សុខ​រ៉ា។

ក្នុងការ​ប្រកួត​ជម្រុះ​៤​លើក​នោះ Keng Kat វាយ​ឈ្នះ​ទាំង​៤​ប្រកួត មាន​១២​ពិន្ទុ។ Keng Kat គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០៧​លើក ឈ្នះ​៩៤​លើក ចាញ់​១២​លើក និង​ស្មើ០១​លើក។

ប៉ុន្តែ​យ៉ាងណា Keng Kat មិន​ប្រាកដថា​ឈ្នះ ​មា​ជ សុខ​រ៉ា នោះទេ ព្រោះថា ​ការដែល​បាន​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ ពួកគេ​ទាំងពីរ​គឺ​មិនធម្មតា​នោះឡើយ។​ ដូច្នេះ ចាំមើល​រវាង​ មា​ជ សុខ​រ៉ា និង Keng Kat តើន​រណា ​នឹង​ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​Wurkz​ ទម្ងន់​៦៧​គីឡូក្រាម​នេះ?។

ចំពោះ​គូ​ដែល​ប្រកួត​អម​គូ​ខ្សែក្រវាត់​នេះ ជាការ​ប្រកួត​លក្ខណៈ​អន្តរជាតិ ដែល​ក្នុង​នោះ ​សៀវ ង៉ុ​យ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ នឹង​ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Pep Sy ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គ​.​ក្រ។

អ្នក​ប្រដាល់​ថៃ ដែល​ យុគ ​យក្ស​ផ្លែ ត្រូវ​តស៊ូ​ជាមួយ​នោះ ជា​ជើង​ខ្លាំង​មួយរូប​នៅ​ស្រុកថៃ។ Pep Sy គេ​មាន​ជំនាញ​ប៉ិនប្រសប់​ក្នុងការ​ប្រើ​កណ្ដាប់ដៃ ទាត់​ និង​ជង្គង់។

គេ​មាន​ប្រវត្តិ​ប្រកួត​៥៨​លើក ដោយ​វាយ​ឈ្នះ​៥២​លើក និង​ចាញ់​០៦​លើក មិនដែល​ស្មើ ខណៈ​ដែល​សៀវ ង៉ុ​យ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៥​លើក ឈ្នះ​៨០​លើក ចាញ់​១១​លើក និង ស្មើ​០៤​លើក។​

Pep Sy គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប៉ុន្មាន​ដង​ហើយ​កន្លងមក។ សម្រាប់​ការ​មក​ប្រកួត​លើក​នេះ មិន​ដឹង​ថា Pep Sy អាច​យកឈ្នះ​ សៀវ ង៉ុ​យ បាន ​ឬក៏​អត់​នោះ​ទេ​? ព្រោះ​ សៀវ ង៉ុ​យ គេ​មាន​តែម​ត្រង់​មាន​ផ្លែ​ជង្គង់​ និង​កណ្ដាប់ដៃ​ល្អ​ជាង Pep Sy។

ទោះជា​យ៉ាងណា ការ​ឈ្នះ​ចាញ់​រវាង​ សៀវ ង៉ុ​យ និង Pep Sy នេះ ពុំ​មាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះ​ទេ សម្រាប់​ការជួបគ្នា​លើកដំបូង​នេះ។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ចេង គា អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ៍​សែន​ជ័យ ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ ហេង វាសនា អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្ត​បាត់ដំបង។ ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ទម្ងន់​៦៣.៥០០​គីឡូក្រាម។ ហើយ​ ចំណែក​ គឹម សុខ​ហេង ​អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ ​សល់ ស្រស់ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម៕